ចាប់ពីម៉ោង៥៖៣០នាទីទាបភ្លឺ មកទល់ម៉ោង៤រសៀល យោធាថៃប្រើអាវុធធន់ធ្ងន់ច្រើនប្រភេទ និងយន្ដហោះ F16 បាញ់សង្គ្រប់គាបសង្កត់នៅប្រាសាទតាមាន់ តែកម្លាំងយើងទប់ទល់ជាប់ និងឈរជើងការពារយ៉ាងរឹងមាំ
(ព្រំដែន)៖ តាំងពីវេលាម៉ោង៥៖៣០នាទីទាបភ្លឺ រហូតដល់ម៉ោង៤រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើប្រាស់អាវុធគាំទ្រប្រភេទ កាំភ្លើងយន្ត កាំភ្លើងត្បាល ដ្រូនស៊ើបការណ៍ ដ្រូនទម្លាក់គ្រាប់ រថក្រោះ រថពាសដែក និងយន្តហោះ F16 ហោះឆ្វែលរកទីតាំងអាវុធគាំទ្រ ទម្លាក់ និងបាញ់គាបសង្កត់មកមុខប្រាសាទតាមាន់ និងខ្សែត្រៀមរបស់យើងយ៉ាងខ្លាំង។
មហិច្ឆតាឈ្លានពានចង់លេបត្របាក់ទឹកដី និងប្រាង្គប្រាសាទរបស់កម្ពុជា គឺមិនអាចធ្វើទៅបាននោះឡើយ ពោលកងកម្លាំងរបស់កម្ពុជានៅតែធ្វើការឆ្លើយតបដោយប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបាញ់ស្រោចទៅលើយោធាថៃវិញយ៉ាងចាស់ដៃ ដែលជាហេតុធ្វើឲ្យពួកឈ្លានពានមិនអាចដណ្ដើមកាន់កាប់ទឹកដីកម្ពុជាបាននោះទេ។ មកទល់ពេលនេះ កងកម្លាំងកម្ពុជានៅតែបន្ដឈរជើងយ៉ាងរឹងមាំបំផុត ដើម្បីការពារបូរណភាពទឹកដី៕


