ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស នៅអេស្ប៉ាញ និងព័រទុយហ្កាល់ អស់ជាង១០ ទៅ២០ម៉ោង
ដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស នៅអេស្ប៉ាញ និងព័រទុយហ្កាល់ អស់ជាង១០ ទៅ២០ម៉ោង
កាលពីថ្ងៃចន្ទទី២៨មេសា មានករណីដាច់ចរន្តអគ្គិសនីដ៏ធំមួយ នៅទូទាំងប្រទេសអេស្ប៉ាញ និងនៅព័រទុយហ្កាល់ អស់រយៈពេលជាង១០ម៉ោង។ បញ្ហានេះ បានបង្កឲ្យមានប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាញគមនាគមន៍ធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ច។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ បណ្តាញចរន្តអគ្គិសនីត្រូវបានតភ្ជាប់សឹងទាំងស្រុងវិញហើយ។ អាជ្ញាធរអេស្ប៉ាញ កំពុងតែស្រាវជ្រាវរកមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យចរន្តអគ្គិសនីដាច់ទូទាំងប្រទេសបែបនេះ។
យប់ថ្ងៃចន្ទទី២៨មេសា ចរន្តអគ្គិសនីបានវិលត្រលប់មកវិញ នៅអេស្ប៉ាញនិងព័រទុយហ្កាល់ បន្ទាប់ពីបានដាច់រលត់ តំបន់ខ្លះជាង១០ម៉ោង តំបន់ខ្លះដល់ទៅ២០ម៉ោងឯនោះ។ មនុស្សម្នាបានទះដៃកងរំពងយ៉ាងរីករាយ នៅពេលឃើញចរន្តអគ្គិសនីត្រលប់មកវិញ។
សូមបញ្ជាក់ថា ម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ស្រាប់តែចរន្តអគ្គិសនីបានដាច់រលត់ឈឹង ព្រមៗគ្នាទូទាំងប្រទេស នៅអេស្ប៉ាញនិងនៅព័រទុយហ្កាល់។ បណ្តាញអ៊ិនធឺនិត បណ្តាញទូរស័ព្ទក៏ត្រូវកាត់ផ្តាច់ អស់រយៈពេលច្រើនម៉ោងដែរ នៅអេស្ប៉ាញនិងព័រទុយហ្កាល់។ បញ្ហាបានជះឥទ្ធិពលរហូតទៅដល់កោះហ្ក្រូអិនឡង់ដ៍ឯនោះ ព្រោះថាប្រព័ន្ធទូរគមនាគមន៍អ៊ីនធឺនិត និងសេវ៉ាទូរស័ព្ទ របស់កោះនេះ ត្រូវបញ្ជាចេញពីប្រព័ន្ធធំនៅអេស្ប៉ាញ។