ភូមិព្រៃចាន់ និងជោគជ័យ មិនមានសភាពការណ៍វិវត្តន៍ថ្មីទេ

tikchhang

(បន្ទាយមានជ័យ)៖ បន្ទាប់ពីហេតុការណ៍ទាហានថៃបើកការបាញ់ប្រហារមកលើប្រជា​ពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៥ សភាពការណ៍ក្នុងភូមិព្រៃចាន់ និងជោគជ័យ បានកើនឡើង​នូវការប្រុងប្រយ័ត្នខ្ពស់។ តែទោះជាយ៉ាងណា រយៈពេលពីរថ្ងៃក្រោយហេតុការណ៍បាញ់​ប្រហារនោះ ពោលនៅថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា មិនមានសភាពការណ៍វិវត្តន៍ថ្មី ឬការផ្ទុះអាវុធទៀតនោះឡើយ។


បើទោះបីជាមិនមានការផ្ទុះអាវុធទៀតយ៉ាងណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពអស់ហើយ។ ដោយឡែកនៅភូមិជោគជ័យ​វិញ មានប្រជាពលរដ្ឋមួយចំនួនបានជម្លៀសចេញ តែនៅមានពលរដ្ឋជាច្រើនទៀត បន្ត​រស់នៅក្នុងភូមិឋាន និងរង់ចាំតាមដានសភាពការណ៍វិវត្តន៍បន្ត។


លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជិត ៥០០គ្រួសារ បានចូលទៅរស់​នៅ​ជំរំភៀសសិកក្នុងវត្តចាន់ស៊ី។ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀស​សិក អាជ្ញាធរបានរៀបចំកន្លែងស្នាក់នៅ ផ្តល់សម្ភារប្រើប្រាស់នានា ទន្ទឹមគ្នានោះ តំណាង​រាស្ត្រ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសប្បុរសជនបាននាំយកស្បៀងអាហារ ថវិកាផ្តល់ជូនដល់ជនភៀសសិកជាបន្តបន្ទាប់ផងដែរ។


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅកន្លែងកងទ័ពថៃឈរជើងលើដីក្នុងភូមិ​ព្រៃ​ចាន់ ដែលពួកគេបានរាយបន្លាលួសព័ទ្ធយកកាលពីថ្ងៃទី១៣ ខែវិច្ឆិកានោះ កងទ័ពថៃ បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យស្លាកស្នាម​មួយចំនួនដែលពួកគេចោទថាកងកម្លាំងបាញ់៕





















Comments