"៣ចំណុចដែលអ្នកគួរតែខិតខំកែលម្អប្រចាំថ្ងៃ"
១. មានវិន័យលើខ្លួនឯង (Self-discipline)
ការអភិវឌ្ឍន៍វិន័យលើខ្លួនឯងជាធាតុសំខាន់ សម្រាប់ភាពជោគជ័យ។ រៀនគ្រប់គ្រងពេលវេលា ចាប់ផ្តើមពីការកំណត់តារាងប្រចាំថ្ងៃ និងអនុវត្តន៍វា។ ការរស់នៅមានវិន័យធ្វើឲ្យអ្នកមានស្មារតីរឹងមាំ និងអាចប្រឈមមុខ នឹងបញ្ហាបានយ៉ាងប្រសើរ។
វិន័យលើខ្លួនឯងមានន័យថា ការបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលត្រូវធ្វើ ទោះបីជាមិនចង់ធ្វើក៏ដោយ។ វាជាគន្លងដ៏សំខាន់នៃការរស់នៅប្រកបដោយគោលបំណង និងសម្រេចបានគោលដៅ។
» មូលហេតុដែលត្រូវមានវិន័យ :
១. ជួយឲ្យអ្នកគ្រប់គ្រងពេលវេលាបានល្អប្រសើរ
២. បង្កើនផលិតភាពក្នុងការងារ និងការសិក្សា
៣. ជួយឲ្យអ្នកឈានដល់ភាពជោគជ័យក្នុងជីវិត ។
» របៀបអនុវត្តន៍ប្រចាំថ្ងៃ:
១. បង្កើតតារាងការងារ (daily routine) និងព្យាយាមអនុវត្តន៍វា
២. ចាប់ផ្តើមថ្ងៃថ្មី ដោយការរៀបចំគ្រែគេងរបស់អ្នក (habit of discipline)
៣. កំណត់គោលដៅតូចៗប្រចាំថ្ងៃ ដូចជា៖ អានសៀវភៅ ១០នាទី ឬ បញ្ចប់ការងារមុនពេលវេលាដែលបានកំណត់
៤. ចៀសវាងការអាក់ខាន មិនបានធ្វើជាច្រើនថ្ងៃជាប់គ្នា ។
២. ការប្រាស្រ័យទាក់ទង (Communication skills)
សមត្ថភាពនៃការប្រាស្រ័យទាក់ទងជាជំនាញមួយដែលគួរតែបន្ថែមប្រចាំថ្ងៃ។ ប្រើពេលអាន ស្តាប់ និងនិយាយជាមួយអ្នកដទៃឲ្យមានការយល់ច្បាស់ និងគោរពគ្នា។ ជំនាញនេះ ជួយឲ្យអ្នកអាចធ្វើការជាមួយអ្នកដទៃ និងដោះស្រាយបញ្ហាបានល្អ។
ជំនាញក្នុងការប្រាស្រ័យទាក់ទងជារឿងសំខាន់ក្នុងជីវិតរបស់យើង ទាំងផ្លូវការងារ ការសិក្សា និងសង្គម។ វាមានន័យថា អាចបញ្ជូនគំនិត អារម្មណ៍ ឬព័ត៌មានបានយ៉ាងច្បាស់ និងមានប្រសិទ្ធភាព។
» មូលហេតុដែលត្រូវមានការប្រាស្រ័យទាក់ទងគ្នា :
១. ជួយស្ថាបនាការទំនាក់ទំនងល្អជាមួយមនុស្សដទៃ
២. ជួយសម្រួលការងារជាក្រុម
៣. ជួយដោះស្រាយវិវាទបានយ៉ាងល្អ ។
» របៀបអនុវត្តន៍ប្រចាំថ្ងៃ:
១. រៀនស្ដាប់អោយបានយល់មុន នឹងនិយាយ
២. ហាត់និយាយដោយមានភាពជឿជាក់ (confidence)
៣. សរសេរ រឺនិយាយ ដោយប្រើពាក្យច្បាស់លាស់
៤. កុំកាត់ពាក្យអ្នកដទៃ ពេលពួកគេកំពុងនិយាយ ។
៣. សុខភាពផ្លូវកាយ និងផ្លូវចិត្ត (Physical and mental health)
កំណត់ពេលវេលាធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងផ្តោតលើអារម្មណ៍ផ្ទាល់ខ្លួន។ អ្នកអាចអនុវត្តន៍តាមការ ស្តាប់តន្ត្រី ឬអានសៀវភៅដើម្បីបង្កើនសុខភាពផ្លូវចិត្ត។ សុខភាពល្អជាប្រភពនៃថាមពលក្នុងការរស់នៅប្រចាំថ្ងៃ។
សុខភាពល្អមិនមែនត្រឹមតែការអត់ជំងឺនោះទេ ប៉ុន្តែ ជាស្ថានភាពដែលផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ត្រូវសមស្របគ្នា។ ព្រោះជីវិតល្អ ត្រូវចាប់ផ្ដើមពីការមានសុខភាពល្អ។
» មូលហេតុដែលត្រូវមានសុខភាពល្អទាំងកាយ និង ចិត្ត :
១. សុខភាពល្អជួយបង្កើនថាមពលក្នុងការធ្វើការងារ និងការសិក្សា
២. ជួយកាត់បន្ថយការស្ទក់ស្ទើរ និងអារម្មណ៍អវិជ្ជមាន
៣. ជួយឲ្យជីវិតយើងមានស្រស់ស្រាយ មានសុខភាពផ្លូវចិត្តរឹងមាំ
» របៀបអនុវត្តន៍ប្រចាំថ្ងៃ:
១. អនុវត្តន៍លំហាត់ប្រាណជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ ៣ដងក្នុងសប្ដាហ៍
២. ញ៉ាំអាហារសម្បូរបែប និងពិសាទឹកឲ្យបានគ្រប់គ្រាន់ តាមគីឡូរបស់យើងផ្ទាល់
៣. គេងឲ្យគ្រប់ម៉ោង (យ៉ាងហោចណាស់ ៧-៨ ម៉ោងក្នុងមួយយប់)
៤. ធ្វើការមេឌីតេសិន ឬអានសៀវភៅ ដើម្បីសម្រាកចិត្ត
៥. ចៀសវាងបរិយាកាសអវិជ្ជមាន និងការប្រើប្រាស់ពេលវេលាខ្ជះខ្ជាយលើបណ្តាញសង្គមលើសហួសហេតុពេក ។


