ប្រាសាទប្រែរូប

longheng

ប្រាសាទប្រែរូប


ប្រាសាទប្រែរូប​ជា​ប្រាសាទភ្នំ​កសាង​ឡើង​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា

ប្រាសាទប្រែរូប​ មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២៣០០​ម៉ែត្រ​ ពី​ផ្លូវ​ខ្វែង​វង់​ធំ​និង​វង់​តូច​នៃ​តំបន់​អង្គរ​ខេត្ដ​សៀមរាប​ ត្រង់​ជ្រុង​ស្រះស្រង់​នៃ​ផ្លូវកែង​កាច់​ទៅ​ទិស​ខាងជើង​ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ ពី​ខាងត្បូង​តំបន់​ទក្សិណ​នៃ​បារាយណ៍​ទិស​បូព៌ា​ គឺ​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​១៦ ។​

ផ្អែក​តាម​ឯកសារ​ «ដើម​កំណើត​អង្គរ» ដែល​រៀបរៀង​ដោយ​លោក​ ម៉ារ បូ មន្ដ្រី​អភិរក្ស​តំបន់​អង្គរ​ខេត្ដ​សៀមរាប ​បោះពុម្ព​នៅ​ឆ្នាំ​១៩៦៩​ បាន​សរសេរ​ឲ្យ​ដឹង​ថា​ ប្រាសាទប្រែរូប​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១០​ ក្នុង​គ.ស​៩៦១​ ដោយ​ព្រះបាទ​រាជិន្ទ្រាវរ្ម័ន​ មច្ឆា​មរណៈ​ «ព្រះ​នាម​សេវៈ​លោការ» ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ។​ ប្រាសាទប្រែរូប​នេះ​បាន​សាង​ឡើង​ក្រោយ​ប្រាសាទ​មេបុណ្យ​ ក៏​ប៉ុន្ដែ​ប្រាសាទ​នេះ​មាន​សភាព​ដូច​គ្នា​បេះបិទ​ជាមួយ​ប្រាសាទ​មេបុណ្យ​ ពោល​គឺ​ប្រាសាទ​ដែល​បាន​កសាង​ឡើង​ជា​ប្រាសាទភ្នំ​ ព្រមទាំង​មាន​ថែវ​លេច​លយ​ចេញ​តាំងពី​ពេល​កសាង​មក​ម្ល៉េះ​ ហើយ​មាន​រៀប​ជា​បន្ទប់​វែងៗ​សំយុង​មក​ក្រោម​ទៀត ។​

តាម​ការ​បង្ហាញ​ពី​មន្ដ្រី​ផ្នែក​បុរាណវិទ្យា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ឲ្យ​ដឹង​ដែរ​ថា​ តាម​សិលាចារឹក​របស់​ប្រាសាទប្រែរូប​បាន​បញ្ជាក់​នូវ​កាល​វេលា​នៃ​ការ​កសាង​យ៉ាង​ច្បាស់​ ព្រមទាំង​បាន​បញ្ជាក់​អំពី​ព្រះរាជវង្ស​នៃ​ព្រះបាទ​រាជិន្ទ្រាវរ្ម័ន​ ដែល​ព្រះ​អង្គ​បាន​សាង​លិង្គ​ឈ្មោះ​ រាជិន្ទ្រាបាត្រស្វរៈ ​ដាក់​នៅ​នឹង​តួ​ប្រាសាទ​កណ្ដាល ​ហើយ​ក៏​មាន​បង្ហាញ​ដោយ​រូបសំណាក​ព្រះ​អង្គ​តម្កល់​នៅ​នឹង​ប្រាសាទ​តាម​ជ្រុង​ផង​ដែរ​ ដែល​សុទ្ធ​សឹង​ទាក់ទង​ទៅ​នឹង​លទ្ធិ​ព្រហ្មញ្ញសាសនា ។​

