ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ
ផែនទីក្រុងអង្គរធំ
មហានគរដែលត្រូវឆេះបាក់បែកខូចខាតអន្តរាយអស់ជាច្រើនដោយសារចាមក្នុងឆ្នាំ១១៧៧ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ គ.ស (១១៨១‑១២០១) រៀបចំចាត់ចែងឲ្យកសាងឡើងវិញសាជាថ្មី ។ នេះជាលើកទី៣ហើយដែលមហានគរត្រូវសាងសង់ ។ នគរធំរបស់ព្រះបាទជ័យវរ្ម័នទី៧ត្រូវបានគេចាត់ទុកជាស្នាដៃឯកប្លែកខុសពីធម្មតាដែលមាននៅក្នុងសិល្បៈខ្មែរ ។ គឺខ្មែរជំនាន់នោះបានប្រឌិតបង្កើតសិល្បៈថ្មីមួយដែលវិវត្តទៅតាមចលនារបស់សង្គមជាតិ ។ នគរធំដែលស្ថិតនៅរៀងរហូតមកដល់សព្វថ្ងៃ ជាស្នាដៃយ៉ាងធំធេងចម្បងរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
នគរធំ ឬមហានគរមានជ្រុងនីមួយៗប្រវែង៣គីឡូម៉ែត្រ ហើយមានទំហំប្រហែល ៩ គីឡូម៉ែត្រក្រឡា ។ នគរធំមានកសិណ (គូ ឬ ប្រឡាយទឹក) ដែលមានទទឹងប្រវែង១០០ម៉ែត្រ និងជម្រៅ៥ ឬ៦ម៉ែត្រព័ទ្ធជុំវិញ ។ ដើម្បីចូលទៅក្នុងមហានគរ គេត្រូវដើរឆ្លងកាត់តាមស្ពានថ្មអមទៅដោយរូបចម្លាក់ទេវតា និងយក្ស ដែលកំពុងតែនាំគ្នាទាញនាគ ។ ទេវតា និងយក្ស ម្ខាងៗមានគ្នា៥៤នាក់ ។ បន្ទាប់មក យើងចូលមកដល់ក្លោងទ្វារមហានគរដែលនៅខាងលើមានរូបព្រះលោកេស្វរៈ ។
ជ្រុងនគរធំនីមួយៗមានខ្លោងទ្វារមួយនៅចំកណ្ដាលបែរទៅរកទិសទាំងបួន ។ លើកលែងតែជ្រុងខាងកើតដែលមានទ្វារពីរ គឺ «ទ្វារខ្មោច» មួយ និង «ទ្វារជ័យ» មួយទៀតដែលចាក់ចំទៅរកប្រាសាទភិមានអាកាស ។ ទ្វារខាងត្បូងឈ្មោះថា «ទ្វារទន្លេអុំ» ទ្វារខាងលិចឈ្មោះ «ទ្វារតាកាវ» និងទ្វារខាងជើងឈ្មោះ «ទ្វារដីឆ្នាំង» ។ តាមខ្លោងទ្វារទាំងបួនទិសមានផ្លូវបួនទៅជួបកាត់គ្នាចំកណ្ដាលទីក្រុងនគរធំដែលនៅទីនោះព្រះបាទជ័យវរ្ម័នទី៧បានសាងប្រាសាទមួយដែលមានលក្ខណៈខុសប្លែកអំពីប្រាសាទមុនៗគឺ ប្រាសាទបាយ័ន ។ តជាប់នឹងខ្លោងទ្វារមានជញ្ជាំងថ្មយ៉ាងខ្ពស់សម្រាប់ការពារទីក្រុងដែលគេអាចដើរយាមកាមចុះឡើងបាន ។ នៅជាប់កំពែងនោះមានប្រឡាយទឹកតូចមួយទៀតព័ទ្ធជុំវិញមហានគរ ហើយហូរភ្ជាប់ចូលទៅក្នុងស្រះធំមួយឈ្មោះ «បឹងធំ» ដែលមានបណ្ដោយប្រវែង៤០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ ។
