កម្ពុជាជាប្រទេសដំបូងក្រៅពីចិន ដាក់ឱ្យប្រើបច្ចេកវិទ្យាសាក EV លឿនបំផុត BYD

K

កម្ពុជាបានក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិន ដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាសាកថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន BYD ដែលអាចសាកអាគុយពេញក្នុងរយៈពេលប្រមាណ ១០ នាទី។ ការពង្រីកស្ថានីយគំរូសាកថាមពលល្បឿនលឿន (Flash Charging Flagship Stations) កំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ស្ថានីយគំរូចំនួន ១៨ ត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅត្រឹមចុងឆ្នាំ ២០២៦។



យោងតាមសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ បានឱ្យដឹងថា កម្ពុជាត្រូវបានជ្រើសរើសជាទីផ្សារបរទេសដំបូងគេ ដែលទទួលបានសិទ្ធិប្រតិបត្តិការប្រព័ន្ធស្ថានីយគំរូសាកថាមពលល្បឿនលឿន (Flash Charging Flagship Station) របស់ក្រុមហ៊ុន BYD ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសចិនរួចហើយ។ មន្ត្រីផ្លូវការបានឱ្យដឹងថា បច្ចេកវិទ្យានេះអាចសាកអាគុយបានពេញក្នុងរយៈពេលប្រមាណ ១០ នាទី។

យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD ក្នុងក្រុងសិនជិន (Shenzhen) កាលពីថ្ងៃសៅរ៍។ លោកត្រូវបានទទួលស្វាគមន៍ដោយលោក Wang Chuanfu ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BYD។

ការពិភាក្សាបានផ្តោតលើបណ្តាញសាកថាមពលល្បឿនលឿនបំផុត។ ការពង្រីកកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយរំពឹងថានឹងមានស្ថានីយគំរូចំនួន ១៨ នៅត្រឹមចុងឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃបេសកកម្មវិនិយោគរយៈពេលមួយសប្តាហ៍ទៅកាន់ខេត្តក្វាងដុង (Guangdong) ដែលរួមបញ្ចូលទាំងជំនួបជាមួយក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតសារធាតុ cathodes សម្រាប់អាគុយយានយន្តអគ្គិសនីរបស់ចិនផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុន BYD ពង្រីកការវិនិយោគលើការដំឡើងយានយន្តអគ្គិសនីក្នុងស្រុក បណ្តាញសាកថាមពល និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។ លោក Wang បានថ្លែងថា ក្រុមហ៊ុន BYD នឹងបន្តវាយតម្លៃលើលទ្ធភាពនៃការវិនិយោគនេះ។ មន្ត្រីបានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជានៅមានសមត្ថភាពផលិតយានយន្តអគ្គិសនីនៅមានកម្រិតនៅឡើយ ហើយចង់ដើរតួនាទីកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ខណៈដែលកម្ពុជាកំពុងធ្វើពហុវិធកម្មសេដ្ឋកិច្ចបន្ថែមពីលើវិស័យកាត់ដេរ និងស្បែកជើង។ ប្រភព៖ Kampucheathmey Daily

0.000 SRY
Khmer Brief
Write your comment...

Comments