ប្រាសាទចតុមុខ
ព្រះពុទ្ធបដិមាទ្រង់ឈរទល់ខ្នងនៃប្រាសាទចតុមុខ
កម្ទេចថ្មគូបតូចធំ ដួលរាយប៉ាយពាសពេញដី ដែលមនុស្សម្នាជាច្រើនធ្លាប់ដើរជាន់ ដោយមិនបានចាប់អារម្មណ៍នោះ រាល់ថ្មនីមួយៗសុទ្ធតែជាវត្ថុសក្ការបូជារបស់ពុទ្ធសាសនិកបានប្រែក្លាយជាវិមានប្រាសាទពុទ្ធបដិមាដ៏អស្ចារ្យ និងទាក់ចិត្ដភ្ញៀវទេសចរ ក្រោយកិច្ចការជួសជុលដំឡើងតួប្រាសាទចតុមុខត្រូវបានបញ្ចប់ទាំងស្រុង ។
ប្រាសាទព្រះពុទ្ធ ៤ អង្គទ្រង់ឈរទល់ខ្នងគ្នាបែរទៅទិសធំទាំង ៤ ត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រ ដែលស្ថិតនៅក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ចន្លោះសតវត្សរ៍ទី ១១ និង ១៤ ដោយកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។
យោងតាមរបាយការណ៍របស់ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រាសាទចតុមុខបានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ ដោយនៅសេសសល់ត្រឹមចង្កេះចុះក្រោមប៉ុណ្ណោះ ។
នៅតាមជញ្ជាំង និងផ្នែកខាងក្នុងមានដើមឈើ និងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលធ្វើឲ្យតួប្រាសាទប្រឈមការបាក់បែកទាំងស្រុង ។ ចំណែកឯព្រះសិររបស់ព្រះពុទ្ធបដិមាបានធ្លាក់រាយប៉ាយលើដី និងរមែងត្រូវបានភ្ញៀវដើរជាន់ ។
របាយការណ៍បានបន្ដថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអនុញ្ញាតឲ្យលោកស្រី ម៉ែន សំអន ដឹកនាំការជួសជុលប្រាសាទដ៏កម្រនេះ ដើម្បីលើកស្ទួយពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឲ្យកាន់តែទូលំទូលាយ ។ ពិធីអភិសេកប្រាសាទចតុមុខ ត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០១៨ ។
ព្រះពុទ្ធបដិមាទល់ខ្នងគ្នា មានកម្ពស់ប្រមាណ ១០ ម៉ែត្រ
ព្រះពុទ្ធទ្រង់ឈរទល់ខ្នងគ្នា ៤ អង្គ
កសាងឡើងឧទ្ទិសថ្វាយដល់ព្រះពោធិសត្វលោកេស្វរៈមុខ ៤ ក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន បដិមាព្រះពុទ្ធទ្រង់ឈរទល់គ្នាចំនួន ៤ អង្គ គឺជាប្រាសាទដ៏ល្អឯក ដែលមិនទាន់ឃើញប្រាង្គប្រាសាទក្នុងតំបន់ផ្សេងៗនៃប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នេះទេ ។
លោក ធុយ ចាន់ធួន សាស្ដ្រាចារ្យបុរាណវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ថា៖ «មិនខុសពីមូលហេតុនៃការកសាងព្រះព្រហ្មមុខ ៤ ព្រះពុទ្ធទ្រង់ឈរទល់ខ្នងគ្នា ៤ អង្គ តំណាងឲ្យព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្ដា ករុណា មុទិតា និង ឧបេក្ខា ក្នុងទ្រឹស្ដីទស្សនវិជ្ជាព្រះពុទ្ធសាសនា» ។
ទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ បានចែងថា ព្រហ្មវិហារធម៌របស់ព្រះពុទ្ធមានដូចជា ៖
