ប្រាសាទព្រះឥន្ទកោសីយ៍
ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត ។ ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។
ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអ របេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូចដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថា ជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹកនិយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំខ្លាំងពូកែក្នុងប្រវត្តិសាស្ត្រខ្មែរ ។ តែខ្មែរជំនាន់ក្រោយភាគច្រើនណាស់ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និងប្រវត្តិតស៊ូ អង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គ ។ សិលាចារឹកព្រះឥន្ទកោសីយ៍បានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័នថាជា «ទីគោរពបូជានៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ចលើខ្មាំងសត្រូវ ។ ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដនៃព្រះរាជាទាំងអស់នៅលើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ អ្នកប្រវត្តិវិទូបារាំង អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែលជាអ្នកឯកទេសបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ យល់ និងមានជំនឿថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរភាគរឿងព្រេងនិទាន ។
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ ដែលជាព្រះរាជាកែទម្រង់ ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសីយ៍បានដំណាលថា «ព្រះអង្គបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗ សន្ធឹកជើងកងទ័ពរបស់ព្រះអង្គ ធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ ។
ពេលនោះ «សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និងត្រែ ខ្លុយ ស័ង្ខ… ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង» ។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណាដែលព្រះអង្គធ្វើសង្គ្រាមជាមួយ ដោយនិយាយថា «អណ្ដាតភ្លើងនៃការបូជាដែលកើតឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែង ប្រៀបបាននឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាច ហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ «កាលណាព្រះអង្គគ្រហឹមដូចរាជសីហ៍ពេលមានកំហឹង ព្រះរាជាជាសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅ ប្រៀបបាននឹងសត្វឈ្លូសដ៏កំសាក ។ នៅពេលដែលព្រះអង្គលើកដាវដ៏មុតថ្លា ប្រឡាក់ទៅដោយឈាម ដែលហូរចេញពីសិរសាសត្រូវ គេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាតដែលមានព្រះហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។
សិលាចារឹកដដែលបាននិយាយថែមទៀតថា «ព្រះហស្ដព្រះអង្គដែលប្រៀបបាននឹងស្ពានយុត្ដិធម៌ ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោកនៃសតវត្សរ៍ … មានរាងសង្ហាស្រស់ប្រិមប្រិយ ស្អាតលើសពីព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះមានពន្លឺប្រៀបបីដូចព្រះចន្ទកំពុងរះ» ។
នៅក្នុងបរិវេណវត្តព្រះឥន្ទកោសីយ៍ប៉ែកខាងត្បូង មានសាលាបឋមសិក្សាមួយឈ្មោះថា ព្រះឥន្ទកោសីយ៍ ដែរ ។ បើពិនិត្យមើលទៅ សាលាមួយនេះបានទទួលអំណោយជាអាគារច្រើនពីសប្បុរសជននានា និងមានការរៀបចំសួនច្បារបានល្អប្រសើរ ។
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីខាងកើត
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីខាងកើត
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីខាងលិច
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីទិសអាគ្នេយ៍
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីខាងជើង
ប្រាង្គធំមើលពីខាងត្បូង
ប្រាង្គធំមើលពីខាងលិច
ទ្វារខាងកើតនៃប្រាង្គធំ
សសរពេជ្រ ផ្ដែរ និងហោជាងនៃប្រាង្គធំ
ចម្លាក់ផ្កាភ្ញីនៅលើផ្ដែរ និងចម្លាក់អាទិទេពវិស្ណុ ព្រហ្ម និងសិវៈ និងចម្លាក់រឿងកូរសមុទ្រទឹកដោះ
សិលាចារឹកនៅលើក្របទ្វារប្រាង្គធំ រៀបរាប់អំពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងជ័យវរ្ម័នទី៥
ប្រាង្គតូចមើលពីខាងកើត
ប្រាង្គតូចមើលពីខាងលិច
ពុទ្ធរូបនៅក្នុងប្រាង្គតូច
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីខាងមុខគោបុរៈខាងកើត
គោបុរៈខាងកើត មើលពីតួប្រាសាទ
សំណល់កំពែងនៃគោបុរៈប្រាសាទព្រះឥន្ទកោសីយ៍
បណ្ណាល័យខាងជើង មើលពីតួប្រាសាទ
បណ្ណាល័យខាងជើង មើលពីខាងកើត
បណ្ណាល័យខាងជើង មើលពីខាងលិច
ខ្ទមអ្នកតានៅជាប់បណ្ណាល័យខាងជើង
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីបណ្ណាល័យខាងជើង
គូទឹកខាងជើង
គូទឹកខាងត្បូង
ខ្លោងទ្វារខាងកើតនៃវត្តព្រះឥន្ទកោសីយ៍
នាគក្បាល៧នៅខ្លោងទ្វារខាងកើតនៃវត្តព្រះឥន្ទកោសីយ៍
ប្រាសាទព្រះឥន្ទកោសីយ៍ មើលពីខ្លោងទ្វារវត្តខាងកើត
ខ្លោងទ្វារខាងលិចនៃវត្តព្រះឥន្ទកោសីយ៍
តោនៅក្បាលស្ពានមុខវត្តព្រះឥន្ទកោសីយ៍
សកម្មភាពសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាបមុខវត្តព្រះឥន្ទកោសីយ៍
ខ្លោងទ្វារខាងលិចនៃវត្តព្រះឥន្ទកោសីយ៍ មើលពីក្បាលស្ពាន
សកម្មភាពព្រះសង្ឃ និងសិស្សលោកដុសលាងសម្អាតស្លែនៅខ្លោងទ្វារខាងលិច
ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ មើលពីខាងកើត
ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ មើលពីខាងលិច
ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ មើលពីខាងជើង
ទិដ្ឋភាពថែវព្រះវិហារវត្តព្រះឥន្ទកោសីយ៍
ទិដ្ឋភាពថែវព្រះវិហារវត្តព្រះឥន្ទកោសីយ៍
ក្បាច់លម្អបង្អួចព្រះវិហារវត្តព្រះឥន្ទកោសីយ៍
ទិដ្ឋភាពវត្តព្រះឥន្ទកោសីយ៍ មើលពីខ្លោងទ្វារខាងលិច
ទិដ្ឋភាពមួយនៃវត្តព្រះឥន្ទកោសីយ៍
ទិដ្ឋភាពមួយនៃវត្តព្រះឥន្ទកោសីយ៍
ខ្លោងទ្វារសាលាបឋមសិក្សាព្រះឥន្ទកោសីយ៍
ទិដ្ឋភាពមួយនៃអាគារសិក្សា
ទិដ្ឋភាពមួយនៃអាគារសិក្សា
ទីចាត់ការសាលាមានកម្ពស់ពីរជាន់
រូបគំនូក្មេងនៅជញ្ជាំងអាគារសិក្សា
អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតអំពីសាលាមួយនេះ គឺការសិក្សាប្រកបដោយចតុស្ដម្ភនៅលើជញ្ជាំងអាគារមួយនេះ
រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងសួនច្បារសាលា
ផ្កាចម្រុះពណ៌ ដាំលម្អក្នុងបរិវេណសាលា



