សមាគមភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ស្វែងយល់ពីកិច្ចសហប្រតិបត្តិការទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ (ស្តាំ) ជួបជាមួយ Astushi Sakai តំណាងសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (JATA)។ MoT
ក្នុងអំឡុងពេលចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលរបស់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយលោក Astushi Sakai តំណាងសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (JATA) ដើម្បីពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និង JATA ។
ក្នុងជំនួបពិភាក្សាគ្នាថាមានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា លោករដ្ឋមន្ត្រី ហាក់ បានសង្កត់ធ្ងន់លើចំណុចខ្លាំងសំខាន់ៗរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមមានសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនតំណាង JATA អំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ជាទីផ្សារដែលកំពុងរីកចម្រើន ជាមួយនឹងឱកាសវិនិយោគចម្រុះ ដោយបង្ហាញពីតម្រូវការសម្រាប់ការវិនិយោគបរទេសកាន់តែច្រើននៅក្នុងវិស័យនេះ។ លោកបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំដំណើរកម្សាន្តស្គាល់គ្នា (Famtrips) ផ្លាស់ប្តូរទស្សនៈ និងបង្កើតកញ្ចប់ដំណើរទេសចរណ៍រួមគ្នា។
ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍នៃប្រទេសរៀងៗខ្លួន ដើម្បីបង្កើនលំហូរនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរជម្រាបថា សមាគមភ្នាក់ងារទេសចរណ៍ជប៉ុន (JATA) ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ បច្ចុប្បន្នមានក្រុមហ៊ុនទេសចរណ៍ធំៗជាង ១.១០០ ជាសមាជិក។