- មេត្តា សេចក្ដីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្ដីសុខ មានចិត្ដមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្សសត្វទូទៅ ។
- ករុណា សេចក្ដីអាណិតជួយឲ្យរួចផុតទុក្ខ និងជួយសង្គ្រោះបំបាត់ទុក្ខលំបាកទាំងពួង ។
- មុទិតា មានក្ដីត្រេកអរ ពេលឃើញអ្នកទាំងពួងមានសេចក្ដីសុខ និងមានចិត្ដរីករាយជានិច្ចចំពោះមនុស្សសត្វទាំងឡាយ ។
- ឧបេក្ខា ការតម្កល់ចិត្ដស្ថិតនៅកណ្ដាលស្មើៗគ្នា ដែលតម្រង់ក្នុងផ្លូវធម៌ ។
ប្រាសាទចតុមុខ ស្ថិតនៅក្នុងក្រុមប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយ
ប្រាសាទចតុមុខជាប្រាសាទដ៏កម្រ
លោក ធុយ ចាន់ធួន បាននិយាយឯកភាពនឹងសំណេរបរិយាយលើក្ដារព័ត៌មាននៃគម្រោងអភិរក្ស និងជួសជុលប្រាសាទចតុមុខស្ដីពីភាពវិសេសរបស់ប្រាសាទក្នុងក្រុមប្រាសាទព្រះខ័នកំពង់ស្វាយមួយនេះថា៖ «ខ្ញុំដូចជាមិនឃើញមានប្រាសាទណាផ្សេង ដែលកសាងឡើងជាទម្រង់ព្រះពុទ្ធទ្រង់ឈរទល់ខ្នងគ្នា ៤ អង្គ បែបនេះនោះទេ ។ វាជារឿងល្អមួយចំពោះលក្ខណពិសេសបែបនេះ» ។
សាស្ដ្រាចារ្យបុរាណវិទ្យារូបនេះ បានឲ្យដឹងថា ប្រាសាទចតុមុខត្រូវបានកសាងឡើងក្នុងទសវត្សរ៍ទី ១២ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលពេលនោះ ព្រះអង្គបានដឹកនាំកងទ័ពទៅទីនោះ ដើម្បីត្រៀមកម្លាំងផ្ដួលរលំកងទ័ពចម្ប៉ា ។
ប្រាសាទចតុមុខ ស្ថិតក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ដែលមានរចនាប័ទ្មដូចអង្គរវត្ដ ដូចបេងមាលាជាអតីតរាជធានីដ៏ធំបំផុតនៅកម្ពុជា ដែលមានទំហំ ៥ គីឡូម៉ែត្រ ៤ ជ្រុង ។
វិសាលភាពធំធេងនៃបណ្ដុំប្រាសាទ ត្រូវបានលោកអះអាងថា៖ «សួរថា ទីក្រុងស្រុកខ្មែរបុរាណ តើក្រុងដែលធំជាងគេ វាមិនមែនក្រុងលង្វែក មិនមែនក្រុងឧដុង្គ មិនមែនក្រុងអង្គរ ឬយសោធរបុរៈទេ តែជាទីក្រុងបាកានកំពង់ស្វាយ ។ អតីតរាជធានីនេះជាទីតាំងបង្កើតកងទ័ពរបស់រាជាជ័យវរ្ម័នទី ៧ ។ យើងបានឃើញភ័ស្ដុតាងច្រើនពីការផលិតដែកសម្រាប់បង្កើតជាអាវុធស្ថិតនៅជុំវិញប្រាង្គប្រាសាទបាកានកំពង់ស្វាយ» ។
ព្រះពុទ្ធទាំង ៤ តំណាងឲ្យព្រហ្មវិហារធម៌មាន មេត្តា ករុណា មុទិតា និងឧបេក្ខា
ភាពអស្ចារ្យដែលទាក់ទាញភ្ញៀវទេសចរ
ស្ថិតនៅខាងក្រៅបរិវេណក្រុមប្រាសាទបាកាន នៅមានប្រាង្គប្រាសាទជាច្រើនទៀត ដូចជា ប្រាសាទព្រះដំរី ប្រាសាទព្រះថ្កោល ប្រាសាទព្រះស្ទឹង ប្រាសាទមេបុណ្យ និងប្រាសាទចតុមុខ ជាដើម ។
ធ្លាប់តែជាទីឋានបាក់បែក ដែលភ្ញៀវទេសចរធ្វើដំណើរទៅហួសមកហួស ប្រាសាទចតុមុខ ស្ថិតនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រតាមបណ្ដោយផ្លូវខាងឆ្វេងដៃ ពីខ្លោងទ្វារធំនៃប្រាសាទបាកាន មិនត្រូវបានគេមើលឃើញអស់រយៈពេលជាច្រើនឆ្នាំ ។
