បទវិភាគ ៖ ប្រទេសចិនកំពុងបើក “ទ្វារ” នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលាយជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសឈ្នះ-ឈ្នះ
“ការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពសន្ទុះខ្លាំងក្លា” “សេដ្ឋកិច្ចចិនកំពុងត្រូវបានជំរុញដោយការប្រើប្រាស់” ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាប្រើពាក្យ “មានភាពសន្ទុះខ្លាំង” ដើម្បីពិពណ៌នាអំពីវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាដែលទើបបានកន្លងផុតទៅ ។ ក្នុងអំឡុងវិស្សមកាលនេះ ការធ្វើដំណើរទៅដើរលេងកម្សាន្តទទួលការពេញនិយម ការប្រើប្រាស់បានកើនឡើងខ្លាំង និងមានការដកបទពិសោធន៍បែបថ្មីគឺជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់ ។ទិន្នន័យបានបញ្ជាក់ពីភាពសន្ទុះខ្លាំងក្លានៃការប្រើប្រាស់មួយនេះថា ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរដែលបានធ្វើដំណើរក្នុងស្រុកចិនមានចំនួន ៣ រយ ១៤ លាននាក់ ដែលបានកើនឡើង ៦,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំចំណាយសរុបក្នុងការធ្វើទេសចរណ៍របស់អ្នកទេសចរក្នុងស្រុកចិនមានចំនួន ១៨០,២៦៩ ប៊ីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយទំហំលក់ដូរនៃសហគ្រាសលក់រាយនិងម្ហូបអាហារសំខាន់ៗនៅទូទាំងប្រទេសចិនបានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពីការប្រើប្រាស់បែបថ្មី ដូចជាការបើកបរយន្តហោះនិងលេងលោតឆ័ត្រយោងដល់មុខរបរថ្មីៗ ដូចជាទេសចរណ៍បែបចិនថ្មីជាដើមរហូតដល់ទិដ្ឋភាពថ្មី ដូចជា”មហោស្រពតន្ត្រីក្នុងរូងភ្នំ”ជាដើម ទីផ្សារប្រើប្រាស់របស់ប្រទេសចិនកំពុងលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ។
ក្រោមជំនួយពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា គុណភាពនៃផលិតផលទេសចរណ៍វប្បធម៌ក្នុងវិស្សមកាលនៅតំបន់នានាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ បានបំពេញតម្រូវការខាងទេសចរណ៍ ដែលកាន់តែមានភាពសម្បូរបែបរបស់អ្នកផងទាំងពួង ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ចំនួនអ្នកកក់សំបុត្រយន្តហោះជាលើកដំបូងបានកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ និស្សិតនិងអ្នកទេសចរដែលមានអាយុលើសពី ៦០ ឆ្នាំមានការកើនឡើងខ្ពស់បំផុត ។ ប្រការនេះបានបង្ហាញថា បំណងចាយលុយរបស់ក្រុមពាក់ព័ន្ធមានភាពកាន់តែខ្លាំងក្លា ។ សក្តានុពលពហុស្រទាប់នៃទីផ្សារតម្រូវការក្នុងស្រុករបស់ចិនកំពុងត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ។



