"ស្មោះត្រង់"
ទំនាក់ទំនងត្រូវស្មោះត្រង់ ព្រោះអ្វីដែលអ្នកឲ្យចេញទៅកាន់អ្នកដទៃ អ្នកនឹង ទទួលបានទង្វើនោះត្រឡប់មកវិញ ។
កើតមកជាមនុស្សគួរតែមានភាពស្មោះត្រង់ ពេលណាអ្នកបាត់ភាពស្មោះត្រង់ក្នុងខ្លួន អ្នកក៏បាត់ទំនុកចិត្តលើខ្លួនឯងដូចគ្នា ។
មនុស្សដែលស្រលាញ់អ្នក តែងតែមានចិត្តបរិសុទ្ធ សម្រាប់អ្នក ដូច្នេះ កុំធ្វើឲ្យគេឈឺចាប់ ដោយភាពមិនស្មោះត្រង់របស់អ្នក ។
ពេលអ្នកនិយាយស្តីជាមួយអ្នកដទៃ ត្រូវស្មោះត្រង់ចំពោះពាក្យសម្តីដែលខ្លួនឯងបាននិយាយចេញទៅប្រាប់គេ បែបនេះ ទើបចិត្តអ្នកមិនច្របូកច្របល់ មិនស្មុគស្មាញ ខ្លាចគេដឹងការពិត នូវអ្វីដែលអ្នកពោលពាក្យកុហក ។
កុំបោកប្រាស់មនុស្សដែលជឿជាក់លើអ្នក ព្រោះថ្ងៃណាមួយពេលគេចេញឆ្ងាយពីអ្នក អ្នកនឹង ស្តាយក្រោយខ្លាំងបំផុត ។
ធ្វើការងារអ្វីក៏ដោយត្រូវដាក់ចិត្តធ្វើដោយភាពស្មោះត្រង់ ថ្ងៃនេះអ្នកអាចមិនទទួលបានប្រយោជន៍ពីការងារនេះ តែមិនប្រាកដថា ថ្ងៃស្អែកអ្នកមិនទទួលបានផលប្រយោជន៍នោះឡើយ ។
ចេះថែរក្សាមនុស្សដែលយល់ពីអ្នក មិនត្រូវបោះបង់គេចោលឡើយ ។ ព្រោះមនុស្សដែលអាចយល់ពីអ្នក មានន័យថា គេតែងតែសង្កេតពីអ្នកគ្រប់បែបយ៉ាង បានជាគេអាចយល់ពីអ្នកជាងអ្នកយល់ពីខ្លួនឯង ។
មនុស្សដែលជួយអ្នកតិចក្តីច្រើនក្តីនៅពេលអ្នកលំបាក មិនត្រូវបំភ្លេចទង្វើល្អរបស់គេទេ ។