តាម​ការ​បង្ហាញ​ដដែល​បានឲ្យ​ដឹង​ថា​ ប្រាសាទប្រែរូប​ជា​កន្លែង​សម្រាប់​ព្រះ​អាទិទេព​ដោយ​នៅ​ក្នុង​ប្រាសាទប្រែរូប​បាន​លាតត្រដាង​ឲ្យ​ឃើញ​នូវ​ទ្រង់ទ្រាយ​និង​វិសាលភាព​យ៉ាង​ប្រណិត​ដែល​សាង​ឡើង​ដោយ​វត្ថុ​ធាតុ​ពណ៌​ក្រហម​គឺ​ថ្មបាយក្រៀម​ និង​ឥដ្ឋ​ប្រាសាទ​នេះ​មាន​រាង​ជា​សាជី​ ដូច​ជា​មកុដ​រាជ​៤​ជ្រុង​ព្នាយ​ ហើយ​មាន​ជា​បន្ទប់​ដែល​តាម​ជំនឿ​គេ​កំណត់​ថា​ សាង​ឡើង​ឧទ្ទិស​ចំពោះ​វីរៈជន​ ព្រមទាំង​មាន​ជា​គុហារ​តូចៗ​ចំនួន​១២​ នៅ​តាម​ក្បាល​ជណ្ដើរ​សម្រាប់​ធ្វើ​ជា​កន្លែង​តម្កល់​សិវៈលិង្គ​ដូច​នៅ​ប្រាសាទ​បាគង​ដែរ ។​

គួរ​បញ្ជាក់​បន្ថែម​ថា​ តាម​ថី្វ​ដៃ​នៃ​និម្មាបនកម្ម​ ប្រាសាទ​នេះ​មាន​កំពែង​២​ជាន់​ប្រកបដោយ​គោបុរៈ​បួន​ ហើយ​មាន​តួ​ប្រាសាទ​រាង​សាជី​ ដែល​មាន​ជណ្ដើរ​តូចៗ​សម្រាប់​ទល់​ទ្រ​តួ​ប្រាសាទ​បន្ទាយ​មាន​ចំនួន​៥ ។​ ផ្នែក​ខាងកើត​នៃ​កំពែង​ខាងក្រៅ​មាន​ទ្រង់ទ្រាយ​សមរម្យ​តាម​ការ​និយម​ ដោយ​មាន​សាង​ជា​ប្រាង្គ​ប្រាសាទ​ពីរ​ក្រុម​ស្ថិត​នៅ​៣​ម្ខាង​តាម​របៀប​យ៉ាង​សម​ទៅ​តាម​អ័ក្ស​នៅ​លើ​ខឿន​គ្រឹះ​ធំ​តែ​មួយ ។​ ផ្អែក​តាម​ការ​បង្ហាញ​របស់​លោក​ ម៉ារ​ បូ​ បាន​លើក​ឡើង​ថា​ តួ​ប្រាង្គ​ទី​១​ ដែល​នៅ​ទិស​ខាងជើង​ផ្លូវ​ចូល​ ពុំ​បាន​សាងសង់​លើ​មូលដ្ឋាន​នៃ​ខឿន​ដែល​បាន​ប្រុងប្រៀប​ជា​ស្រេច​នោះ​ទេ​ ឬ​មួយ​គេ​យក​ឥដ្ឋ​ប្រាង្គ​នេះ​ទៅ​ប្រើ​ជួសជុល​កន្លែង​ដទៃ​ទៀត​ ដោយសារ​ការ​ទ្រុឌទ្រោម ។​ នៅ​លើ​ខឿន​គ្រឹះ​កណ្ដាល​មាន​ប្រាង្គ​មួយ​ធំ​ជាងគេ​ ដែល​មាន​សភាព​គ្រប​សង្កត់​នៅ​លើ​ប្រាសាទ​ឯទៀត​ដែល​ប្រាសាទ​នីមួយៗ​ មាន​ប្រវែង​៥​ម៉ែត្រ​ក្នុង​មួយ​ជ្រុងៗ​ ព្រមទាំង​មាន​សាង​ជា​ថ្នាក់​តូចៗ​នៅ​ផ្នែក​ដំបូល ។​


