​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ​កើនឡើងដល់ជាង $១២,៦ ​ពាន់លាន រយៈពេល ៨ ខែ

​ការដោះដូរ​ទំនិញកម្ពុជា​ចិន ​សម្រេចបានទំហំទឹកប្រាក់​ ចំនួន ​១២,៦ ​ពាន់លានដុល្លារ កើនឡើង ២៦%​ នៅក្នុង​រយៈ​ពេល ​៨ ខែ ​ឆ្នាំ ២០២៥ ​ក្នុង​នោះ កម្ពុ​ជានាំចេញ​ទៅ​ចិន​ចំនួន​​​ជាង​ ១ ពាន់លានដុល្លារ ​ធ្លាក់ចុះ ៨% ​ចំណែកចិន​នាំចូលមកវិញ​មានទំហំ ​១១,៦ ​ពាន់លានដុល្លារ ​កើនឡើង ៣០%។ នេះបើយោង​តាម​អគ្គនា​យកដ្ឋាន​គយ និង​​រដ្ឋា​ករ​​កម្ពុជា ​(GDCE)។



នៅរយៈពេល ៨ ខែដំបូងឆ្នាំ ២០២៥ កម្ពុជាបានប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនជាង ១០.៥ ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅចិនភាគច្រើនរួមមានផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។ ខណៈដែលទំនិញដែលចិននាំចូលមកកម្ពុជាមានវត្ថុធាតុដើមសម្រាប់រោងចក្រ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ និងគ្រឿងអេឡិចត្រូនិក។


លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានបញ្ជាក់ថា ការមានឱនភាពពាណិជ្ជកម្មច្រើននេះបណ្តាលមកពីកម្ពុជាចាំបាច់ត្រូវនាំចូលវត្ថុធាតុដើមពីចិនសម្រាប់ផលិតផលដែលនាំចេញទៅអឺរ៉ុប និងអាមេរិក។ ដើម្បីបង្រួញអតិរេកពាណិជ្ជកម្មនេះ លោកបានណែនាំឲ្យកម្ពុជាបង្កើតរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯង។


ក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានសម្រេចទំហំជាង ១៥.១៨ ពាន់លានដុល្លារ ដែលកើនឡើង ២៣.៨% បើប្រៀបធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានតម្លៃ ១.៧៥ ពាន់លានដុល្លារ (កើន ១៨.៤%) ខណៈការនាំចូលពីចិនមានតម្លៃ ១៣.៤៣ ពាន់លានដុល្លារ (កើន ២៤.៦%)។

Comments