ប្រាសាទបាណន់ រមណីយដ្ឋានលើកំពូលភ្នំនៅខេត្ដបាត់ដំបង
ប្រាសាទបាណន់ស្ថិតនៅលើភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនៅក្នុងខេត្ដបាត់ដំបង នាទិសពាយ័ព្យនៃប្រទេសកម្ពុជា ។ ប្រាសាទនេះនៅខាងត្បូងទីរួមខេត្ដបាត់ដំបងចម្ងាយ២៥គីឡូម៉ែត្រ ដោយធ្វើដំណើរប្របតាមមាត់ស្ទឹងសង្កែជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ។ ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះមានកំពូល៥ គឺបួនជ្រុងគ្រប់ទិសនិងធំមួយចំកណ្ដាលប្រាសាទដែលនៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញ តែត្រូវប៉ូលិសចាប់បានក្នុងឆ្នាំ២០០១ ។ កំពូលប្រាសាទទី២ នាទិសខាងត្បូងឈ្មោះប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះទេ មានតែពិសោធន៍មើលពេលបុណ្យទានដែលគេតែងតែយកផ្លែដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសង្កែដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសង្កែតែម្ដង ។
ចំពោះប្រាសាទទី៣ ស្ថិតនៅខាងលិច គឺប្រាសាទណារិទ្ធ ក្នុងប្រាសាទនេះគ្មានអ្វីទេ ព្រោះប្រាសាទនេះត្រូវរន្ទះបាញ់បាក់បែកអស់មួយចំហៀង បន្សល់ទុកស្នាមផ្សែងរោលខ្មៅៗ ។ ឯប្រាសាទទី៤ប៉ែកខាងជើង គឺប្រាសាទបន្ទាយទេព ខ្លះហៅថាប្រាសាទនាងកែវ ដែលមានមាត់ជណ្ដើរចាស់សល់កប់ក្នុងដីរហូតចុះក្រោមមកដល់កសិណទឹកឯជើងភ្នំ ។ ចំណែកប្រាសាទទី៥ដែលស្ថិតនៅចំកណ្ដាលហើយធំជាងប្រាសាទទាំង៤ គឺប្រាសាទពណ្ណរាយដែលជាទីសក្ការបូជា ហើយព្រះពុទ្ធរូបដែលមានទាំងប៉ុន្មានពីមុនមកនោះត្រូវប្រមូលយកមកទុក កំពូលប្រាសាទបាណន់ក្នុងប្រាសាទពណ្ណរាយនេះទាំងអស់ ។ នៅពីលើកំពូលប្រាសាទនោះមានរូបផ្កាឈូកតែត្រូវបាក់បែកកំពូលដោយសារគ្រាប់ផ្លោងនាសម័យសង្គ្រាម ព្រោះកាលសង្គ្រាមមានទាហានឈរជើងនៅលើប្រាសាទនេះបាញ់ដាក់គ្នាទៅវិញទៅមក ។
ទីធ្លាប្រាសាទនៅលើកំពូលភ្នំបាណន់មានទំហំប្រហែល៤០ម៉ែត្រគុណ៦០ម៉ែត្រ ហើយនៅខាងក្រោមនៃជើងភ្នំប៉ែកខាងត្បូងមានល្អាងចំនួន៣ដែលប្រជាពលរដ្ឋតែងតែចូលទៅលេងពេលបុណ្យទាន ឬថ្ងៃសៅរ៍អាទិត្យគឺល្អាងព្រះទឹក ល្អាងបាត់មាស និងល្អាងផ្កាថ្មដែលមានសណ្ឋានខុសៗគ្នាទាំងអស់ ។ កំពូលភ្នំបាណន់មានកម្ពស់៧១ម៉ែត្រ និងជណ្ដើរឡើងប្រាសាទមានចំនួន៣៥៨កាំ ៕



