ប្រាសាទភ្នំជីសូរកសាងឧទ្ទិសក្នុងសាសនាព្រាហ្មណ៍
ប្រាសាទភ្នំជីសូរ គឺជាឈ្មោះរមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមួយដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកតាំងពីសម័យមហានគរចាប់តាំងពីរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ មកម៉្លេះ ។
ប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុងភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ មានចម្ងាយ៦២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ២៧គីឡូម៉ែត្រ ពីទីរួមខេត្ដតាកែវ សង់លើភ្នំមានកម្ពស់រហូតដល់ទៅ ១៣០ម៉ែត្រ ហើយតាំងពីសម័យមុនរហូតដល់ពេលបច្ចុប្បន្ន នៅតែទទួលការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្ដរជាតិដែលបានទៅទស្សនានៅទីនោះយ៉ាងកុះករ ។
យោងតាមឯកសារប្រវត្ដិសាស្ដ្របានបញ្ជាក់ថា ប្រាសាទភ្នំជីសូរត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ (១០០២-១០៥០) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទនេះសង់ឡើងពីថ្មភក់ និង ថ្មបាយក្រៀម មានបណ្ដោយ៦០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ដែលមានថែវពីរជាន់ព័ទ្ធជុំវិញ ហើយនៅចំកណ្ដាលមានទីសក្ការបូជាសំខាន់ៗជាច្រើនដូចជាទ្វារឆ្លាស់ពីរ និងរូបបដិមានៅផ្នែកខាងក្នុងជាច្រើន ។ ទោះបីជាប្រាសាទនេះត្រូវបែកបាក់អស់មួយចំនួនធំដោយសារសង្គ្រាមយ៉ាងណាក្ដី ក៏សំណង់ប្រាសាទនៅមានសោភ័ណភាពល្អគួរឲ្យគយគន់ ព្រោះសំណង់មានក្បូរក្បាច់រចនាឆើតឆាយ ជាក្បាច់ត្របកផ្កាឈូកបន្ដុបគ្នាជាកំពូលប្រាង្គ ហើយនៅលើកំពូលប្រាង្គទៀតសោតមានក្បាច់ផ្ដែរ និងក្បាច់ស៊ុមយ៉ាងស្រស់នៅតាមខ្លោងទ្វារធំៗទាំងបួនរបស់បរិវេណប្រាសាទលើកំពូលភ្នំ ។
តាមរយៈសិលាចារឹកដែលអ្នកប្រាជ្ញស្រាវជ្រាវរកឃើញទាំងបួនផ្ទាំងបានបញ្ជាក់ថា ប្រាសាទភ្នំជីសូរកសាងឡើងដោយព្រះមហាក្សត្រ៣អង្គ គឺព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៤៩) ព្រះបាទធរណិន្ទ្រវរ្ម័នទី១ (១១០៧-១១១៣) និងព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៤៥) ។ ក្រោយពេលសាងសង់ប្រាសាទភ្នំជីសូររួចរាល់ហើយ ពួកព្រាហ្មណ៍ទាំងឡាយក៏ចាប់ផ្ដើមកសាងទីកន្លែងសក្ការៈបូជាសំខាន់ៗលើកំពូលភ្នំជីសូរដើម្បីប្រយោជន៍ក្នុងសាសនាព្រាហ្មណ៍ ។
សំណង់ប្រាសាទភ្នំជីសូរ ត្រូវបានកសាងឡើងក្នុងគោលបំណងចម្បង គឺសម្រាប់ឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនាទុកជាកេរដំណែលប្រវត្ដិសាស្ដ្រពេលព្រះអង្គឡើងគ្រងរាជសម្បត្ដិ និងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ។ ចំណែកឯសំណង់ផ្សេងៗលើបរិវេណនោះដែលកសាងឡើងដោយពួកព្រាហ្មណ៍ ដើម្បីគោរពបូជា ក៏ដូចជាផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជនខ្មែរឲ្យបានស្គាល់ពីអត្ដសញ្ញាណរបស់ជាតិ និងជាមរតកវប្បធម៌ដែលបានបន្សល់ទុកយ៉ាងសន្ធឹកសន្ធាប់ ។ ប្រាសាទភ្នំជីសូរស្ថិតនៅត្រង់ចំណុចប្រសព្វរវាងស្រុកបី គឺស្រុកសំរោង ស្រុកព្រៃកប្បាស និងស្រុកបាទី ។
សព្វថ្ងៃប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិបានទៅលំហែកាយនៅទីនោះរៀងរាល់ថ្ងៃឈប់សម្រាកបុណ្យទានផ្សេងៗ ។ នៅពេលទៅដល់ម្នាក់ៗបាននាំគ្នាកោតសរសើរមិនដាច់ពីមាត់ចំពោះរមណីយដ្ឋាន និងប្រាង្គប្រាសាទដែលជាកេរដំណែលវប្បធម៌ប្រវត្ដិសាស្ដ្រ ព្រមទាំងបានទទួលនូវភាពត្រជាក់ជាមួយនឹងទេសភាព និងខ្យល់ត្រជាក់បរិសុទ្ធ បំបាត់អស់រាល់ទុក្ខកង្វល់ ដោយសម្រស់ធម្មជាតិនៅទីនោះ ៕



