រមណីយដ្ឋានភ្នំក្រោម
ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។
បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោមស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូងនៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើត ហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។
បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែង ប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ បើពិនិត្យទៅលើគុណភាពថ្មភក់មានសភាពពុកផុយដែលជាកត្ដានាំឱ្យតួ ប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្មដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរក៏មានសំណង់សម័យថ្មីជាច្រើននៅជុំវិញប្រាសាទ ផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃ ខ្ទមសំណាក់ធម៌របស់យាយជី តាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ប្រហែលជា សាងសង់តាំងពីសម័យបារាំង ។
ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា ៖
- ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះ មានសំណើមច្រើនគ្រប់ពេលវេលា ។ សំណើមនេះបានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀតធ្វើឱ្យថ្ម មានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ
- ទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោមនៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀមធ្វើឱ្យពុកផុយលែងរឹងមាំដែលជាហេតុបណ្ដាលឱ្យ គ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជា អន្លើៗ
- រុក្ខជាតិជាមូលហេតុសំខាន់មួយដែរដែលធ្វើឱ្យប្រាសាទហែកបាក់ ធ្លាក់ដោយឫសវាបានចាក់ចូលទៅក្នុងមុខតំណថ្ម ។ ពេលណាឫសធំឡើងវាធ្វើឱ្យហើបប៉ើងថ្មបាក់ធ្លាក់
- សត្វក៏ជាមូលហេតុដែរ ។ ប្រចៀវដែលចូលទៅរស់នៅក្នុងប្រាសាទហើយជុះនោម អាចម៍ ដែលមានជាតិប្រៃហូរធ្លាក់តាមជញ្ជាំងប្រាសាទក៏ធ្វើឱ្យថ្មពុក ផុយដែរ
- ក្រៅពីការបំផ្លាញដោយធម្មជាតិ សត្វ ក៏នៅមានមនុស្សដែលជាហេតុនាំឱ្យប្រាសាទត្រូវខូចខាតដែរដូចជាការគាស់កកាយដាប់យករូបចម្លាក់ទៅលក់ ឬក៏យកទីតាំងសម្រាប់ធ្វើសឹកសង្គ្រាម ។
ទិដ្ឋភាពភ្នំក្រោមមើលពីលើអាកាស ។ រង្វង់មូលជាទីតាំងវត្ត និងប្រាសាទ
ប្លង់ប្រាសាទភ្នំក្រោម
ផ្លូវថ្មើរជើងឡើងភ្នំក្រោម (មើលពីលើចុះក្រោម)
ទិសដៅបង្ហាញផ្លូវរថយន្តឡើងភ្នំក្រោម ។ ឆ្លងផុតពីដំណាក់នេះទៅនឹងដល់ព្រះវិហារវត្តភ្នំក្រោម
