ប្រាសាទបន្ទាយឆ្មារនៅលើទឹកដីនៃខេត្ដបន្ទាយមានជ័យ

longheng

ប្រាសាទបន្ទាយឆ្មារនៅលើទឹកដីនៃខេត្ដបន្ទាយមានជ័យ


បន្ទាយមានជ័យ​គឺជា​ខេត្ដ​ថ្មី​នៅ​លើ​ទឹកដី​ចាស់​សម្បូរ​ទៅ​ដោយ​សម្បត្ដិ​វប្បធម៌ និង​ធនធាន​ធម្មជាតិ ដែល​បុព្វបុរស​ខ្មែរ បាន​បន្សល់​ទុក​ឲ្យ​ដែល​មាន​រួម​ទាំង​រមណីយដ្ឋាន ទន្លេ បឹងបួ ប្រាង្គ​ប្រាសាទ​ដែល​មាន​ពាសពេញ​ដី​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ នៅ​ក្នុង​នោះ​ប្រាសាទ​បន្ទាយឆ្មារ​ក៏​ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ដ​បន្ទាយមានជ័យ​ដែរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុកជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ និង​ជា​បេតិកភណ្ឌ សម្បត្ដិ​វប្បធម៌​របស់​ពិភព​លោក​ទៀត​ផង ។ ប្រាសាទ​បន្ទាយឆ្មារ​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នា​សតវត្សរ៍​ទី​១២ និង​ទី​១៣ នៃ​គ្រិស្ដសករាជ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​សិន្ទ្រកុមារ​បុត្រា​របស់​ព្រះ​អង្គ​ព្រមទាំង​សេនា​ស្មោះត្រង់ ៤​នាក់ ទៀត​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​សមរភូមិ ។

ប្រាសាទបន្ទាយឆ្មារ​ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ដោយ​មាន​ចម្ងាយ​៥៩​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ដ​បន្ទាយមានជ័យ​ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៩​ ឆ្លងកាត់​ស្រុក​សិរីសោភ័ណ្ឌ​ចូល​ទៅ​ស្រុក​ថ្មពួក​តែ​ម្ដង ។ ប្រាង្គ​ប្រាសាទ​បន្ទាយឆ្មារ​បង្កប់ខ្លួន​នៅ​ក្នុង​ព្រៃ​ដែល​មាន​ដើមឈើ​ខ្ពស់ៗ តែ​គួរ​ឲ្យ​អនិច្ចា​វា​ត្រូវ​បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ​យ៉ាងដំណំ​នៅ​ក្នុង​សម័យ​សង្គ្រាម​អំឡុង​ឆ្នាំ​១៩៧៩-១៩៩៩ ហើយ​ផ្នែក​ខ្លះ​ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត​ដាប់​វាយ​បំបែក​យក​រូបចម្លាក់​ទៅ​លក់​នៅ​ប្រទេស​ជិតខាង ។ នៅ​ក្បែរ​បរិវេណ​ប្រាសាទ​ហ៊ុម​ព័ទ្ធ​ដោយ​គូ​ទឹកថ្លា​ឈ្វេង​នៅ​ផ្នែក​ខាងកើត និង​ខាងត្បូង​ហើយ​ត្រូវ​បាន​អ្នកស្រុក​យក​មក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។​


អវលោកិតេស្វរៈ ត្រូវបានជ្រើសធ្វើជានិមិត្តសញ្ញារបស់ខេត្តបន្ទាយមានជ័យ

ប្រាសាទ​បន្ទាយឆ្មារ​មិន​ត្រឹមតែ​បង្ហាញ​ពី​វប្បធម៌​វិស័យ​សិល្បៈ សំណង់​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​ទេ តែ​បាន​បង្ហាញ​ពី​អត្ដសញ្ញាណ​ជាតិ​ការ​រីក​ចម្រើន​រុងរឿង​នា​សម័យ​មហានគរ​លើ​គ្រប់​វិស័យ ។ ទាំង​សម័យ​អតីតកាល និង​សម័យ​បច្ចុប្បន្ន​គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​រស់នៅ​តំបន់​នោះ ។ នេះ​ជា​មោទនភាព​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់ និង​ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា ។ លើស​ពី​នេះ​ទៅ​ទៀត ​ប្រាសាទ​បន្ទាយឆ្មារ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​តំបន់​ការពារ​ទេសភាព និង​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង ។ សម្រាប់​ខេត្ដ​បន្ទាយមានជ័យ ​ក្រៅពី​ប្រាសាទ​បន្ទាយឆ្មារ​នៅ​មាន​ប្រាសាទ​ជា​ច្រើន​ទៀត​ដែល​សរុប​ទៅ​មាន​ចំនួន​២៤៦​ប្រាសាទ ៕


ប្រភពៈ  សាលអាន​ថ្ងៃទី​២៣/០១/០៦ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)
រូបភាពៈ ថតដោយ ឈូកខ្មែរ នៅខែកក្កដា ឆ្នាំ២០១០

Comments