ជូនចំពោះខ្លួនឯងជាទីស្រលាញ់!

#ជូនចំពោះខ្លួនឯងជាទីស្រលាញ់!


ខ្ញុំស្រឡាញ់អ្នក!ហើយខ្ញុំដឹងថាវាយឺតពេលបន្ដិចក្នុងការប្រាប់អ្នកឱ្យដឹងពីរឿងនេះ។ 

ខ្ញុំគួរតែនិយាយពាក្យនេះឱ្យបានលឿនបន្ដិច និង រឹតតែគួរប្រើពាក្យនេះឱ្យកាន់តែញឹកញាប់ជាមួយអ្នក។ ខ្ញុំពិតជាសូមទោស! ដែលខ្ញុំតែងតែមើលរំលងចំណុចល្អៗ និង ការខិតខំរបស់អ្នក ដើម្បីបានរស់នៅក្នុងពិភពលោកដែលគួរឱ្យខ្លាចនេះ។ ជំនួសឱ្យពាក្យសរសើរលើកទឹកចិត្ត ខ្ញុំតែងបន្ទោសអ្នកជានិច្ចថា អ្នកមិនឆ្លាត! តែបើអ្នកមិនឆ្លាតមែន! បញ្ហាអស់នោះសម្លាប់អ្នកយូរហើយ។ តែព្រោះអ្នកឆ្លាតទើបអ្នកមានវិធីជានិច្ចក្នុងការតយុទ្ធនឹងគ្រប់រឿងរ៉ាវ គ្រាន់តែថារឿងខ្លះវាត្រូវការពេលវេលាដើម្បីឈ្នះ។ ថ្ងៃខ្លះ ខ្ញុំដៀលអ្នកថា ល្ងង់ ខួរក្បាលដើរយឺ! តែតាមពិតអ្នកគ្រាន់តែជាមនុស្សដែលចូលចិត្តគិត មុនឆ្លើយតបប៉ុណ្ណោះ ព្រោះខ្លាចថាប៉ះពាល់ចិត្តអ្នកដទៃពេកទើបគ្រប់ការឆ្លើយតបតែងយឺតជានិច្ច។ ការពិតអ្នកមិនល្ងង់ទេ គ្រាន់តែអ្នកជ្រើសរើសការពារអារម្មណ៍អ្នកដទៃមុនខ្លួនឯងប៉ុណ្ណោះ!

ខ្លួនឯងជាទីគោរពរាប់អាន! ខ្ញុំគួរតែបានបង្រៀនអ្នកឱ្យស្រឡាញ់ខ្លួនឯងច្រើនជាងនេះតាំងយូរមកហើយ។ជាជាងការអង្វរសុំឱ្យនរណាម្នាក់មកស្រឡាញ់អ្នក។ 

ខ្ញុំសូមទោសប្រសិនបើខ្ញុំយឺតពេលបន្តិចក្នុងការដឹងពីរឿងដែលខ្ញុំគួរតែការពារអ្នកមុនពេលវាក្លាយជាកំហុស។ 

ខ្លួនឯងពីមុនរបស់ខ្ញុំអើយ! ខ្ញុំមិនគួរឱ្យអ្នករងទុក្ខវេទនាច្រើននោះទេ។ កាលណោះពេលគេបន្ទោសអ្នក ខ្ញុំគួរណាស់តែឈរខាងអ្នកលើកទឹកចិត្តអ្នក! មិនមែនដៀលត្មិះបន្ទោសអ្នកថែមទេ។ខ្ញុំគួរតែបានថែរក្សាអ្នក ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាមានតម្លៃ។ 

ខ្ញុំសូមទោស ដែលខ្ញុំចាត់ទុកថា ការឈឺចាប់របស់អ្នកជារឿងធម្មតា ហើយយូរទៅវានឹងលែងអី!សូមទោសដែលខ្ញុំមើលស្រាលការឈឺចាប់របស់អ្នកថាវាជារឿងតិចតួច។

អ្នកចំពោះខ្ញុំពេលនេះ គឺជាមនុស្សស្រីដ៏អស្ចារ្យដែលសូនចេញពីការឈឺចាប់ដ៏ស្ងប់ស្ងាត់ ហើយរលាស់ខ្លួនលូតខ្ពស់ភ្លឺស្អាតដូចដួងតារា។


Comments