(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា បាននិយាយថាអ៊ុយក្រែនកំពុងរង់ចាំព័ត៌មានបន្ថែមពីសហរដ្ឋអាមេរិកអំពីកិច្ចចរចាសន្តិភាព ហើយ រំពឹងថាកិច្ចចរចាជុំថ្មីនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយដោយទំនងជាចង់បង្ហើបឱ្យដឹងថាកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រវាងក្រុមមន្ត្រីអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិកនឹងមិនអាចកើតឡើងទេ។ ភាគីទាំង៣ បានបើកកិច្ចប្រជុំមួយរួចហើយកាលពីសប្ដាហ៍មុន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុង ទំនាក់ទំនងយ៉ាងជាប់លាប់ជាមួយភាគីអាមេរិក ហើយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតពីពួកគេជុំវិញកិច្ចប្រជុំ»។ លោកបន្តថា «អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការនៅគ្រប់ទម្រង់ទាំងអស់ ... យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានៅសប្ដាហ៍ក្រោយ»។


