តើកិច្ចព្រមព្រៀងអាមេរិកអ៊ុយក្រែនស្តីពីរ៉ែកម្រ មានខ្លឹមសារយ៉ាងណា?

sivya

តើកិច្ចព្រមព្រៀងអាមេរិកអ៊ុយក្រែនស្តីពីរ៉ែកម្រ មានខ្លឹមសារយ៉ាងណា?



ក្រោយពីចរចាយ៉ាងតានតឹងនិងដំឡើងសរសៃកដាក់គ្នាយ៉ាងខ្លាំង អស់រយៈពេលជាច្រើនសប្តាហ៍មក អាមេរិកនិងអ៊ុយក្រែនបានប្រកាសនៅថ្ងៃពុធទី ៣០មេសា ២០២៥ ចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលគ្រោងបង្កើតមូលនិធិវិនិយោគរួមសម្រាប់ស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញ និងផ្តល់អាទិភាពពិសេសដល់អាមេរិកក្នុងការធ្វើផលិតកម្មធនធានរ៉ែធម្មជាតិកម្ររបស់អ៊ុយក្រែន។

ដំណឹងស្តីពីការរកឃើញកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ធំទូលាយរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានប្រកាសឡើងស្របពេលដែលកំពុងមានសកម្មភាពការទូតច្រើន ប្រឹងស្វែងរកច្រកបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ជាមួយអ៊ុយក្រែន ! នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Scott Bessent នៅក្នុងសារវីដេអូ។


នៅក្នុងសេចក្តីថ្លែងការណ៍ ដែលគ្មានខ្លឹមសារលម្អិត លោករដ្ឋមន្ត្រីអាមេរិកបានបន្ថែមថា ដោយបានទទួលស្គាល់គុណបំណាច់របស់ប្រជាពលរដ្ឋអាមេរិកដែលបានផ្តល់ជំនួយហិរញ្ញវត្ថុនិងសម្ភារៈបរិក្ខារយោធាដល់អ៊ុយក្រែនសម្រាប់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ការចុះកិច្ចព្រមព្រៀងធ្វើជាដៃគូសេដ្ឋកិច្ច នឹងនាំប្រទេសទាំងពីរ (អាមេរិកនិងអ៊ុយក្រែន)ឱ្យសហការ និងធ្វើវិនិយោគ ដាក់ទុនរួមគ្នា ដើម្បីពន្លឿនការស្តារស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញ។

ភាគីទាំងពីរដាក់ទុនម្នាក់ពាក់កណ្តាល ក្នុងហិបរួម ៖ អាមេរិកចាក់លុយសុទ្ធចូល ឯអ៊ុយក្រែនជាអ្នកចេញអាជ្ញាបណ្ណ។ នៅ១០ឆ្នាំដំបូង គ្មានទេការបែងចែកប្រាក់ចំណេញនិងប្រាក់ចំណូល ហើយប្រាក់វិនិយោគត្រូវចាយវាយលើគម្រោងក្នុងប្រទេសអ៊ុយក្រែនទាំងអស់។ ជាថ្នូរមកវិញ សហរដ្ឋអាមេរិកនឹងទទួលបានអាទិភាពពិសេសជាងគេក្នុងការធ្វើអាជីវកម្មរ៉ែ ដូចជាអាចទទួលកិច្ចសន្យាដែលមានភាពប្រកួតប្រជែងបំផុត លើធនធានរ៉ែដ៏ល្អៗក្នុងដីអ៊ុយក្រែន ដូចជា រ៉ែកម្រ លីចូម ទីតាន ឬអ៊ុយរ៉ានីញ៉ូម។


ប៉ុន្តែ នៅក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាមេរិក-អ៊ុយក្រែននេះ គ្មានបញ្ជូលបញ្ហាបំណុលនិងជំនួយមុនពេលចុះហត្ថលេខាទេ។ គ្មានពាក្យបំណុលចែងក្នុងកិច្ចព្រមព្រៀងទេ និងក៏គ្មានដែរលក្ខខណ្ឌធានាសុវត្ថិភាពសន្តិសុខឱ្យអ៊ុយក្រែន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីដែល ប្រធានាធិបតីអ៊ុយក្រែនហ្សេឡេនស្គីទទូចសុំយ៉ាងខ្លាំង។ តែក្រសួងហិរញ្ញវត្ថុអាមេរិកបានសង្កត់ធ្ងន់ថារដ្ឋបាលអាមេរិកគិតគូរភ្ជាប់ដំណើរការសន្តិភាពដើម្បីធ្វើយ៉ាងណាឱ្យអ៊ុយក្រែនមាន សេរីភាព បូរណភាព និងភាពរុងរឿងយូរអង្វែង។ ម្យ៉ាងវិញទៀត ធនធានរ៉ែរបស់អ៊ុយក្រែន ភាគច្រើនស្ថិតនៅក្នុងតំបន់ដែលរុស្ស៊ីកំពុងកាន់កាប់៕

Comments