តាម​ការ​សន្និដ្ឋាន​របស់បុរាណ​វិទូ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​ ប្រាសាទប្រែរូប​បាន​កសាង​ឡើង​មាន​សណ្ឋាន​ដូច​ជា​កន្លែង​បញ្ចុះ​សព​ ដែល​ជា​កន្លែង​ធ្វើ​ឡើង​តាម​ប្រពៃណី​នៃ​ឈាបនកិច្ច​ទៅ​វិញ​ ដោយ​ក្នុង​នេះ​គេ​ឃើញ​មានការ​គូសវាស​ព្រាង​ជាដំបូង​នូវ​រាង​គំនូរ​អសុភ​ហូរហែ​គ្នា​ផង​ដែរ​ ដែល​គេ​មិន​អាច​សន្និដ្ឋាន​បាន ៕​


ប្រភពៈ  សាលអាន​ ថ្ងៃ​ទី​ ២៩/១២/០៦​ (អត្ថបទ​ដកស្រង់​ពី​កាសែត​កម្ពុជាថ្មី)


ខាងក្រោមនេះ ជាទិដ្ឋភាព​ប្រាសាទ​ប្រែរូប​​ដែល​ ឈូកខ្មែរ បាន​ថត​កាល​ពីឆ្នាំ​២០០៧ និង ២០០៩

















































ប្រាសាទប្រែរូប​ឧទ្ទិស​ថ្វាយ​ព្រហ្មញ្ញសាសនា​និង​ជា​កន្លែង​បូជាព្រះសព

ប្រាសាទ​ប្រែរូប គឺជា​ប្រភេទ​ប្រាសាទភ្នំ ដែល​បុព្វបុរស​យើង​កសាង​ឡើង​ធ្វើ​ពី​ឥដ្ឋ និង​ថ្ម​បាយក្រៀម មាន​កំពូល​៥​ខ្ពស់ត្រដែត​ផុត​ចុង​ព្រៃ​ព្រឹក្សា រាង​សាជី និង​មាន​ចម្លាក់​ល្អឆើត​ឆាយ​ទៀត​ផង ។ តាម​រយៈ​សំណង់​នៃ​ប្រាសាទ​នេះ​គេ​អាច​សន្និដ្ឋាន​ថា កសាង​នៅ​សម័យ​មហានគរ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រហ្មញ្ញ​សាសនា ព្រលឹង​វីរជន និង​ជាទី​កន្លែង​សម្រាប់​បូជាសព​ស្ដេច ដែល​មាន​ប៉ម​តូច​មួយ​នៅ​ក្បែរ​នោះ សម្រាប់​លាង​ធាតុ​បន្ទាប់​ពី​បូជា​រួច ។​

សព្វថ្ងៃ​ប្រាសាទ​ទទួល​បានការ​និយម​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ​គ្រប់​មជ្ឈដ្ឋាន​នាំ​គ្នា​ទៅ​ទស្សនា​ជា​ហូរហែ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​បុណ្យប្រពៃណី​ជាតិ​យ៉ាងច្រើន​កុះករ ។

ប្រាសាទ​ប្រែរូប ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ នៅ​ភាគ​ខាងត្បូង​បារាយណ៍​ខាងកើត​នៃ​ភូមិសាស្ដ្រ​ខេត្ដសៀមរាប​ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន (គ.ស​៩៦១) នា​សម័យ​មហានគរ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា មាន​តម្កល់​លិង្គព្រះឥសូរ និង​ជា​កន្លែង​បូជាសព​ស្ដេច​សម័យ​នោះ ដោយសារ​មាន​លក្ខខណ្ឌ​ធម្មជាតិ​អំណោយផល​ល្អ ។

