មានថ្ងៃបញ្ចប់




"មានថ្ងៃបញ្ចប់"

  គ្មានអ្នកណាសប្បាយចិត្តរហូត ឬ កើតទុក្ខរហូតនោះទេ ប៉ុន្តែ បើយើងចេះតែសន្សំក្តីឈឺចាប់ សន្សំចិត្តខឹង សន្សំទុក្ខ ដាក់ក្នុងចិត្តគំនិតខ្លួនឯង មួយថ្ងៃបន្តិចៗ មិនព្រមលាងសម្អាតចិត្តកង្វល់ទាំងអស់ចោលទេ ។ ពេលនោះហើយ ដែលជីវិតយើងរស់នៅបៀមទុក្ខព្រួយរៀងរាល់ថ្ងៃ ព្រោះតែយើងខ្លួនឯងចេះតែសន្សំទុក្ខ មិនសន្សំក្តីសុខដាក់ក្នុងចិត្តគំនិតខ្លួនឯង ។


  សាកស្រម៉ៃមើល បើពេលនេះ យើងជ្រើសរើសយកស្នាមញញឹមមកដាក់លើផ្ទៃមុខ តើទឹកមុខក្រញ៉ូវមានសិទ្ធនៅលើមុខយើងបានទេ ? ប្រាកដជា មិនអាចមានសិទ្ធបង្ហាញនៅលើមុខយើងបានហើយ ព្រោះយើងមិនបានអនុញ្ញាតឲ្យវាលិចចេញមកនៅលើមុខយើងបានឡើយ ។ ហើយក៏មានន័យថា យើងមិនបានគិតដល់រឿងអវិជ្ជមានទាំងឡាយ បែបនេះចិត្តយើងក៏បានស្រលះ ដោយសារយើងមិនប្រមូលយកក្តីទុក្ខព្រួយមកដាក់ក្នុងជីវិត ។


   ទោះបី ថ្ងៃខ្លះយើងជួបរឿងមិនសប្បាយចិត្ត យើងគួរតែរៀនទទួលយកវា ហើយរៀនបើកចិត្តឲ្យទូលាយ រួចទុកវាចោលទៅតាមពេលវេលាដែលអាក្រក់នោះ ព្រោះគ្រប់រឿងរ៉ាវទាំងអស់ នឹង មានថ្ងៃបញ្ចប់របស់វា ។

Comments