ប៉ុន្ដែក្រោយការជួសជុលលើកគំនរបាក់បែកផ្គុំជាប្រាសាទព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃកម្ពស់ជាង ១០ ម៉ែត្រ ប្រែជាទីឋានទាក់ចិត្ដភ្ញៀវ មុនពេលពួកគេបន្ដទៅកាន់ខ្លោងទ្វារធំ ។
លោក លី ភារម្យ ជាមន្ដ្រីអាជ្ញាធរបេតិកភណ្ឌ ដែលប្រចាំការនៅក្បែរខ្លោងទ្វារធំនៃប្រាសាទបាកាន ជាមួយឆ្មាំប្រាសាទ ៤-៥ នាក់ទៀត បានប្រាប់ថា៖ «ដោយសារផ្លូវមិនសូវស្រួលប៉ុន្មាន យើងមិនសូវឃើញភ្ញៀវទេសចរមកលេងច្រើននោះទេ ។ មួយថ្ងៃ ២-៣ នាក់ប៉ុណ្ណោះ ។ តែច្រើនមានតែនៅថ្ងៃបុណ្យទាន និងចុងសប្ដាហ៍ខ្លះៗ ។ ភ្ញៀវឥឡូវមិនរំលងប្រាសាទចតុមុខឡើយ ពួកគេតែងតែឆៀងចូលថតរូប និងដាក់តង្វាយសក្ការៈបួងសួងសុំសេចក្ដីសុខជាដើម» ។
ក្រៅពីការទស្សនាព្រះពុទ្ធបដិមា ៤ អង្គ និងអុចធូបបួងសួងទៅតាមជំនឿសាសនា ទេសចរក៏អាចមើលរូបភាពនៃគំនូរប្លង់តំបន់អភិរក្ស រូបថតសម័យឆ្នាំ១៩៣៣ និងសកម្មភាពជួសជុល រួមជាមួយព័ត៌មានត្រួសៗបង្ហាញនៅក្ដារព័ត៌មានក្បែរប្រាសាទ ។
ភ្ញៀវក៏អាចទស្សនារូបថតប្រាសាទពីឆ្នាំ១៩៣៣ និងព័ត៌មានពីការជួលជុលផងដែរ
រចនាប័ទ្មដ៏ប្លែកពីប្រាសាទដទៃ
ចំពោះរចនាប័ទ្មដ៏ប្លែកពីប្រាង្គប្រាសាទដទៃ ដែលសូម្បីតែរបាយការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ចាត់ទុកជាប្រាសាទកម្រផងនោះ ។
ព្រះពុទ្ធបដិមាក្នុងទីក្រុងលង្វែកបុរាណត្រូវបានមើលឃើញពីរចនាប័ទ្មដូចនឹងប្រាសាទចតុមុខ ។
សាស្ដ្រាចារ្យបុរាណវិទ្យា លោក ធុយ ចាន់ធួន បានបង្ហើបប្រាប់ថា៖ «ខ្ញុំក៏ឃើញមានព្រះពុទ្ធរូបទ្រង់ឈរទល់ខ្នងគ្នាបែបនៅវត្ដត្រឡែងកែងស្ថិតក្នុងឃុំលង្វែក ជាអតីតរាជធានីចាស់មួយដែរ» ។
លោក ចាន់ធួន ដែលបានរកឃើញប្រាសាទបុរាណថ្មីជាង ៤០ នៅខេត្តក្រចេះ ដែលជាអតីតទីក្រុងសម្ពុបុរៈ នៃរដ្ឋចេនឡា បានបន្ថែមថា៖ «បច្ចុប្បន្ន នៅវត្ដត្រឡែងកែងនេះ យើងឃើញតែព្រះបាទទេដែលនៅសេសសល់ទីនោះ ។ តាមអ្នកស្រុកនិយាយ ព្រះពុទ្ធបដិមាទាំង ៤ អង្គនោះ ត្រូវបានពួកសៀមអូសទម្លាក់ទឹកបឹងទន្លេសាប ដែលស្ថិតនៅភាគខាងកើតវត្ដត្រឡែងកែង» ។
ដំណើរទៅកាន់ប្រាសាទចតុមុខអាចធ្វើឡើងលើកំណាត់ផ្លូវលេខ ៦២ ចម្ងាយ ២៦៦ គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវលេខ ២៦២៣ អា ទៅកាន់ស្រុកសង្គមថ្មី ចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ឬជាង ៨០ គីឡូម៉ែត្រ ពីក្រុងព្រះវិហារ ។ ប្រាសាទចតុមុខស្ថិតនៅភាគខាងកើតនៃក្រុមប្រាសាទបាកាន ចម្ងាយប្រមាណ ១០៥ គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ដ ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕
ដោយ ហុង រស្មី សារព័ត៌មានភ្នំពេញប៉ុស្តិ៍ (11/10/2019)



