ប្រាសាទបាលីលេយ្យក្នុងជំនឿព្រះពុទ្ធសាសនា
ដោយសារតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ឥទ្ធិពលសាសនា ការងារមនុស្សធម៌ សង្គមកិច្ច ការប្រណាំងប្រជែងស្នាដៃរបស់អ្នកដឹកនាំ គេសង្កេតឃើញបុព្វបុរសខ្មែរជំនាន់មុន បានកសាងប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ។ សំណង់ប្រាសាទតូចធំ ដែលមានក្បាច់ចម្លាក់ល្អប្រណីត ហើយខ្លះមានគុណភាពល្អ និងមួយចំនួនរងនូវការបំផ្លិចបំផ្លាញស្ទើរអស់ ប៉ុន្ដែកេរដំណែលទាំងនេះបានក្លាយជាសម្បត្ដិមរតកវប្បធម៌ដ៏មានតម្លៃក្នុងការទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ។ ចំណែកប្រាសាទបាលីលេយ្យស្ថិតនៅក្នុងបរិវេណប្រាសាទអង្គរធំកសាងនៅក្នុងសម័យមហានគរ គេសង្កេតឃើញក្បាច់ចម្លាក់ទាក់ទងនឹងពុទ្ធប្រវត្ដិយ៉ាងច្រើន ហើយត្រូវបានគេអះអាងថា បុរាណស្ថាននេះឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនាដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋសម័យកាលនោះ ។
ប្រាសាទបាលីលេយ្យស្ថិតនៅក្បែរទីព្រះលានស្ដេចគម្លង់ទឹកដីសៀមរាប គឺនៅខាងលិចប្រាសាទទេពប្រណម្យ ។ បុរាណស្ថាននេះគេសង្កេតឃើញស្ថិតនៅលើគ្រឹះ៣ជាន់មានជណ្ដើរគ្រប់ទិស ដែលភាគច្រើនមានចម្លាក់រឿងរ៉ាវទាក់ទងរឿងពុទ្ធប្រវត្ដិត្រង់ផ្នែកហោជាងផ្ដែរ និងជញ្ជាំងនៃប្រាសាទ ហើយសំណង់ប្រាសាទផ្នែកខ្លះបាក់បែកអស់មួយចំនួន ដែលជាហេតុនាំឲ្យពិបាកក្នុងការរកឈ្មោះអ្នកកសាង ។ ប៉ុន្ដែអ្នកខ្លះអះអាងថាប្រាសាទដ៏ចំណាស់នេះកសាងក្នុងរជ្ជកាលព្រះបាទធរណិន្ទ្រវរ្ម័នទី២ (គ.ស១១៥០-១១៦០) នាសម័យ មហានគរដើម្បីឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ហើយសម័យក្រោយមកទៀតក៏ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ កសាងបន្ថែមដើម្បីបង្រួបបង្រួមសាសនា និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ។
នៅកំពែងនៃប្រាសាទដែលសេសសល់កសាងពីថ្មបាយក្រៀម ចំណែកតួប្រាសាទកសាងពីថ្មភក់មានក្បាច់រចនារស់រវើកគួរឲ្យគយគន់ ព្រមទាំងមានគោបុរៈមួយចំនួនទៀតផង ។ រូបចម្លាក់ជាច្រើនលើជញ្ជាំងលើទ្វារ ផ្ដែរ ហោជាង គឺមានរឿងពុទ្ធប្រវត្ដិជាច្រើន ដូចជាពុទ្ធប្រវត្ដិឈរធ្វើសមាធិ ចូលនិព្វាន មនុស្សអង្គុយគោរពហែហមព្រះអង្គពែនភ្នែន ដោយមានសត្វដំរី ស្វាកំពុងថ្វាយបង្គំ និងសត្វឃ្មុំធ្វើជាផ្លិត ។ នៅផ្នែកម្ខាងទៀតព្រះអង្គទ្រង់សម្ដែងធម៌ទេសនា ព្រះពុទ្ធទ្រង់ជួបជាមួយនាងពិម្ពាសោធរា និងរាហ៊ុលកុមារជាបុត្រា… ។ លើសពីនេះទៅទៀត បានឆ្លុះបញ្ចាំងពីឥទ្ធិពលព្រះពុទ្ធសាសនាកាន់តែជ្រាលជ្រៅតាមរយៈពេលរបស់ប្រាសាទដែលមានចែងនៅក្នុងគម្ពីរសាសនាថា «បាលីលេយ្យ» ក្លាយមកពីពាក្យ «បាវិលីយ ឬភាវិលយកា» គឺជាឈ្មោះតំបន់ព្រៃមួយកន្លែងនៅប្រទេសឥណ្ឌា ដែលព្រះពុទ្ធធ្លាប់គង់នៅ ហើយកាលនោះមានសត្វដំរីមានបុណ្យមួយក្បាលបាននៅចាំបម្រើព្រះអង្គឈ្មោះថា «បាលីលេយ្យ» ។
សំណង់ប្រាសាទបាលីលេយ្យ គឺជាសក្ខីភាពបញ្ជាក់ពីការគោរពប្រកាន់ជំនឿព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅក្នុងសង្គមខ្មែរតាំងពីបុរាណ ហើយមរតកនេះបានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយយ៉ាងប្រសើរបំផុត ។ បច្ចុប្បន្នព្រះពុទ្ធសាសនាមិនត្រឹមតែស្ថិតនៅក្នុងជំនឿប៉ុណ្ណោះទេ ប៉ុន្ដែក្នុងផ្លូវច្បាប់ប្រជាពលរដ្ឋនិងមន្ដ្រីរាជការតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល សុទ្ធសឹងតែជាអ្នកគោរពប្រកាន់សាសនា ព្រមទាំងមានសំណង់វត្ដអារាមពាសពេញផ្ទៃប្រទេសថែមទៀត ។ សំណង់ប្រាសាទទាំងនោះទោះបីជាមិនសូវមានឈ្មោះបោះសម្លេងក្នុងស្រទាប់អ្នកទេសចរក្ដី តែបានបញ្ជាក់ពីវប្បធម៌សិល្បៈអាយុកាលចំណាស់របស់ជាតិសាសន៍ខ្មែរ ហើយនៅថ្ងៃអនាគតនឹងមានអ្នកទេសចរទៅទស្សនាទីនោះកាន់តែច្រើន ៕
ប្រភពអត្ថបទៈ សាលអាន ថ្ងៃទី០៦/១០/០៦ (អត្ថបទដកស្រង់ពីកាសែតកោះសន្ដិភាព)
រូបភាពៈ ថតដោយ ឈូកខ្មែរ ឆ្នាំ២០១០