ប្រាសាទ​ថ្ម​នេះ មាន​រចនាប័ទ្ម​ល្អឆើត​ឆាយ និង​វិសាលភាព​ធំធេង ហើយ​មាន​ខឿន​៣​ថ្នាក់​ដែល​ខ្ពស់​ត្រដែត​កណ្ដាល​អាកាស​វេហាស៍ ព្រមទាំង​មាន​កំពែង​ព័ទ្ធ​ជុំវិញ បណ្ដោយ​១២០​ម៉ែត្រ និង​ទទឹង​១០៨​ម៉ែត្រ ។ នៅ​ជាន់​ទី​២ (ថ្នាក់​ទី​២) គេ​សង្កេត​ឃើញ​មាន​ស្នូក​ថ្ម​រាង​ទ្រវែង​៤​ជ្រុង ដែល​ស្ថិត​នៅ​ជុំវិញ​ជើងថ្ករ ធ្វើ​ឲ្យ​អ្នកសិក្សា និង​អ្នក​ទស្សនា​មួយ​ចំនួន​យល់​ថា ទី​នេះ​ជា​កន្លែង​បូជាសព​ស្ដេច ឬ​វីរជន​ដែល​មាន​កិត្ដិយស​ខ្ពង់ខ្ពស់ ។ ចំណែក​នៅ​ថ្នាក់​ទី​៣ មាន​ជណ្ដើរ​ចុះ​ទៅ​តាម​ទិស​ទាំង​៤ ហើយ​មាន​រូប​សីហៈ​ឈរ​អម​ជណ្ដើរ​ទាំង​នោះ​ទៀត​ផង ព្រមទាំង​មាន​ប្រាង្គ​កណ្ដាល​ធំ ហើយ​ខ្ពស់ត្រដែត និង​ប្រាង្គ​៤​ទៀត​នៅ​អម​គ្រប់​ជ្រុង​ទាំងអស់ ។​


បើ​តាម​សៀវភៅ​ដើម​កំណើត អង្គរ​របស់​លោក​ម៉ារ បូរ បញ្ជាក់ថា ប្រាសាទ​នេះ​កសាង​ក្រោយ​ប្រាសាទ​មេបុណ្យ ប៉ុន្ដែ​មាន​សភាព​ដូច​គ្នា​បេះបិទ … គឺ​ប្រាសាទ​ដែល​សាង​ឡើងជា​ប្រភេទ​ប្រាសាទភ្នំ ព្រមទាំង​មាន​ជា​ថែវ​លេច​លយ​ចេញ​តាំងពី​ពេល​សាង​មក​ម៉្លេះ មាន​ទាំង​បន្ទប់​វែងៗ​សំយុង​បន្ដ​មក​ក្រោម​ទៀត ។ ប្រាសាទ​ទាំងនេះ​ជា​កន្លែង​សម្រាប់​ព្រះ​អាទិទេព មាន​រាង​ជា​សាជី​ដូចជា​មកុដ​រាជ​បួន​ជ្រុង ហើយ​មាន​ជា​បន្ទប់​ដែល​សាង​ឧទ្ទិស ចំពោះ​វីរជន ព្រមទាំង​មាន​ជា​គុហារ​តូចៗ​ចំនួន​១២​នៅ​តាម​ក្បាល​ជណ្ដើរ ជា​កន្លែង​សម្រាប់​តម្កល់​សិវៈលិង្គ​ដូច​ជា​នៅ​ប្រាសាទបាគង​ដែរ ។ ឯ​សិលាចារឹក​បាន​អធិប្បាយ​ប្រាប់​ពី​កំណត់​កាល​កសាង​ពី (គ.ស​៩៦១) និង​ប្រាប់​ពី​ឈ្មោះ​ប្រាសាទ ព្រមទាំង​បាន​បញ្ជាក់​អំពី​ខ្សែ​រាជវង្ស​នៃ​ព្រះបាទ​រាជេន្ទ្រា​វរ្ម័ន ដែល​ព្រះអង្គ​បាន​សាង​លិង្គ ឈ្មោះ​រាជេន្ទ្រា​បាត្រស្វរៈ​ដាក់​នៅ​នឹង​តួ​ប្រាសាទ​កណ្ដាល ហើយ​មាន​រូបសំណាក​ព្រះ​អង្គ​តម្កល់​នៅ​នឹង​ប្រាសាទ​តាម​ជ្រុង​នីមួយៗ គឺជា​ព្រះ​រូប​ដែល​ទាក់ទង​នឹង​សាសនា​ព្រាហ្មណ៍ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ទ្រទ្រង់ និង​គោរព​ព្រះ​ឥសូរ ឯ​ព្រះ​មាតុច្ឆា និង​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ទ្រង់​គោរព ព្រះ​នាង​ឧមា​ភគវតី ដែល​ជា​មហេសី​នៃ​ព្រះ​ឥសូរ​ព្រះបាទ​ហសវរ្ម័ន ទ្រង់​គោរព​ព្រះ​នារាយណ៍ ។

