ប្រាសាទភ្នំដានៅតែឈរយ៉ាងរឹងមាំនៅខេត្ដតាកែវ

longheng

ប្រាសាទភ្នំដានៅតែឈរយ៉ាងរឹងមាំនៅខេត្ដតាកែវ


ប្រាសាទ​ភ្នំដា គឺជា​សំណង់​ស្ថាបត្យកម្ម​សិល្បៈ​ដំបូង​បំផុត​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ជា​សម្បត្ដិ​វប្បធម៌​ដ៏​មាន​តម្លៃ តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​លើ​កូនភ្នំ​តូច​មួយ បែរមុខ​ទៅ​ទិស​ខាងជើង ធ្វើ​ពី​ថ្មបាយក្រៀម ថ្មភក់ និង​ឥដ្ឋ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​រុទ្ទ្រវរ្ម័ន នា​ដើម​សម័យ​ចេនឡា សម្រាប់​ឧទ្ទិស​ថ្វាយ​ចំពោះ​លទ្ធិ​ព្រហ្មញ្ញ​សាសនា តាម​រចនា​បទ​ភ្នំដា​ដែល​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ឥណ្ឌា​យ៉ាងច្រើន​លើសលប់ ។​

ប្រាសាទ​ភ្នំដា​ទោះបីជា​ទទួល​ការ​បំផ្លិចបំផ្លាញ​អស់​មួយ​ផ្នែក​ធំ​យ៉ាងណា​ក៏​ដោយ ក៏​សព្វ​ថ្ងៃនេះ​បាន​ក្លាយទៅជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​ដ៏​ពេញ​និយម​ក្នុង​កា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​កម្សាន្ដ​នៅ​ទីនោះ ក៏​ដូច​ជា​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់​ពី​វប្បធម៌ អរិយធម៌ របស់​ជាតិ​សាសន៍​ខ្មែរ​តាំងពី​សម័យ​បុរាណកាល​មក ។​

ប្រាសាទភ្នំដា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រែកតាផ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្ដតាកែវ ដោយ​មាន​ចម្ងាយ ២៤​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្ដ និង​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ​ ពី​ទីក្រុង​ភ្នំពេញ ។ ដើម្បី​ទៅ​ដល់ទី​នោះ យើង​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​រហូត​ដល់​ផ្សារ​ព្រៃល្វា​ ស្រុក​ព្រៃកប្បាស ហើយ​បត់​ទៅ​ខាងត្បូង​រហូត​ដល់ទី​ប្រជុំជន​ស្រុក​អង្គរបុរី ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​២២​គីឡូម៉ែត្រ នោះ​យើង​នឹង​ឃើញ​ផ្លូវ​ចូល​ទៅ​ដល់ទី​តាំង​ប្រាសាទ​ភ្នំដា ដែល​សង់​លើ​កូនភ្នំ​តូច​មួយ​បែរមុខ​ទៅ​ទិស​ខាងជើង ។​

នៅ​ចង្កេះ​ភ្នំ មាន​រូង​ចំនួន ៥​កន្លែង ដោយ​រូង​នីមួយៗ មាន​លិង្គព្រះឥសូរ និង​យោនី​ព្រះ​នាង​ឧមា ជាទី​សក្ការៈ​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា ។ ប្រាសាទ​ភ្នំដា​មាន​រាង​បួន​ជ្រុង ទំហំ ៤​ម៉ែត្រការ៉េ និង​មាន​កម្ពស់​១៨​ម៉ែត្រ មាន​ទ្វារ​ទាំង​៤​ទិស ដែល​ទ្វារ​បី​ជា​ទ្វារ​បញ្ឆោត និង​ទ្វារ​មួយ​ទៀត​បិទ​ជិត ។ នៅ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ប្រាសាទ មាន​ប្រាសាទ​មួយ​ទៀត​បែរមុខ​ទៅ​ទិស​ខាង​ជើង មាន​ទ្វារ​មួយ និង​មាន​ទំហំ​៥,៥​ម៉ែត្រ គុណ​នឹង ៥​ម៉ែត្រ កម្ពស់ ៧​ម៉ែត្រ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ភវរ្ម័ន​ទី​៦ នា​ដើម​សម័យ​ចេនឡា ។ សំណង់​នេះ​យក​តាម​លំនាំ​ឥណ្ឌា ហើយ​គេ​ឲ្យឈ្មោះ​ថា «អាស្រម​មហាឥសី» ។​

នៅ​សម័យ​ក្រោយៗ​មក​ទៀត ពុទ្ធបរិស័ទ​ខ្មែរ បាន​នាំ​គ្នា​កសាង​វត្ដ​មួយ​នៅ​ខាងត្បូង​ប្រាសាទ​ភ្នំដា ដោយ​ដាក់​ឈ្មោះ​ថា «វត្ដ​ភ្នំដា» ដើម្បី​ឲ្យ​ពុទ្ធសាសនិកជន​ខ្មែរ​ដែល​នៅ​ទីនោះ​ទៅ​លេង​និង​បាន​គោរព​បូជា​ចំពោះ​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។ គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរ ដែល​ទៅ​លេង​កម្សាន្ដ​នៅ​ទីនោះ ក៏​ដូច​ជា​ក្រុម​និស្សិត អ្នកសិក្សា​ស្រាវជ្រាវ​មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​មុន ។ ចំពោះ​ប្រវត្ដិ​នៃ​ប្រាសាទភ្នំដា ក៏​មាន​ទាក់ទង​នឹង​រឿង​នៅ​ទីនោះ​ដែរ ៕


ប្រភពៈ  សាលអាន ថ្ងៃ​ទី ០៨/០៣/០៦ (ដកស្រង់ពី​កាសែត​កោះសន្ដិភាព)

Comments