ប្រាសាទតានៃ
ប្រាសាទតានៃ ជាមរតកកម្ពុជាមួយដែលបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះកំពុងតែលាក់ខ្លួនបង្អួតសម្រស់នៅក្នុងព្រៃស្ថិតនៅខាងកើតប្រាសាទតាកែវ ចូលតាមផ្លូវលំតូចប្រហែល៨០០ម៉ែត្រ និងមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ។ មរតកជាតិនៃកម្ពុជាមួយនេះ មានកំពែងព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសង់ដោយថ្មបាយក្រៀម និងទិសខាងលិចឆៀងខាងជើងមានជញ្ជាំងមួយផ្ទាំងបញ្ឈរ ហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិ នៅផ្នែកខាងក្នុងមានប្រាង្គចំនួន២ឈរត្រង់ជួរគ្នាពីកើតទៅលិច ។ ដោយសារប្រាសាទនេះមានអាយុកាលយូរ ទើបធ្វើឲ្យមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងកំពូលរបស់ប្រាង្គត្រូវបានបាក់បែកខូចខាត ។ យ៉ាងណាក៏ដោយ ភ្ញៀវទេសចរក៏អាចទៅទស្សនាប្រាសាទនេះនាពេលព្រឹក ឬថ្ងៃជ្រេរបន្តិច នោះលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយពីសម្រស់ធម្មជាតិដែលនៅជុំវិញនោះផងដែរ ៕



