ប្រទះឃើញចម្លាក់តោបុរាណអាយុ១.០០០ឆ្នាំនៅប្រាសាទស្នឹង
ចម្លាក់តោបុរាណកប់ក្នុងដីក្បែរប្រាសាទស្នឹង
គ្រឿងចក្រកាយសាងសង់ប្រព័ន្ធលូជុំវិញប្រាសាទស្នឹង ប្រទះឃើញរូបចម្លាក់តោបុរាណអាយុ១.០០០ឆ្នាំ
រូបចម្លាក់សត្វតោ ដែលមន្ដ្រីជំនាញអះអាងថា ធ្វើអំពីថ្មភក់មានអាយុកាលប្រហែល១.០០០ឆ្នាំ ត្រូវបានគេប្រទះឃើញកប់ក្នុងដីក្បែរប្រាសាទស្នឹង នៅ ប្រាសាទយាយទែន ។ ការប្រទះឃើញតោថ្មបុរាណនេះ គឺក្នុងគ្រាដែលគ្រឿងចក្ររបស់ក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ៥៧ កាយប្រព័ន្ធលូបង្ហូរទឹកក្បែរប្រាសាទនោះ ។ លោក ពាញ ពាក សមាជិកគណៈកម្មការវត្ថស្នឹងដែលរូបលោកបានឃើញភ្លាមៗនាពេលនោះនិយាយ ថា តោថ្មបុរាណនេះត្រូវបានរកឃើញនៅវេលាម៉ោង៥ និង៤០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១០ ដែលកប់ក្នុងដីជ្រុងខាងជើងប្រាសាទចម្ងាយប្រហែល៧ម៉ែត្រ ស្ថិតនៅក្នុងភូមិស្នឹងខាងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្រៅពីប្រទះឃើញរូបតោថ្ម គេក៏ប្រទះឃើញប្រអប់ដៃឆ្វេងកាន់ឈើច្រត់មួយកំណាត់ផងដែរ ដែលធ្វើពីថ្មដូចគ្នា ។ គាត់បញ្ជាក់ថា គ្រឿងចក្របានកាយប្រព័ន្ធបង្ហូរទឹកពីជុំវិញប្រាសាទក្នុងជម្រៅជា កន្លះម៉ែត្រ ក៏ប្រទះឃើញវត្ថុបុរាណនេះ រួចមនុស្សជាច្រើនបានភ្ញាក់ផ្អើលចោមរោមមើល ហើយអាជ្ញាធរក៏លើកយកទៅរក្សាទុកនៅក្នុងវត្ដស្នឹង ដើម្បីរង់ចាំមន្ដ្រីជំនាញទៅពិនិត្យ ។
ការកាយធ្វើប្រព័ន្ធលូការពារប្រាសាទប្រទះឃើញចម្លាក់តោ
លោក គឹម សោភ័ណ្ឌ ប្រធានការិយាល័យបេតិកភណ្ឌបានប្រាប់ថា រូបតោថ្មនេះមានកម្ពស់៧៨សង្ទីម៉ែត្រ បណ្ដោយខ្លួនប្រវែង៥៤សង្ទីម៉ែត្រ ធ្វើពីថ្មភក់ ដែលសាងសង់ក្នុងសតវត្សទី១១ ។ លោកបានថ្លែងថា ប្រាសាទស្នឹង ឬប្រាសាទយាយទែននេះមានតោថ្មចំនួន៨ ដែលនៅតាមខ្លោងទ្វារទាំង៤ទិស ប៉ុន្ដែបានបាត់ទាំងអស់ ហើយរូបតោថ្មដែលគ្រឿងចក្រកាយប៉ះនេះ គឺជារូបតោដែលនៅខ្លោងទ្វារប្រាសាទនេះហើយ តែយើងមិនអាចដឹងថា វាត្រូវកប់ដីពីកាលណាទេ ។ រីឯប្រអប់ដៃឆ្វេងមួយកំណាត់ដែលមានទ្រង់ទ្រាយកាន់ឈើច្រត់នោះ លោក គឹម សោភ័ណ្ឌ បានបញ្ជាក់ថា វាជាប្រអប់ដៃព្រះវិស្ណុច្រត់ដំបង (ដៃឆ្វេង) ដែលស្ថាបនាក្នុងសតវត្សទី១១ដូចគ្នា ធ្វើពីថ្មភក់ពណ៌ខៀវសម័យបាពួន ។ ទោះយ៉ាងណា លោកប្រធានការិយាល័យជំនាញរូបនេះបានបញ្ជាក់ថា លោកដឹករូបតោថ្មបុរាណដ៏កម្រនេះមករក្សាទុកនៅក្នុងសារមន្ទីរ ខេត្ដបាត់ដំបងហើយ ។ លោកបានបញ្ជាក់ថា រូបតោនេះបានបាក់បែកផ្នែកជើងទាំង៤ ដោយមានស្នាមចាស់ និងស្នាមថ្មី ដោយសារប៉ះគ្រឿងចក្រគួរឱ្យស្ដាយដោយសារតែកប់ក្នុងដី មិនដឹង ៕
ដកស្រង់ពីសារព័ត៌មានកោះសន្តិភាព ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១០
អំពីប្រាសាទស្នឹង
ប្រាសាទស្នឹង ស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចម្ងាយ២២គ.ម ពីទីរួមខេត្តបាត់ដំបង ។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម ។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុង សតរត្សទី១២ដែរ ។ ប្រាសាទចំនួន២ ស្ថិតនៅក្នុងបរិវេណវត្តស្នឹង និងមួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិន ៕
អត្ថបទពាក់ព័ន្ធៈ «ស្នឹង» ជាប្រាសាទដ៏អភ័ព្វនៅបាត់ដំបង



