រមណីយដ្ឋានក្បាលស្ពាន

longheng

រមណីយដ្ឋានក្បាលស្ពាន


រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង ។ រមណីយដ្ឋាន​ក្បាលស្ពាន មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ។ ដើម្បី​ទៅ​ដល់​កន្លែង​ដែល​មាន​រូប​ចម្លាក់​ឆ្លាក់​នៅ​បាត​ស្ទឹង អ្នក​ត្រូវ​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​រយៈ​ចម្ងាយ ១៥០០​ម៉ែត្រ​ពី​ជើង​ភ្នំ​រហូត​ដល់​លើភ្នំ ។ ពេល​ទៅ​ដល់ អ្នក​នឹង​បាន​ឃើញ​រូបចម្លាក់​ជា​ច្រើន ដូចជា រូប​លិង្គ​១០០០ រូប​ព្រះវិស្ណុ​ផ្ទុំ​កណ្តាល​មហា​សមុទ្រ​នា​អន្តរកប្ប និង​រូប​ចម្លាក់​ផ្សេងៗ​ទៀត ដែល​ទាក់ទង​ជាមួយ​ព្រហ្មញ្ញ​សាសនា ។ ចម្លាក់​ទាំងនេះ​ភាគ​ច្រើន​សាង​ឡើង​ពី​សតវត្ស​ទី១១ ដល់​ទី១៣ ។

ក្បាលស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សូរ្យវរ្ម័ន​ទី១ និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ​ឧទ័យទិត្យវរ្ម័ន​ទី២ ។ ដោយសារ​គេ​យល់​ថា ទឹក​ដែល​ហូរ​តាម​ទីនេះ​ជា​ប្រភព​នៃ​ការ​ចម្រុង​ចម្រើន និង​ត្រជាក់​ត្រជុំ ហើយ​ម្យ៉ាង​ទៀត យក​ទៅ​ប្រើ​ការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់​មិន​អស់ ដែល​ស្នង​ព្រះឥសូរ​នៅ​តាម​បាត​ស្ទឹង ចាប់​ពី​ខាង​ជើង​ផែ្នក​ខាង​លើ​នៃ​ស្ពាន​ថ្ម​ធម្មជាតិ ចុះ​រហូត​ដល់​ទឹក​ធ្លាក់ ៕



















Comments