(ភ្នំពេញ)៖ លោក ដាញ់ ហុង ដែលជាអ្នកបង្កើតហ្វុនអក្សរយូនីកូដ និងជាខ្មែរកម្ពុជាក្រោម មួយរូបបានបង្ហាញចំណាប់អារម្មរណ៍របស់លោក ក្នុងជម្រុញ និងលើកទឹកចិត្តឱ្យងាកមកសាកល្បងប្រើប្រាស់ CoolApp ក្រោយកម្មវិធី Telegram កំពុងមានបញ្ហានៅវៀតណាម។ បើតាមសារបង្ហោះរបស់លោកក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
អ្នកបង្កើតហ្វុនអក្សរយូនីកូដ និងជាខ្មែរកម្ពុជាក្រោម រូបនេះបានសរសេរសារបែបនេះថា៖ « Zalo ល្បីនៅវៀតណាម តែពិបាកប្រើនៅកម្ពុជា កន្លងមកអ្នកនៅវៀតណាមរកស៊ីឆ្លងដែនជាមួយកម្ពុជាពឹងលើ Telegram ឥឡូវ Telegram មានបញ្ហាទៀត។ ដល់ពេលសាក CoolApp ម្ដងមើល»។
ជាការកត់សម្គាល់កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ អនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានចុះហត្ថលេខា ភ្ជាប់ជាមួយឯកសារមួយចំនួន បញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាម នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។
ខណៈនៅប្រទេសកម្ពុជាមានបណ្តាញទំនាក់ទំនង CoolApp ដែលបង្កើតឡើងដោយកូនខ្មែរ បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋខ្មែរ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់កើនរហូតដល់ជាង៥០ម៉ឺននាក់ហើយ។ បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp អាចប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសបំផុតនោះគឺអាចប្រើប្រាស់នៅប្រទេសចិន ដោយសេរី មិនត្រូវការកម្មវិធីជំនួយ VPN នោះទេ។
សូមជម្រាបថា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕


