ប្រាសាទ​វត្ត​ចេតិយ

longheng

ភ្ជុំបិណ្ឌថ្ងៃទី៥

កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ឆ្នាំ​២០០៨ ត្រូវ​ជា​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​៥ ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​ (គំរោង​អេកូសន) បាន​​ស្រាក់​ថវិកា​គ្នា​ដោយ​សទ្ធា​ជ្រះ​ថ្លា ​​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​ចេតិយ​ ស្ថិត​នៅ​ក្នុង​ស្រុក​សៀមរាប ខេត្ត​សៀមរាប ។

ការិយាល័យ​គំរោង​អេកូសន​ខេត្ត​សៀមរាប

ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​រួមខេត្ត​សៀមរាប​តាម​ផ្លូវជាតិ​លេខ​៦​តាម​ទិស​​ទៅ​កាន់​ព្រះលាន​យន្ត​ហោះ​អន្តរជាតិ បត់​ឆ្វេង​ឆ្ពោះ​ទៅ​ខាង​ត្បូង​នៅ​ពេល​ជិត​ដល់​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន ​ទី​៧ ចូល​ទៅ​ប្រមាណ​៦ ឬ​៧ គម យើង​បាន​មក​ដល់​ទី​អារាម​ចេតិយ ​ដែល​ត្រូវ​បាន​គេ​កសាង​នៅ​លើ​ទួល​ប្រាសាទ​បុរាណ​មួយ​ដែល​ត្រូវ​បាន​គេ​កសាង ​អំពី​ឥដ្ឋ ។ ព្រះ​វិហារ​បច្ចុប្បន្ន​របស់​វត្ត​សង់​​នៅ​​ពី​ខាង​ត្បូង​ព្រះវិហារ​បុរាណ​ បាក់​បែក​​មួយ​ដែល​ត្រូវ​បាន​គេ​សាងសង់​ពី​លើ​គ្រិះ​ប្រាសាទ​បុរាណ ។ ប្រសិនបើ​សង្កេត​មើល​លើ​រចនាបថ​នៃ​ការ​ស្ថាបនា ព្រះវិហារ​បុរាណ​នេះ​ប្រហែល​ត្រូវ​បាន​គេ​កសាង​ឡើង​តាំង​ពី​សតវត្ស​ទី​១៦ ពីព្រោះ​មាន​ចេតិយ​មួយ​ស្ថិត​​នៅ​ពី​ក្រោយ​ព្រះវិហារ​ដែល​​ត្រូវ​បាន​គេ​សាង ​គ្រប​ពី​លើ​ប្រាសាទ​បុរាណ​ ។


ព្រះ​វិហារ​បុរាណ​ទ្រុឌទ្រោម និង​ចេតិយ​សង់​គ្រប​ពីលើ​ប្រាសាទ​បុរាណ​នៅ​ពី​ក្រោយ



រូប​គំនូរ​នៅ​លើ​ជញ្ជាំង​គ្មាន​ដំបូល​នៃ​ព្រះវិហារ​បុរាណ

ប្រាសាទ​បុរាណ ​ដែល​ត្រូវ​គេ​សង់​តេចិយ​គ្រប​ពី​លើ យើងអាច​មើល​ឃើញ​ឥដ្ឋ​ដែល​គេ​យក​មក​​សាងសង់​ប្រាសាទ​ដូច​គ្នា​នឹង​ឥដ្ឋ​នៅ​ ប្រាសាទ​ក្រវ៉ាន់ ឬ​ប្រាសាទ​សង់​ពី​ឥដ្ឋ​ដទៃ​ទៀត​ដែរ

