#ស្នេហ៍ដែលខ្ញុំចង់បាន!
កាលខ្ញុំនៅក្មេង ខ្ញុំគិតថាស្នេហាគឺដូចជាភាពយន្ត ឬ ប្រលោមលោកដែលមានបុរសមុខមាត់ដ៏ស្រស់ស្អាតសង្ហា មានគ្រាដ៏ល្អឥតខ្ចោះនៅក្នុងជីវិត និង ជារឿងដែលតែងតែបញ្ចប់ដោយភាពរីករាយដែលមិនធ្លាប់មាន។
ខ្ញុំស្រមៃថាខ្លួនឯងជានារីម្នាក់! ដែលបានទទួលភាពកក់ក្ដៅ ការលើកតម្កើង និង មានស្នេហាដែលរ៉ូមែនទិកដូចក្នុងរឿងនិទានស្នេហ៍ដែលខ្ញុំតែងអាន។
ប៉ុន្តែពេលខ្ញុំធំឡើង ខ្ញុំបានដឹងថាស្នេហាមិនមែនសំដៅលើភាពល្អឥតខ្ចោះនោះទេ។
អ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺសន្តិភាព ភាពស្មោះត្រង់រវាងគ្នា និង គ្នា ការមិនចោលគ្នាក្នុងគ្រាលំបាក ឬ មិនបោះបង់គ្នានៅពេលភាគីម្ខាងទៀតកំពុងត្រូវការយើងបំផុត!
ខ្ញុំមិនត្រូវការនរណាម្នាក់ដែលមើលទៅឥតខ្ចោះ! រកកន្លែងទាស់គ្មាននោះទេ។តែខ្ញុំត្រូវការអ្នកដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាកំពុងនៅផ្ទះ។
អ្នកដែលនាំមកនូវភាពស្ងប់ស្ងាត់ក្នុងភាពវឹកវរ និង ផ្ដល់ថាមពលមកឱ្យខ្ញុំនៅពេលខ្ញុំខ្សោយ។
សេចក្តីស្រលាញ់ដែលខ្ញុំចង់បាន គឺជាសេចក្តីស្រលាញ់ដែលជួយខ្ញុំឱ្យកាន់តែប្រសើរឡើង។ ជាបុរសម្នាក់ដែលជំរុញខ្ញុំឱ្យធំធាត់ និង រីកលូតលាស់។ជាអ្នកដែលអាចរស់នៅក្នុងជីវិតដ៏រញ៉េរញ៉ៃរបស់ខ្ញុំបាន។ ហើយជាម្នាក់ដែលតែងលើកត្រកងខ្ញុំឡើងនៅពេលខ្ញុំដួល។
ហើយវាជាស្នេហាដែលបង្រៀនខ្ញុំនូវមេរៀន និង ដើរជាមួយខ្ញុំមិនថារយៈចម្ងាយខ្លី ឬ វែង។
ស្នេហាដែលខ្ញុំចង់បាន វាលែងមើលទៅដូចជាភាគនិទានស្នេហ៍ដ៏ផ្អែមល្ហែមទៀតហើយ។តែវានិយាយពីការកសាងជីវិតពិតជាមួយគ្នា កាន់ដៃគ្នានៅលើដងផ្លូវដ៏វែងអន្លាយ បង្កើតគ្រួសារ រីកចម្រើនតាមរយៈការតស៊ូ និង ជ្រើសរើសគ្នា ការពារគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។
នោះហើយជាសេចក្ដីស្រលាញ់ដែលខ្ញុំចង់បាន និង គួរឱ្យរង់ចាំ។

