សមាគមអ្នកប្រាជ្ញបារាំង៖ មើលអេក្រង់ក្រោម៦ឆ្នាំ ក្មេងនឹងអាប់បញ្ញាហើយអន់សុខភាព

sivya

សមាគមអ្នកប្រាជ្ញបារាំង៖ មើលអេក្រង់ក្រោម៦ឆ្នាំ ក្មេងនឹងអាប់បញ្ញាហើយអន់សុខភាព

មិនត្រូវឱ្យក្មេងក្រោមអាយុ៦ឆ្នាំ នៅមុខអេក្រង់ មើលទូរទស្សន៍ លេងទូរស័ព្ទ ឬហ្កេមទេ ទោះបីមានលក្ខណៈសិក្សាក៏ដោយ។ នេះបើតាមអនុសាសន៍របស់ក្រុមសមាគមអ្នកប្រាជ្ញបារាំង ៥ក្រុម ដែលចេញផ្សាយជាសាធារណៈរួមគ្នា នៅថ្ងៃអង្គារទី ២៩មេសា២០២៥។ បើក្រុមអ្នកប្រាជ្ញជំនាញផ្នែកសុខភាពនេះ ការមើលអេក្រង់នៅអាយុក្រោម៦ឆ្នាំ អាចនឹងធ្វើក្មេងខូចសុខភាពជារហូតទៅ ហើយអាប់បញ្ញាទៀត។

នៅថ្ងៃអង្គារទី ២៩មេសា២០២៥នេះ សមាគមគ្រូពេទ្យឯកទេសកុមារ សមាគមសុខភាពសាធារណៈ សុខភាពផ្លូវចិត្តកុមារនិងក្មេងជំទង់ និងសមាគមសុខភាពភ្នែក ព្រមទាំងសមាគមសុខភាពនិងបរិស្ថានក្រុមប្រទេសនិយាយភាសាបារាំង បានចុះហត្ថលេខារួមគ្នាចេញផ្សាយជាសាធារណៈនូវអនុសាសន៍ណែនាំមិនឱ្យក្មេងអាយុក្រោម៦ឆ្នាំនៅមុខអេក្រង់ទេ។ ពាក្យថាអេក្រង់ គឺសំដៅលើ ទូរស័ព្ទ អាយផេត ទូរទស្សន៍ ឬល្បែងលេងមានអេក្រង់។

បើតាមសមាគមអ្នកប្រាជ្ញទាំង៥ក្រុមនេះ មកដល់ឆ្នាំ២០២៥ហើយគ្មានអ្វីត្រូវសង្ស័យទៀតទេ ហើយការសិក្សាវិទ្យាសាស្ត្រអន្តរជាតិច្រើនណាស់ បានតើនរំឭក ថាបច្ចេកវិទ្យាអេក្រង់ និងខ្លឹមសារក្នុងអេក្រង់ ជារូបភាព ជាគំនូរជីវចល ជារឿង ជាល្បែងហ្កេម ដែលមានបញ្ចូលកម្មវិធីបែបសិក្សាអប់រំក្មេងទេ សុទ្ធតែមិនស៊ីនឹងខួរក្បាលដ៏តូច និងកំពុងលូតលាស់របស់ក្មេងក្រោមអាយុ៦ឆ្នាំទាំងអស់។ ទោះក្នុងទម្រង់ជាទូរស័ព្ទក៏ដោយ ជាទូរទស្សន៍ក៏ដោយ ជាអាយផេតក៏ដោយ ក៏អេក្រង់មិនអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្មេងដែរ។ កាន់តែអាក្រក់ជាងនេះទៅទៀត អេក្រង់អាចរារាំងនិងធ្វើឱ្យខូចដំណើរលូតលាស់របស់ខួរក្បាលតែម្តង មានន័យអេក្រង់ធ្វើឱ្យខូចសុខភាពនិងអាប់បញ្ញាជារហូតទៅ។ នេះជាការទាញសញ្ញាអាសន្នរបស់ក្រុមអ្នកប្រាជ្ញបារាំង ដោយបញ្ជាក់ថា ភ្នាក់ងារសុខាភិបាល និងគ្រូបង្រៀនសាលាមតេយ្យ បានសម្គាល់ឃើញផលវិបាកបង្កឡើងដោយការមើលអេក្រង់ ជារឿយៗ របស់ក្មេងក្រោមអាយុ៦ឆ្នាំ គឺមានភាពយឺតយ៉ាវផ្នែកភាសា ក្រចេះនិយាយ និយាយមិនត្រូវឃ្លា មានវិបត្តិផ្នែកផ្ចង់អារម្មណ៍ មានវិបត្តិផ្នែកចងចាំ រពិសខុសទំនង។

ហេតុដូច្នេះហើយបានជាក្រុមសមាគមអ្នកប្រាជ្ញ ទាមទារឱ្យបារាំងប្តូរអនុសាសន៍។ សេចក្តីណែនាំរបស់គណៈកម្មការបារាំងកាលពីឆ្នាំទៅថា “កុំឱ្យក្មេងក្រោមបីឆ្នាំកាន់លេងមើលអេក្រង់” មិនគ្រប់គ្រាន់ទៀតទេ បើយោលទៅលើចំណេះដឹង នាពេលបច្ចុប្បន្នស្តីអំពីផលវិបាកដ៏ច្បាស់លាស់នៃអេក្រង់ចំពោះសុខភាពក្មេងនោះ។ ត្រូវប្តូរអនុសាសន៍ថ្មី ទៅជា “គ្មានអេក្រង់មុនអាយុ៦ឆ្នាំ” ព្រោះប្រព័ន្ធប្រសាទក្មេង លូតលាស់បណ្តុះគ្រឹះល្អឬមិនល្អអាស្រ័យទៅលើអ្វីដែលមើលឃើញនិងទៅលើសកម្មភាពអន្តរកម្មប្លែកៗ និងសម្បូរបែបជាមួយបរិស្ថាននៅជុំវិញខ្លួន នៅ៦ឆ្នាំដំបូងនៃជីវិត។ នៅក្នុងសេចក្តីអំពាវនាវ ក្រុមសមាគមអ្នកជំនាញសុខភាព មិនចង់បណ្តុះបង្អាប់ឧបករណ៍និងការប្រើប្រាស់អេឡិចត្រូនិចទេ ប៉ុន្តែចង់ពញ្ញាក់សា្មរតីអ្នកជាឪពុកម្តាយរកដំណោះស្រាយផ្សេងក្រៅពីអេក្រង់ ដើម្បីសុខភាពនិងការលូតលាស់ របស់កូនទៅដំណើរធម្មជាតិ ដែលចម្រើនទៅតាមវ័យ និងចេះតាមអាយុ៕

Comments