សិលាចារឹក​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​នៅ​រួបរួមសាមគ្គី​រវាង​ព្រះរាជ​វង្សានុវង្ស ក្នុង​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​ជន្ម​នៅ​ឡើយ ។ នៅ​ស្រប​នឹង​អ័ក្ស​នៃ​ប្រាសាទ​មេបុណ្យខាងកើត មាន​ទីវាល​មួយ​ប្រកបដោយ​ផលិតផល​យ៉ាង​ប្រសើរ ដោយ​ការ​បង្ហូរទឹក​ពី​បារាយណ៍​ទិស​ខាង​កើត​មក​ប្រើប្រាស់ ។ បើ​តាម​យោបល់​លោក ហ្វីលីព​ស្ទាន ​ថា ទី​នេះ​ជា​កន្លែង​លូតលាស់​ក្រោយ​ពេល​ដែល​លើក​ទីក្រុង​ពី​កោះកេរ្ដិ៍​មក ព្រោះ​ទីក្រុង​នេះ​បាន​ត្រូវ​បោះបង់​ចោល​ក្រោយ​ពី​ពេល​ដែល​មាន​ការ​រីក​ចម្រើន​ពី (គ.ស​៩២១-៩៤៤) ។ ព្រះ​បាទ​រាជេន្ទ្រា​វរ្ម័ន បាន​បោះបង់​រាជធានី​នេះ ដើម្បី​មក​កាន់​អង្គរ​វិញ ដែល​ក្នុង​សម័យ​នោះ ហៅ​ថា យសោធបុរៈ ។

គេ​ពុំ​បានដឹង​ថា​តើ​មក​ពី​ហេតុ​អ្វី​ទេ បានជា​ជនជាតិ​ខ្មែរ​ចាត់ចែង​ប្រាសាទ​នេះ​ឡើង​ឲ្យ​មាន​ទ្រង់ទ្រាយ​ដូច​ជា​កន្លែង​បញ្ចុះ​សព មាន​ឈ្មោះ​ថា ប្រែរូប ដែល​ជា​កន្លែង​ធ្វើ​ឡើង​តាម​ប្រពៃណី​នៃ​ឈាបនកិច្ច ដូច​ជា​ការ​គូស​វាស​ព្រាង​ជាដំបូង​នូវ​រាង​គំនូរ​រូប​អសុភ​យ៉ាង​ហូរហែ​គ្នា​តាម​ការ​ផ្គត់ផ្គង់​យ៉ាង​ប្លែកៗ​ពី​គ្នា​ដូច្នេះ ។

ប្រាសាទប្រែរូប​នៅ​តាម​ផ្នែក​ខ្លះ​បាន​របេះ​ធ្លាក់​ថ្ម​មួយ​ចំនួន តែ​វា​បាន​បង្ហាញ​ពី​ភាព​រឹងមាំ ល្អ​ឆើត​ឆាយ​នៅឡើយ ដោយ​នៅ​ទីនោះ​មាន​ទីកន្លែង​សម្រាប់​គោរព​បូជា​លទ្ធិ​ព្រហ្មញ្ញ​សាសនា ព្រលឹង​វីរជន និង​ជា​កន្លែង​សម្រាប់​បូជាសព​ស្ដេច​នៅ​សម័យ​នោះ​ទៀត​ផង ។

ប្រាសាទ​នេះ​កំពុង​តែ​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្ដិសាស្ដ្រ​មួយ​ចំនួន​ឲ្យ​ចង់​ឃើញ ចង់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត ។ អ្នកទេសចរ​មួយ​ចំនួន​ដែល​មក​ទស្សនា​ប្រាសាទ​ទាំងឡាយ​នៅ​តំបន់​អង្គរ រួច​បាន​ឆ្លៀត​ឱកាស​ទៅ​ទស្ស​នា​ទីនោះ​បន្ថែម​ទៀត ដើម្បី​ស្វែង​យល់​ពី​សម្បត្ដិ​មរតក​វប្បធម៌ ដែល​បុព្វបុរស​យើង​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ ហើយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​ទៀត​ផង ៕


ប្រភពៈ សាលអាន ថ្ងៃ​ទី ១២/០៥/០៦ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Comments