ប្រាសាទភ្នំបាខែង
ប្រាសាទភ្នំបាខែង ជាទីតាំងដ៏អស្ចារ្យមួយដែលប្រជុំទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ដើម្បីមើលថៃ្ងលិច និងមើលទេសភាពធម្មជាតិ នៅជុំវិញតំបន់អង្គរ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រ ពីក្រុងសៀមរាប ហើយស្ថិតនៅខាងឆ្វេងដៃផ្លូវពីអង្គរវត្តទៅអង្គរធំ ។ ប្រាសាទភ្នំបាខែងគឺជាស្នាដៃកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅចុងសតវត្សទី៩ ដែលបានសាងសង់នៅលើកំពូលភ្នំធម្មជាតិមួយដែលមានកម្ពស់ ៦៥ម៉ែត្រ ហើយបើគិតចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទនេះ គឺមានកម្ពស់ ៧៨ម៉ែត្រ ។ ប្រាសាទនេះមានទ្វារចូលតាមទិសទាំងបួនមានប្រាង្គចំនួន ១០៨ មានលក្ខណៈតម្រៀបស្មើៗគ្នា និងមានប្រាង្គធំៗចំនួន ១២ ស្ថិតនៅតាមថ្នាក់នៃប្រាង្គប្រាសាទ ដែលតំណាងឱ្យសត្វទាំង ១២ នៃឆ្នាំ នៅប្រាង្គកណ្តាលមានចម្លាក់អប្សរា ។ លើសពីនេះគឺមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញគោបុរៈ និងមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់ ថែមទាំងមានចម្លាក់តោឈរយាមតាមថ្នាក់នីមួយៗទៀតផង ។ សម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅទស្សនាប្រាសាទនេះ គឺលោកអ្នកត្រូវធ្វើដំណើរថ្មើរជើងឡើងទៅលើភ្នំនេះដែលមានកម្ពស់ ៦៥ម៉ែត្រ ៕