ព្រះវិហារវត្តភ្នំក្រោម មើលពីខាងកើត
ព្រះវិហារវត្តភ្នំក��រោម មើលពីខាងលិច
ផ្លូវបេតុង និងកៅអីសម្រាប់អង្គុយកំសាន្តនៅទិសឦសានព្រះវិហារវត្តភ្នំក្រោម
សំណង់ខ្ទមអ្នកតានៅទិសអាគ្នេយ៍ព្រះវិហារវត្តភ្នំក្រោម
ទិដ្ឋភាពខាងកើតនៃភ្នំក្រោម មើលពីមុខព្រះវិហារ
ទិដ្ឋភាពបឹងទន្លេសាប មើលពីលើភ្នំក្រោម (ភាគអាគ្នេយ៍)
ទិដ្ឋភាពតំបន់ចុងខ្នៀស មើលពីលើភ្នំក្រោម
ទិដ្ឋភាពបឹងទន្លេសាប មើលពីលើភ្នំក្រោម (ទិសខាងលិច)
ទិដ្ឋភាពវាលស្រែ និងក្រុងសៀមរាប មើលពីលើភ្នំក្រោម (ទិសខាងជើង)
រូបសំណាកលោកយាយ….(មិនចាំឈ្មោះ) នៅក្រោយព្រះវិហារ និងមុខផ្លូវចូលទៅកាន់ប្រាសាទ
ឆ្មាំរបស់លោកយាយ…. (មិនចាំឈ្មោះ)
ឆ្មាំរបស់លោកយាយ…. (មិនចាំឈ្មោះ)
ប្រាសាទភ្នំក្រោម មើលពីមុខជណ្ដើរខាងកើត
ប្រាសាទភ្នំក្រោម មើលពីទីជម្រាលខាងលិច
តួប្រាសាទចម្បងទាំងបីនៃប្រាសាទភ្នំក្រោម មើលពីខាងលិច
តួប្រាសាទចម្បងកណ្ដាល និងប្រាសាទខាងជើង ។ ថ្មពុក របេះរបកក្បាច់រចនាស្ទើរតែអស់
តួប្រាសាទជួរមុខប៉ែកខាងជើងសាងពីថ្មភក់ និងឥដ្ឋ និងតួប្រាសាទចម្បងខាងជើង មើលពីទិសអាគ្នេយ៍
តួប្រាសាទជួរមុខសាងពីថ្មភក់ និងឥដ្ឋ មើលពីទិសនិរតី
តួប្រាសាទជួរមុខប៉ែកខាងត្បូងសាងពីថ្មភក់ និងឥដ្ឋ មើលពីទិសខាងលិច
ស្ដូបសាងសង់ពីបេតុងនៅទិសអាគ្នេយ៍ ក្រៅកំពែងប្រាសាទភ្នំក្រោម
តួប្រាសាទជួរមុខទាំងបួន មើលពីខាងក្រៅកំពែងប្រាសាទទិសអាគ្នេយ៍
ចម្លាក់អប្សរានៅប្រាសាទភ្នំក្រោម
ជើងទម្របដិមានៅប្រាសាទភ្នំក្រោម
បំណែកចម្លាក់ពីថ្មភក់ត្រូវបានគេតដោយក្បាលស៊ីម៉ង់ត៍
កំណត់ៈ កាលពីខែកញ្ញា ឆ្នាំ២០០៧ ខ្ញុំបានទៅកំសាន្តនៅរមណីដ្ឋានភ្នំក្រោមនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ដោយថ្មើរជើងទៅលើភ្នំ ។ ថ្ងៃនោះពិតជាក្ដៅអស្ចារ្យណាស់ ទម្រាំតែឡើងដល់ព្រះវិហារវត្តឈប់សម្រាកប្រមាណបីបួនដង ។ កាលនោះ នៅតូបខាងត្បូងព្រះវិហារមានអង្រឹងក្រចៅមួយរហែកដាច់ដោចដោយកន្លែង ។ ក្រោមអំណាចខ្យល់បក់រហើយៗពីបឹងទន្លេសាប ខ្ញុំសម្រាកលង់លក់អស់ប្រមាណមួយម៉ោងជាង ។ ភ្ញាក់ឡើងស្រឡះស្រឡំ ទើបដើរមើលបរិវេណជុំវិញព្រះវិហារ ប្រាសាទ ទិដ្ឋភាពបឹងទន្លេសាបឆ្ងាយសន្លឹមដាច់កន្ទុយភ្នែក និងវាលស្រែវាលស្រូវនៅគ្រប់ទិសទាំងបួន ដែលទិដ្ឋភាពនៅពេលនោះពេចពិលរមិលមើលពេកក្រៃ ។ ប្រសិនបើបងប្អូនចង់ធ្វើដូចខ្ញុំ សូមប្រយ័ត្នប្រយែងកាបូបលុយ ម៉ាស៊ីនថត និងទូរស័ព្ទដៃផង ព្រោះថាក្នុងអំឡុងពេលលង់លក់តែមួយភ្លេត របស់របរទាំងអស់នេះអាចនឹងបែកចិត្តចុះចោលយើងទៅនៅជាមួយម្ចាស់ថ្មីបាន ៕



