ផលស្មោះដល់អ្នកហ៊ាន....

lyvannak

ជាការពិត នៅក្នុងពិភពរកស៊ីប្រែប្រួលឥតឈប់ឈរ ក្តីភ័យខ្លាចនៅលើកង្វះខាតធនធាន ឬអតិថិជនជារឿងមួយ! តែក្តីភ័យខ្លាចដ៏ធំបំផុត វាស្ថិតនៅក្នុង "ការចង់បានលទ្ធផលដ៏ប្រសើរ តែមិនហ៊ានធ្វើការផ្លាស់ប្តូរ" របស់ខ្លួនឯងទៅវិញទេ! គំនិតនេះជាបន្ទាត់ចែករវាងភាពល្អប្រសើរដ៏ត្រចះត្រចង់ និងភាពបរាជ័យដ៏ជូរចត់។


"ការពិតដ៏ឈឺចាប់៖ ចង់បានផល តែមិនព្រមផ្លាស់ប្តូរ"


មនុស្សជាច្រើនត្អូញត្អែរថា មិនមានសមិទ្ធផល លក់ធ្លាក់ចុះ ឬចំណូលមិនកើនឡើង។ ពួកគេចំណាយពេលរអ៊ូរទាំអំពី ទីផ្សារ អំពីគូប្រជែង ឬអំពីសំណាងមិនល្អជាដើម ប៉ុន្តែ បើពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់ពួកគេវិញ នៅតែដដែលៗ មិនមានការអភិវឌ្ឍ ឬភាពច្នៃប្រឌិតថ្មីបន្តិចណាសោះឡើយ។


_អ្នកត្អូញត្អែរពីចំណូល តែសកម្មភាពប្រចាំថ្ងៃនៅតែដើរជាន់កន្លែងដដែល មិនស្វែងរកវិធីសាស្រ្តលក់ថ្មីៗ ឬពង្រីកបណ្តាញទំនាក់ទំនងឡើយ។

_អ្នកច្រណែននឹងភាពថ្កុំថ្កើងអ្នកដទៃ តែមិនព្រមលួចរៀនឬសង្កេតពីរបៀបដែលគេ គ្រប់គ្រងពេលវេលា ឬការតស៊ូរបស់គេ។


ផ្លូវនៃការរកស៊ី ជាផ្លូវដែលទាមទារឱ្យអ្នកដើរតែម្នាក់ឯង។ គ្មាននរណានឹងអាណិតអ្នកបានឡើយ គ្មាននរណាមកទាញដៃអ្នកឱ្យល្អខ្ពង់ខ្ពស់ឡើយ។ មានតែខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះដែលត្រូវ៖


1. ខាំមាត់សង្កត់ចិត្ត និងតស៊ូ៖ ទោះបីជាមានភាពលំបាក ឧបសគ្គ ឬបរាជ័យយ៉ាងណាក៏ដោយ ក៏ត្រូវតែស៊ូទ្រាំ និងដើរទៅមុខ។

2. រៀនសូត្រឥតឈប់ឈរ៖ អ្វីដែលត្រូវរៀន ត្រូវតែរៀន។ យុទ្ធសាស្ត្រថ្មីៗ ចំណេះដឹងថ្មីៗ និងបច្ចេកវិទ្យាថ្មីៗ ជាអាវុធដ៏មុតស្រួច។

3. ហ៊ានចំណាយ៖ លុយដែលត្រូវចំណាយសម្រាប់ការអភិវឌ្ឍខ្លួនឯង សម្រាប់ផ្សព្វផ្សាយ ឬសម្រាប់ឧបករណ៍ចាំបាច់ ត្រូវតែហ៊ានចំណាយ។ ការចំណាយត្រូវ ជាការវិនិយោគដែលចំណេញបំផុត។

4. ហ៊ានធ្វើសកម្មភាព៖ ពេលដែលត្រូវសម្រេចចិត្ត ពេលដែលត្រូវចាប់ផ្តើមគម្រោងថ្មី ពេលដែលត្រូវប្រថុយ ត្រូវតែ "ចេញដៃ" ធ្វើវាភ្លាម កុំបង្អែបង្អង់។


"ការពិតដ៏គួរឱ្យខ្លាច៖ កុំខ្លាចយឺត តែខ្លាចការល្ងង់ខ្លៅ"


នៅក្នុងពិភពរកស៊ី ភាពយឺតមិនមែនជាបញ្ហាធំដុំពេកទេ! អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ "ដឹងយ៉ាងច្បាស់ថាផ្លូវដែលកំពុងដើរគឺខុស តែនៅតែធ្វើពុតជាគ្មានរឿងអ្វី" ឬនៅតែបន្តធ្វើដដែលៗដោយក្តីសង្ឃឹមគ្មានមូលដ្ឋាន។


នេះជារឿងគួរចាំ៖


_អ្នកត្រូវតែប្រឹងប្រែងឱ្យសម្រេចលទ្ធផល រហូតដល់អ្នកឈរលើលទ្ធផលដែលខ្លួនចង់បាន។

បើមិនដូច្នោះទេ! អ្នកនឹងត្រូវគេកម្ចាត់ចោល ពិភពលោកមិនទុកកន្លែងសម្រាប់អ្នកដែលមិនព្រមផ្លាស់ប្តូរឡើយ។


ដូច្នេះហើយភាពល្អប្រសើរក្នុងការរកស៊ីមិនមែនជាសំណាង ឬជាការអាណិតអាសូររបស់អ្នកណាម្នាក់ទេ! តែជាលទ្ធផលនៃការហ៊ាន ផ្លាស់ប្តូរ ហ៊ាន រៀនសូត្រ និងហ៊ាន ធ្វើសកម្មភាព ទោះបីជាត្រូវឆ្លងកាត់ភាពឈឺចាប់យ៉ាងណាក៏ដោយ។ នេះគឺជាការពិត ហើយក៏ជាវាសនាដែលអ្នករកស៊ីគ្រប់រូបត្រូវតែទទួលយក។

Comments