មនុស្សសត្វរៃ និង មនុស្សសត្វឃ្មុំ

D
dara1987

មនុស្សសត្វរៃ និង មនុស្សសត្វឃ្មុំ


១. មនុស្ស "សត្វរៃ"

មនុស្សសត្វរៃ មិនគិតគូរវែងឆ្ងាយ និងមិនខ្វល់ពីអនាគត ដូចសត្វរៃដែលច្រៀងនៅរដូវក្តៅ ហើយស្លាប់ឬអត់អាហារនៅរដូវរងា។ មនុស្សប្រភេទនេះរស់នៅមួយថ្ងៃសម្រាប់តែមួយថ្ងៃ មិនចេះសន្សំសំចៃ មិនមានផែនការជីវិតច្បាស់លាស់ និងមិនបានត្រៀមខ្លួនសម្រាប់ហានិភ័យដែលអាចកើតឡើងនៅថ្ងៃមុខ

- មនុស្សសត្វរៃ ចំណាយពេលវេលា និងថវិកាទៅលើតែការសប្បាយហ៊ឺហារ ផឹកស៊ី ឬរត់តាមសម្ភារៈនិយមហួសហេតុ ដោយមិនគិតពីចំណូលរបស់ខ្លួន ពួកគេឱ្យតម្លៃទៅលើ "ភាពសប្បាយមួយពេល" ជាធំ ជាង "តម្លៃនៃជីវិតពិតប្រាកដ"

- មនុស្សសត្វរៃ មិនអភិវឌ្ឍខ្លួន និងមិនគិតរឿងប្រទេសជាតិ នេះជាចំណុចគ្រោះថ្នាក់បំផុត មនុស្សប្រភេទសត្វរៃ តែងតែព្រងើយកន្តើយនឹងបញ្ហាសង្គម ពួកគេមិនខ្វល់ថាប្រទេសជាតិរីកចម្រើន ឬជួបបញ្ហាអ្វីឡើយ ឱ្យតែខ្លួនឯងបានសុខ និងសប្បាយចិត្ត។ ពួកគេខ្វះឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗ ដែលធ្វើឱ្យសមត្ថភាពរបស់ពួកគេ (និងជាតិនៃប្រទេសនោះ) ដើរថយក្រោយ ឬនៅទ្រឹង

- មនុស្សសត្វរៃ ជាអ្នករិះគន់ តែមិនមែនជាអ្នកកសាង ពួកគេពូកែ "ស្រែក" (ដូចសត្វរៃ) ក្នុងការរិះគន់សង្គម ឬរិះគន់អ្នកដទៃ ប៉ុន្តែខ្លួនឯងមិនដែលចូលរួមធ្វើសកម្មភាពវិជ្ជមានណាមួយឡើយ។ ពួកគេទាមទារសិទ្ធិគ្រប់បែបយ៉ាង ប៉ុន្តែមិនបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

- មនុស្សសត្វរៃ ហៃអើតាមគ្នា គេនិយាយអី ក៏គិតតាមគេអញ្ចឹងដែរ ចូលចិត្តហៃអើទ្រពងតាមគេដែរ គ្មានម្ចាស់ការលើខ្លួនឯង

- មនុស្សសត្វរៃ ពឹងផ្អែកលើអ្នកដទៃ តែមិនពឹងផ្អែកលើសមត្ថភាពខ្លួនឯង

- មនុស្សសត្វរៃ ចូលចិត្តបន់ស្រន់ ពេលឈឺចាប់ចូលចិត្តដាក់ទំនាយគេ ជេគេ ពេលសប្បាយបន្ដិចបន្ដួចភ្លេចខ្លួនបាត់

- មនុស្សសត្វរៃ មិនព្រមអភិវឌ្ឍខ្លួនទៅមុខ មិនកែឆ្នៃថ្មីៗឱ្យល្អ ចូលចិត្តអភិរក្សរបស់ចាស់ គិតថយក្រោយ

- មនុស្សសត្វរៃ និយាយច្រើន ជាងធ្វើ

- មនុស្សសត្វរៃ ពហិការមួយឆាវៗ ប្រើប្រាស់ផលិតផលតែរបស់គេ មិនគាំទ្រផលិតផលរបស់ខ្លួន មិនលើកទឹកចិត្តគ្នាឯង


២. មនុស្ស "សត្វឃ្មុំ"

ឃ្មុំមួយក្បាលមិនអាចរស់បានយូរទេ ប៉ុន្តែឃ្មុំមួយសំបុកអាចបង្កើតអាណាចក្របាន ឃ្មុំធ្វើការមិនមែនដើម្បីឆ្អែតតែខ្លួនឯងទេ តែដើម្បីសំបុកទាំងមូល។ ក្នុងសង្គមជាតិ នេះមានន័យថា ពលរដ្ឋម្នាក់ៗត្រូវចេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួនខ្លះ ដើម្បីប្រយោជន៍ជាតិ។ ការមិនកេងប្រវ័ញ្ចជាតិ និងការគោរពច្បាប់រួម គឺជាការចាប់ផ្តើមនៃសាមគ្គីភាព។

