ក្រសួងបរិស្ថានព្រមានចាត់វិធានចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃការពារ

sivya

ក្រសួងបរិស្ថានព្រមានចាត់វិធានការចំពោះបុគ្គល ឬសហគមន៍ទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ព្រៃការពារដោយគ្មានការលើកលែង។ វិធានការរបស់ក្រសួងបរិស្ថានដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងបានទទួលព័ត៌មានថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនបានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ខុសពីច្បាប់ ដូចជាលក់ដូរ ជួល ឬឈូសឆាយរុករានទន្ទ្រានព្រៃឈើជាដើម។


ក្រសួងបរិស្ថានតាមរយៈសេចក្តីជូនដំណឹងចេញផ្សាយថ្ងៃទី៧ ឧសភាបានបញ្ជាក់ថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនបានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ផ្ទុយពីច្បាប់។ សកម្មភាពផ្ទុយពីច្បាប់ទាំងនោះរួមមាន ការលក់ដូរ ការជួល ផ្តួលរំលំឈូសឆាយ និងរុករានទន្ទ្រានព្រៃឈើបម្រើឲ្យគោលបំណងផ្សេងទៀត។ ក្រសួងបរិស្ថានអះអាងថា សកម្មភាពផ្ទុយនឹងច្បាប់ទាំងនេះបានធ្វើឲ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់ជាតិ។


តាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានដដែល សកម្មភាពទាំងនេះបានល្មើសទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា ៣៧២ ចំណុចទី១ ដែលបានចែងថា សហគមន៍តំបន់ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃបានឡើយ។ លោក ហេង គឹមហុង អ្នកជំនាញគោលនយោបាយផ្នែកសិទ្ធិមនុស្ស និងបរិស្ថានលើកឡើងថា មូលហេតុដែលបណ្តាលឲ្យមានការទន្ទ្រានដីព្រៃ ឬការកាប់ឆ្ការព្រៃធ្វើជាដីកសិកម្មរបស់សហគមន៍ និងក្រុមហ៊ុនឯកជនមួយចំនួន គឺដោយសារតែដីព្រៃទាំងនោះជាដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ច។


តាមលោក ហេង គឹមហុង ដើម្បីអាចអនុវត្តច្បាប់បានពេញលេញ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធផ្សេងទៀតគួរពិនិត្យមើលឲ្យបានហ្មត់ចត់ និងមិនត្រូវអនុញ្ញាតឲ្យបុគ្គលទាំងនោះប្រើប្រាស់ហេតុផលផ្សេងៗទៅប្រព្រឹត្តបទល្មើសធនធានធម្មជាតិនោះទេ។ បន្ថែមពីនេះ អ្នកជំនាញផ្នែកបរិស្ថានរូបនេះដដែលបានស្នើឲ្យក្រសួងពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន និងក្រសួងកសិកម្មត្រូវពង្រឹងវិធានការអប់រំផ្សព្វផ្សាយពីការដាក់ទោសទណ្ឌចំពោះបុគ្គលណាដែលហ៊ានលួចកាប់បំផ្លាញព្រៃឈើ និងលួចនាំចេញឈើខុសច្បាប់ពីក្នុងព្រៃទៅលក់ឲ្យឈ្មួញ។ ទន្ទឹមគ្នានេះ ក្រសូងបរិស្ថានក៏បានអំពាវនាវដល់គ្រប់សមាជិក និងគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ចូលរួមអនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាការពារធនធានធម្មជាតិរបស់ជាតិ។


គួរជម្រាបជូនថា របាយការណ៍របស់អង្គការទិន្នន័យស្តីពីការអភិវឌ្ឍកម្ពុជា (ODC) បានបង្ហាញថា ក្នុងឆ្នាំ២០២៣ គម្របព្រៃឈើកម្ពុជាបានថយចុះក្រោម ៤០% ហើយព្រៃឈើដែលបាត់បង់ភាគច្រើន គឺនៅតំបន់ការពារដែនជម្រកសត្វព្រៃឡង់។ ចំណែកក្រសួងបរិស្ថានក៏ធ្លាប់បានដាក់ចេញនូវវិធានការចម្បងៗចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។ វិធានការទាំងនោះក៏មានដែរ ការដាក់ទោសជនល្មើសធនធានធម្មជាតិដោយតម្លាភាព និងគ្មានអំពើពុករលួយ និងការដាំដើមឈើឲ្យបានច្រើនជាងការកាប់ដែលជាទិសដៅអាទិភាពដើម្បីបង្កើនគម្របព្រៃឈើកម្ពុជាឲ្យបាន ៦០% នៅឆ្នាំ២០៥០៕

Comments