ដោយសំអាងទៅតាមទំហំដីស្រែចម្ការនៅជិតជុំវិញដែលមានបញ្ជាក់នៅក្នុងសិលាចារឹក ដោយយោលទៅតាមនយោបាយទឹករបស់ព្រះមហាក្សត្រខ្មែរដែលមានចំនួនបារាយណ៍ ស្រះព្រែក និងគូជាច្រើន បូករួមទាំងប្រជាជនដែលប្រកបមុខរបរផ្សេងទៀតផង នគរធំ ឬមហានគរត្រូវមានប្រជាពលរដ្ឋប្រហែលមួយលាននាក់ ។ នេះជាការគន់គូរប៉ានស្មានរបស់អ្នកប្រវត្តិវិទូ និងអ្នកបុរាណវិទ្យាក្នុងពេលថ្មីៗនេះ ។
តាមអ្នកឯកទេសដែលសិក្សាអំពីបូរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែនទ្រឹស្ដីព្រះពុទ្ធសាសនា ។ ទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា នៅចំកណ្ដាលចក្រវាលមានភ្នំមួយយ៉ាងធំដែលគេឲ្យឈ្មោះ ភ្នំព្រះសុមេរុ ។ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំមានស្ថានសួគ៌បីជាន់ ។ ឯការសាងសង់នគរធំក៏មានលក្ខណៈដូចគ្នានេះដែរ ។ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាលមានប្រាសាទមួយទៀតជាតំណាងភ្នំព្រះសុមេរុ ។ ប្រាសាទនេះគឺប្រាសាទបាយ័ន ដែលខ្មែរច្រើនតែហៅ «ព្រហ្មបាយ័ន» ។
នៅក្នុងបរិវេណអង្គរធំមានប្រាសាទ និងទីតាំងសំខាន់ៗយ៉ាងច្រើនដូចជា ៖ ប្រាសាទបាយ័ន ប្រាសាទបាភួន ប្រាសាទភិមានអាកាស ព្រះបរមរាជវាំង ប្រាសាទបាលីល័យ វត្តទេពប្រណម្យ លានស្ដេចគំលង់ លានជល់ដំរី ក្រុមប្រាសាទសួព្រ័ត្រ ប្រាសាទឃ្លាំងខាងជើង ប្រាសាទឃ្លាំងខាងត្បូង ក្រុមប្រាសាទព្រះពិធូរ ប្រាសាទតុបខាងកើត ប្រាសាទតុបខាងលិច វត្តព្រះងោក វត្តតាំងតុ វិហារប្រាំពីរល្វែង ។ល។
ផែនទីផ្នែកកណ្ដាលនៃអង្គរធំ
ខ្លោងទ្វារអង្គរធំទិសខាងត្បូង «ទ្វារទន្លេអុំ»
ខ្លោងទ្វារអង្គរធំទិសខាងកើត «ទ្វារខ្មោច»
ខ្លោងទ្វារអង្គរធំទិសខាងកើត «ទ្វារជ័យ»
ខ្លោងទ្វារអង្គរធំទិសខាងជើង «ទ្វារដីឆ្នាំង»
ខ្លោងទ្វារអង្គរធំទិសខាងលិច «ទ្វារតាកាវ»
ប្រាសាទបាយ័ន
វត្តខាងត្បូងប្រាសាទបាយ័ន
វត្តខាងលិចប្រាសាទបាយ័ន
ប្រាសាទបាភួន
ប្រាសាទភិមានអាកាស
ស្រះបុរាណ ខាងជើងប្រាសាទភិមានអាកាស
ប្រាសាទបាលីល័យ
វត្តទេពប្រណម្យ
លានស្ដេចគំលង់
លានជល់ដំរី
ក្រុមប្រាសាទសួព្រ័ត្រ
ក្រុមប្រាសាទព្រះពិធូរ
ប្រាសាទឃ្លាំងខាងត្បូង
ប្រាសាទឃ្លាំងខាងជើង
វត្តតាំងតុ
វិហារប្រាំពីរល្វែង
ប្រាសាទតុបខាងកើត
ប្រាសាទតុបខាងលិច
ប្រាសាទជ្រុង ទិសនីរតី