ផ្ដែរ​នៃ​ប្រាសាទ​បុរាណ​ដែល​គេ​សង់​ចេតិយ​គ្រប​ពី​លើ

ខ្ញុំ​សង្កេត​ឃើ​ញ​ថា វត្ត​ចេតិយ​ហាក់​ដូច​ជា​មាន​សភាព​ស្ងប់​ស្ងាត់​បន្តិច ព្រោះ​ពុំ​សូវ​ឃើញ​មាន​អ្នក​ពី​ចម្ងាយ​មក​ដាក់​បិណ្ឌ​​​ច្រើន​ដូច​វត្ត​នៅ​ ក្នុង​ក្រុង ឬ​វត្ដ​ដទៃ​ទៀត​ឡើយ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ស្រុក​ចំណុះ​ជើង​វត្ត ។

យើង​បាន​ធ្វើ​ពិធី​បង្សុកូល និង​ប្រគេន​ចង្អាន់​ដល់​ព្រះសង្ឃ​នៅ​ធម្មសាលា​ជាប់​នឹង​ផ្ទះ​បាយ​របស់​វត្ត​ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង ។

ពិធី​បង្សុកូល និង​ប្រគេន​ចង្អាន់​ដល់​ព្រះ​សង្ឃ

បន្ទាប់​មក​ យើង​ក៏​បាន​ចូល​ទៅ​ក្នុង​សាលា​ឆាន់ ដើម្បី​សូត្រ​ធម៌​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ញាតិការ​ទាំង​៧​សណ្ដាន និង​បាន​រាប់​បាត្រ​នៅ​ទី​នោះ ។

សាលា​ឆាន់​វត្ត​ចេតិយ​មើល​ពី​ខាង​មុខ

ពុទ្ធសាសនិក​ទាំង​ក្មេង​ទាំង​ចាស់​សូត្រ​ធម៌​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ញាតិការ​ទាំង​៧​សណ្ដាន




បាយ​ក្នុង​ចាន​ដែល​នឹង​ត្រូវ​ដាក់​បាត្រ​ឧទ្ទិស​បញ្ជូន​ទៅ​ដល់​ញាតិការ​ទាំង​៧​សណ្ដាន

ចាន​បាយ​របស់​ខ្ញុំ

ពុទ្ធសាសនិក​ទាំង​ក្មេង​ទាំង​ចាស់​តម្រៀប​គ្នា​ជា​ជួរ​នៅ​ពេល​រាប់​បាត្រ



បាត្រ​របស់​ព្រះសង្ឃ​ត្រូវ​បាន​គេ​តម្រៀប​នៅ​លើ​ទូក​មួយ​ដើម្បី​រាប់​បាត្រ

អសនៈ​បាយសី​ចំនួន​៣ ត្រូវ​បាន​រៀប​នៅ​ខាង​មុខ​ផ្នែក​ខាង​ជើង​នៃ​សាលា​ឆាន់


នៅ​ជ្រុង​ខាង​ជើង​សាលា​ឆាន់​ក៏​មាន​វង់​ភ្លេង​ពិណពាទ្យ​មួយ​វង់​ផង​ដែរ ដែល​អ្នក​លេង​គឺ​សុទ្ធ​តែ​ជា​យុវជន


សូម​ថ្លែង​អំណរ​គុណ​ជា​ពន្លឹក​​ដល់​បុគ្គលិក​នារី​ ដែល​បាន​ចំណាយ​​កម្លាំង​កាយ និង​ពេល​វេលា​ដើម្បី​រៀប​ចំ​ចង្អាន់​ និង​តិយទាន​ផ្សេងៗ​សម្រាប់​ប្រគេន​ព្រះសង្ឃ​ឱកាស​ដ៏​ល្អ​ប្រពៃ​នេះ និង​សូម​ប្រគេន​ពរ និង​ជូន​មគ្គ​ផល​ដល់​​ជន​រួម​ជាតិ​ដែល​បាន​អាន​អត្ថបទ​នេះ សូម​អនុមោទនា! ៕

 



អត្ថបទ​ពាក់ព័ន្ធៈ    រឿងព្រេង​នាង​កែវប្រាំពីរ​ពណ៌ និង​វត្ត​ចេតិយ

Comments