សង្គមមួយរីកចម្រើនបាន លុះត្រាតែអ្នកដឹកនាំចេះដឹកនាំ មន្ត្រីចេះបម្រើ ហើយរាស្ត្រចេះចូលរួម និងគោរពច្បាប់ មិនពុករលួយ។

- មនុស្សសត្វឃ្មុំ គិតតែរឿងល្អ ធ្វើតែរឿងល្អ សម្ដីផ្អែម (សីលធម៌ និងគុណធម៌)

- មនុស្សសត្វឃ្មុំ សាមគ្គីភាព ផលិតភាព និងស្នេហាជាតិ

- មនុស្សសត្វឃ្មុំ តម្កល់ប្រយោជន៍រួមជាធំ មិនអាត្មានិយម

- មនុស្សសត្វឃ្មុំ រស់នៅសហការគ្នា និងសាមគ្គីភាព

- មនុស្សសត្វឃ្មុំ មិនរស់នៅតែឯង តែធ្វើការជាក្រុមយ៉ាងមានវិន័យ

- មនុស្សសត្វឃ្មុំ លុបបំបាត់ចរិត "តួឯក" ឬការបែកបាក់គ្នា

- មនុស្សសត្វឃ្មុំ ចេះជ្រើសរើសយកតែចំណេះដឹងល្អៗ មកអភិវឌ្ឍខ្លួន ចេះនិយាយស្តីពីរោះមានហេតុផល និងចេះជួយយកអាសាគ្នា

- មនុស្សសត្វឃ្មុំ ពួកគេមិនបង្កើតពិស គឺ ពាក្យញុះញង់ បន្ទោសគ្នា ស្អប់គ្នាឡើយ

- មនុស្សសត្វឃ្មុំ ជាពលរដ្ឋគំរូ គឺត្រូវខិតខំធ្វើការងារ បង្កើតស្នាដៃ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ មិនមែនចាំតែរិះគន់ ឬទាមទារតែម្យ៉ាងនោះទេ

- មនុស្សសត្វឃ្មុំ មានចរិតស្លូតបូត សុភាពរាបសារ ប៉ុន្តែមិន "ទន់ជ្រាយ" ឡើយ នៅពេលមានសត្រូវបរទេស ឬគ្រោះថ្នាក់ណាមួយមកបៀតបៀនជាតិមាតុភូមិ ចេះក្រោកឈរតស៊ូការពារទឹកដី ការពារអធិបតេយ្យភាព ដូចឃ្មុំដែលហ៊ានលះបង់ជីវិតដើម្បីការពារសំបុករបស់វា

- មនុស្សសត្វឃ្មុំ ប្រើ "ទ្រនិចពិស" គឺ សមត្ថភាព ចំណេះដឹង និងស្មារតីស្នេហាជាតិ ដែលធ្វើឱ្យបរទេសកោតក្រែង មិនហ៊ានមើលងាយ

- មនុស្សសត្វឃ្មុំ ពហិការដោយឆ្លាតវៃ ពង្រឹងផលិតផលរបស់ខ្លួន គាំទ្រលើកស្ទួយរបស់ជាតិ


🔸គ្រោះថ្នាក់ដល់ជាតិ

ប្រទេសមួយដែលសម្បូរដោយ "មនុស្សសត្វរៃ" នឹងក្លាយជាប្រទេសដែលទន់ខ្សោយ

- សេដ្ឋកិច្ចខ្សោយ (ព្រោះពលរដ្ឋចាយច្រើនជាងរក)

- ធនធានមនុស្សខ្សោយ (ព្រោះពលរដ្ឋមិនរៀនសូត្រ)

- ងាយរងគ្រោះ (ព្រោះពលរដ្ឋគ្មានស្មារតីការពារជាតិ គិតតែពីសុខខ្លួនឯង)

ប្រសិនបើសង្គមមួយពោរពេញទៅដោយមនុស្សដែលប្រកាន់ចរិត "សត្វរៃ" សង្គមនោះនឹងពោរពេញដោយភាពអសកម្ម ភាពក្រីក្រ និងងាយនឹងដួលរលំ។ ផ្ទុយទៅវិញ ប្រសិនបើយើងប្រកាន់យកចរិត "សត្វឃ្មុំ" កម្ពុជានឹងក្លាយជាប្រទេសដែលមានសាមគ្គីភាពរឹងមាំ សេដ្ឋកិច្ចរីកចម្រើន និងមានអំណាចការពារខ្លួនដ៏រឹងមាំ ដែលគ្មានសត្រូវណាហ៊ានមកឈ្លានពានបានឡើយ។

"ចូររស់នៅឱ្យមានតម្លៃដូចសត្វឃ្មុំ កុំរស់នៅគ្រាន់តែដើម្បីបន្លឺសំឡេងដូចសត្វរៃ"


Comments