ប្រាសាទពោធិលោមស្លាកស្នាមវប្បធម៌អង្គរ

longheng

ប្រាសាទពោធិលោមស្លាកស្នាមវប្បធម៌អង្គរ


ខ្លោងទ្វារ​វត្ដ​ឧណ្ណាលោម

ប្រាសាទ​ពោធិ​លោម​ជា​ប្រាង្គ​ប្រាសាទបុរាណ​ដែល​មាន​ស្លាកស្នាម​វប្បធម៌​អង្គរ ។ ផ្នែក ខាងក្រោម​មាន​រាង​បួន​ជ្រុង ហើយ​នៅ​តាម​ជ្រុង​នីមួយៗ​ គេ​ធ្វើ​កាត់​ចុះ​ឡើងជា​គន្លាក់​ក្បាច់​សារពើសូត្រ ។ ផ្នែក​ខាង​លើ​កំពូល​មាន​រចនា​ជា​រូបព្រហ្ម​មុខ​បួន គួប​ផ្សំ​តួ​ប្រាសាទ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ថ្ម​ប្រកប​ដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​ស្អាត និង​នៅ​លើ​តួ​ប្រាសាទធំ​កណ្ដាល​ផ្នែក​ខាងក្នុង​មាន​ផ្ដែរ​៤​ទិស មាន​រូបសំណាក​ព្រះពុទ្ធ​ចូល​និព្វាន ។ បច្ចុប្បន្ន​ប្រាសាទ​នេះ​ស្ថិត​នៅ​ខាងក្រោយ​ព្រះ​វិហារ​ធំ​ក្នុង​វត្ដ​ឧណ្ណាលោម ។

ប្រាសាទ​នេះ​មាន​កម្ពស់​ដល​ទៅ​២៥​ម៉ែត្រ ហើយ​ខឿន​ប្រាសាទ​នេះ​សង់​នៅ​លើ​ខឿន​ខ្ពស់​ផុត​ពី​ដី​ប្រមាណ​ជិត​មួយ​ម៉ែត្រ ហើយ​មាន​ប្រវែង​បណ្ដោយ​និង​ទទឹង​ខឿន​ប្រមាណ​ជាង​១១​ម៉ែត្រ​ ធើ្វ​ពី​ថ្មបាយក្រៀម ក្រាល​ពីលើ​ដោយ​សន្លឹក​ឥដ្ឋការ៉ូ ។​

ការ​ដែល​គេ​នាំ​គ្នា​ហៅ​ប្រាសាទ​នេះ​ថា​ជា​ ប្រាសាទ​ពោធិ​លោម ​ដែល​ពី​មុន​ក្នុង​រជ្ជកាល​សម្ដេច​ព្រះ​មហាសុមេធាធិបតី​សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត ហៅ​ថា ចេតិយ​នោះ ព្រះ​សុមេធាធិបតី​សម្ដេច​ព្រះ​សង្ឃរាជ ទេព វង្ស បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ដឹង​ថា ប្រាសាទ​នេះ​ដើម​ឡើយ​មិនជា​មាន​នរណា​បានដឹង​ឮ និង​ស្គាល់​ប៉ុន្មាន​ឡើយ ព្រោះ​ប្រាសាទ​នេះ​ត្រូវ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ថ្មកំបោរ​បូក​ជុំ​ជិត​មើល​ទៅ​ឃើញ​តែ​ជា​លក្ខណៈ​ចេតិយ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ ។​


កាលពី​ព្រះ​អង្គ​នៅ​ពី​ក្មេង ព្រះ​អង្គ​ឮ​គេ​និយាយ​ប្រាប់​ដែរ​ថា មាន​ប្រាសាទ​សាង​ពី​ថ្មភក់​ដ៏​ធំ​មួយ​នៅ​ក្នុង​វត្ដ​អារាម​នេះ ក៏​ប៉ុន្ដែ​ពេល​ដែល​ព្រះ​អង្គរត់​មក​រក​មើល​មិន​ដែល​ឃើញ​សោះ​ ឃើញ​តែ​ចេតិយ​ធម្មតា ។ ទើបតែ​ពីរ​បី​ឆ្នាំ​មកនេះ គឺ​បន្ទាប់​ក្រោយ​ពី​ព្រះ​អង្គ​បាន​និមន្ដ​គង់នៅ​វត្ដ​នេះ​បាន​ប៉ុន្មាន​ឆ្នាំ ព្រះ​អង្គ​ក៏​បាន​ឲ្យ​គេ​ធើ្វ​ការ​កោស​កំបោរ​បូក​លាប​ហ៊ុម​ព័ទ្ធ​នោះ​ចេញ ក៏​ស្រាប់តែ​លេច​ចេញ​ឃើញ​ប្រាសាទ​បុរាណ​កសាង​ពី​ថ្មភក់ និង​មាន​ថ្មបាយក្រៀម​ ទើប​ព្រះ​អង្គ​ឲ្យ​គេ​ហៅ​ឈ្មោះ​ថា ប្រាសាទ​ពោធិ​លោម នោះ​មក ។ ដោយ​យោង​ទៅ​តាម​ស្ថានភាព​ភូមិសាស្ដ្រ​ត្រង់​ទីតាំង​ប្រាសាទ​នេះ​ពី​ជំនាន់​ដើម​ជាទី​ទួល​ដែល​មាន​ដុះ​ដើម​ពោធិ​ព្រឹក និង​ដើម​ជ្រៃក្រឹម​ដុះ​ស៊ុបទ្រុប​ជាទី​ស្ងប់ស្ងាត់​កំបាំង​ធ្វើ​ឲ្យ​ងាយស្រួល​ដល់​មនុស្សម្នា​ជួប​គ្នា​ប្រលោម​ស្នេហ៍​នៅ​ទីនោះ ។​

