វៀតណាមរំឭកខួប៥០ឆ្នាំ នៃជ័យជំនះរបស់គណបក្សកុម្មុយនីស្ត និងការបង្រួបបង្រួមខាងជើង-ខាងត្បូង

ថ្ងៃទី៣០មេសា១៩៧៥ គឺជាថ្ងៃដែលកងទ័ពកម្មុយនីស្តវៀតណាមខាងជើង បានយកជ័យជំនះលើកងទ័ពអាមេរិកនិងវៀតណាមខាងត្បូង។ ទីក្រុងសៃហ្កុង ក្រោយមកប្រែឈ្មោះជាទីក្រុងហូជីមិញ បានធ្លាក់ទៅក្នុងការគ្រប់គ្រងទាំងស្រុង របស់កងទ័ពកុម្មុយនីស្តវៀតណាម។ នៅថ្ងៃនេះ វៀតណាមបានប្រារព្ធពិធីបុណ្យខួប៥០ឆ្នាំ យ៉ាងអធិកអធំ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងកងទ័ពនៃប្រទេសក្បែរខាងវៀតណាម ដូចជាកម្ពុជា ឡាវ និងចិន។
សូមរំលឹកថា ថ្ងៃ៣០មេសា១៩៧៥ ជាថ្ងៃដែលកងទ័ពវៀតណាមខាងជើង បានវាយសំរុកចូលមកដល់ទីក្រុងសៃហ្កុង។ សង្គ្រាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង បានផ្តាច់ជីវិតប្រជាជនវៀតណាមអស់ជាច្រើនលាននាក់។ កងទ័ពអាមេរិកវិញ បានស្លាប់ចោលឆ្អឹងនៅវៀតណាម ចំនួនប្រមាណ៥៨០០០នាក់។ ៥០ឆ្នាំក្រោយមក វៀតណាមដែលនៅតែស្ថិតក្នុងរបបនយោបាយកុម្មុយនីស្ត បានរីកចម្រើនយ៉ាងលឿនរហ័ស បន្ទាប់ពីបានបើកទ្វារចំហសេដ្ឋកិច្ចទីផ្សារសេរី និងផ្សះផ្សារជាមួយសហរដ្ឋអាមេរិក។ ទីផ្សារវៀតណាម ជាមួយនឹងកម្លាំងពលកម្មមានជំនាញខ្ពស់ កំពុងតែទាក់ទាញយ៉ាងខ្លាំង នូវការវិនិយោគបរទេស។ អ្នកជំនាញសេដ្ឋកិច្ចខ្លះ រំពឹងថាវៀតណាម អាចនឹងឈានទៅប្រកួតប្រជែងជាមួយចិនថែមទៀតផង នៅក្នុងវិស័យខ្លះ។
គួរកត់សំគាល់ដែរថា ទំនាក់ទំនងរវាងចិននិងវៀតណាម គឺមានភាពស្មុគស្មាញណាស់។ ផ្អែកតាមបណ្តាញព័ត៌មានវៀតណាម ក្នុងអំឡុងពេលសង្គ្រាម ចិនបានបញ្ជូនកងទ័ពចំនួនជាង៣សែននាក់ មកជួយច្បាំងកងទ័ពវៀតណាមខាងជើង និងបានជួយផ្គត់ផ្គង់ការការពារផ្លូវអាកាស ព្រមទាំងសម្ភារៈនិងស្បៀងផងដែរ។ លុះក្រោយមក ទំនាក់ទំនងរវាងសមមិត្តកុម្មុយនីស្តទាំង២ បានប្រែជាល្អក់កករ ដោយសារតែបញ្ហាជម្លោះព្រំដែននៅឆ្នាំ១៩៧៩ និងដោយសារតែដំណើរខុសគ្នាខ្លះ ប្រជែងគ្នាខ្លះ នៃមនោគមនវិជ្ជាកុម្មុយនីស្ត។ បច្ចុប្បន្នជម្លោះអធិបតេយ្យភាពក្នុងដែនសមុទ្រចិនខាងត្បូង ក៏តែជាបញ្ហាចោទធ្វើឲ្យចិននិងវៀតណាមមើលមុខគ្នាមិនសូវត្រង់។


