សម្ដេច ស ខេង ឧបត្ថម្ភអំណោយដល់កងកម្លាំងយោធាក្នុងខេត្តបាត់ដំបង


កាលពីថ្ងៃសៅរ៍ សម្ដេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ស្បៀងអាហារ និងសម្ភារឧបត្ថម្ភដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងទី៥។


កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ការផ្តល់ជំនួយនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាពរបស់យុទ្ធជននៅខ្សែបន្ទាត់ជួរមុខ និងគាំទ្រដល់សកម្មភាពមនុស្សធម៌សម្រាប់សហគមន៍តាមបណ្តោយព្រំដែន។


លោកអភិបាល សុខ លូ បានជម្រាបជូនអង្គពិធីអំពីស្ថានភាពសន្តិសុខ និងការងារមនុស្សធម៌ក្នុងមូលដ្ឋាន ព្រមទាំងបានថ្លែងអំណរគុណដល់សម្ដេច ស ខេង ចំពោះការគាំទ្រជាប់មិនដាច់ដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារភាពតានតឹងតាមព្រំដែននាពេលកន្លងមក។


ក្នុងឱកាសនោះ សម្ដេច ស ខេង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយបានថ្លែងអំណរគុណដល់កងកម្លាំងយោធា ចំពោះការលះបង់ក្នុងការការពារអធិបតេយ្យភាពជាតិ។ សម្ដេចក៏បានសម្តែងការកោតសរសើរចំពោះសប្បុរសជនដែលបានចូលរួមចំណែកក្នុងកិច្ចការសង្គ្រោះជាបន្តបន្ទាប់ សម្រាប់ទាំងកងទ័ព និងសហគមន៍ក្នុងមូលដ្ឋានផងដែរ។

Sar Kheng Delivers Aid to Military Units in Battambang

Sar Kheng, a member of the Supreme Privy Council to the King and a lawmaker for Battambang, on Saturday presided over a ceremony to provide food and logistical support to the 4th and 5th Military Region Commands.


The event was held at the Battambang Provincial Hall and attended by Provincial Governor Sok Lou. The aid delivery aims to improve the welfare of frontline soldiers and support humanitarian assistance for communities along the border.


Governor Sok Lou briefed attendees on the local security and humanitarian situation, praising Sar Kheng for his continued support for soldiers and civilians affected by past border tensions.


Speaking at the ceremony, Sar Kheng conveyed greetings from Senate President Hun Sen and Prime Minister Hun Manet, and thanked military personnel for their dedication in protecting national sovereignty. He also expressed appreciation to private donors who have contributed to ongoing relief efforts for both soldiers and local communities.

Comments