ម្យ៉ាង​នៅ​ទិស​ខាងលិច​គេ​ហៅ​ថា ជ្រោយ​ពោធិ​លោម នៅ​ជ្រោយ​ខាងកើត​ហៅ​ថា ជ្រោយ​អរិយ​ក្សត្រ ទិស​ខាងត្បូង​ហៅ​ថា ជ្រោយ​ស្លាកែត និង​ខាងជើង​ហៅ​ថា ជ្រោយចង្វា ជ្រោយ​ទាំង​បួន​នេះ​ទល់មុខ​ប្រាសាទ​ពោធិ​លោម នៅ​ខាង​ក្នុង​វត្ដ​ឧណ្ណាលោម​គ្នា​ទៅ​ជា​ទន្លេ​ចតុមុខ ។​ ព្រះ​អង្គ​បាន​មាន​បន្ទូល​ប្រាប់​ទៀត​ថា​ ភូមិសាស្ដ្រ​ជ្រោយ​ពោធិ​លោម​នេះ​គឺជា​ទឹកដី​ដែល​ត្រជាក់ត្រជុំ​ណាស់ ជា​ទឹកដី​អ្នកប្រាជ្ញ​រស់នៅ​បាន​ជា​គេ​កសាង​ជា​និមិត្ដរូប​មួយ​ហើយ​ប្រសិទ្ធ​នាម​ប្រាសាទ​នេះ​ថា ប្រាសាទ​ពោធិ​លោម ។ ពី​ដើម​ឡើយ​ត្រង់​ទី​ប្រាសាទ​នេះ​មាន​លក្ខណៈ​ជាទី​ទួល ក្រោយមក​មាន​ការ​កសាង​នូវ​ចេតិយ​ព្រះ​អស្សជិតត្ថេរ​ដែល​មាន​ដើម​កំណើត​នៅ​បង់ហ្គាល់​ ប្រទេស​ឥណ្ឌា ហេតុ​ដូច្នេះ​ប្រាសាទ​ពោធិ​លោម​នេះ​គួរតែ​ហៅ​ថា ចេតិយ​ព្រះ​អស្សជិតត្ថេរ ឬ​ប្រាង្គ​ព្រះ​អស្សជិរ៍ ឬ​ក៏​ចេតិយ​ពោធិ​លោម ​ដោយ​យក​លំនាំ​នាម​ដើម​ទីទួល​ក៏​បាន​ដែរ ។​

កន្លង​មក លោក​បណ្ឌិត មីសែល ត្រាណេ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា វត្ដ​ឧណ្ណាលោម តាម​ពិតជា​ឈ្មោះ​របស់​ចេតិយ​មួយ​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ចេតិយ​ទាំង​៥ នៅ​ផ្នែក​ខាងលិច​ព្រះ​វិហារ​វត្ដ​ឧណ្ណាលោម ។ ទីតាំង​នេះ​មាន​មក​ពី​សម័យ​បុរាណកាល គឺ​ក្រោយ​សម័យ​អង្គរ​បន្ដិច ។ លោក​បាន​ពន្យល់​ថា សារសំខាន់​នៃ​ឈ្មោះ​ចេតិយ​ដោយសារ​ព្រះ​ភិក្ខុសង្ឃ​ខ្មែរ​ច្រើន​សម័យកាល​បាន​ចាត់​ទុក​ទី​នេះ​ជា​កន្លែង​បញ្ចុះ​ព្រះ​ឧណ្ណាលោម​ (រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះ​អស្សជិតត្ថេរ) ​តាំងពី​បុរាណកាល​មក ។ បើ​តាម​ប្រវត្ដិសាស្ដ្រ ទី​នេះ​អាច​មាន​រយៈពេល​៧០០​ឆ្នាំ​មក​ហើយ​ ដែល​មាន​ព្រះសង្ឃ​មក​គង់នៅ​ក៏​ក្លាយជា​វត្ដ​អារាម ហើយ​ឈ្មោះ​ថា វត្ដ​ពោធិ​លោម រហូត​មក​ដល់​ថា វត្ដ​ឧណ្ណាលោម សព្វថ្ងៃ ៕



ប្រភពៈ សាលអាន​ថ្ងៃនេះ​១៥/១០/០៤ (ដកស្រង់​ពី​ទស្សនាវដ្ដី​ប្រជាប្រិយ)

Comments