អនុញ្ញាតឲ្យខ្លួនឯងធ្វើអ្វីដែលខ្លួនស្រឡាញ់

P

“អនុញ្ញាតឲ្យខ្លួនឯងធ្វើអ្វីដែលខ្លួនឯងស្រលាញ់”

សេចក្តីសុខ ឬកើតទុក្ខ យើងមានសិទ្ធក្នុងការជ្រើសរើស ហើយការជ្រើសរើសរបស់យើង បង្ហាញតាមរយៈលទ្ធផលដែលយើងទទួលបាន ។

ក្នុងការសម្រេចចិត្តខុស យើងមិនអាចទៅបន្ទោសអ្នកណាម្នាក់បានទេ ហើយរឹតតែមិនគួររអ៊ូរទាំ រំលឹកពីអារម្មណ៍ដែលត្រូវអ្នកដទៃធ្វើឲ្យចិត្តលំបាកនោះដែរ ។

របៀបរស់នៅរបស់យើង វាកើតចេញពីការគិត និង ការសម្រេចចិត្តរបស់យើងខ្លួនឯងផ្ទាល់ ។ បើយើងធ្វើខ្លួនឯងឲ្យទំនេរ សម្រាប់ឲ្យអ្នកដទៃអាចប្រើប្រាស់បាន យើងក៏ជួបទុក្ខលំបាក ភាពនឿយហត់ ដែលរងគ្រោះ ព្រោះបន្ទុកអ្នកដទៃ ។ មានន័យថា បើយើងមិនដឹងថា ខ្លួនឯងត្រូវធ្វើអ្វីសំខាន់ សម្រាប់ជួយអភិវឌ្ឍន៍ខ្លួនឯងទេ នោះយើងត្រូវអ្នកដទៃ សុំពឹងពាក់ឲ្យជួយនេះជួយនោះ រហូតដល់យើងអស់ពេលវេលា សម្រាប់ធ្វើអ្វីដែលយើងស្រលាញ់ ចូលចិត្ត ចង់ធ្វើវាជាក់ជាមិនខាន ។ ពេលខ្លះ ខំប្រឹងជួយគេ រហូតដល់គ្មានពេលវេលាសម្រាក សម្រាប់សម្អាតដួងចិត្តខ្លួនឯង ទម្រាំព្យាបាលផ្លូវចិត្តមកដូចធម្មតាវិញបាន វាក៏ធ្វើឲ្យប៉ះទង្គិចដល់ផ្សេងបន្តទៀតបាត់ទៅហើយ ជាពិសេស គឺប៉ះទង្គិចខ្លួនឯងផ្ទាល់ ។

គ្រប់យ៉ាង ទោះបីល្អ ឬអាក្រក់ សុទ្ធតែចេញពីខាងក្នុងចិត្តគំនិតយើងមក ។ ហេតុអ្វីអ្នកដទៃ អាចរីករាយ តែយើងមិនអាចរីករាយបាន ? ចូរពិចារណា ហើយព្យាយាមស្វែងយល់ពីចិត្តគំនិតខាងក្នុងរបស់ខ្លួនឯង ។ ដើម្បីអនុញ្ញាតឲ្យខ្លួនឯងអាចធ្វើអ្វីដែលខ្លួនឯងស្រលាញ់ នឹង ចេះរុញចេញនូវអ្វីដែលជាបន្ទុករបស់អ្នកដទៃ ដែលដាក់មកលើខ្លួនយើង ។


Comments