ហ្កាហ្សា៖ សហគមន៍អន្តរជាតិរិះគន់ខ្លាំងឡើង ចំពោះទង្វើអមនុស្សធម៌របស់អ៊ីស្រាអែល

tikchhang

យានយន្តទាហានអ៊ីស្រាអ៊ែល បើកសំរុកចូល​ទន្ទ្រានដើម្បី​កាន់កាប់គ្រប់គ្រងតំបន់​ហ្កាហ្សា នៅថ្ងៃទី២០ឧសភា ឆ្នាំ២០២៥។ រូបភាព៖ REUTERS/Amir Cohen REUTERS - Amir Cohen

នៅថ្ងៃអង្គារទី​២០​ឧសភា ក្រុមប្រទេសលោកខាង​លិច បានបារាំង អង់គ្លេស កាណាដា បានរួមគ្នា​ថ្លែងសារថ្កោលទោស​អ៊ីស្រាអែល និងបាន​​​ទាមទារ​ឲ្យ​អ៊ីស្រាអែល ត្រូវតែ​បិទបញ្ចប់​ប្រតិបត្តិការយោធា ហើយត្រូវ​​បើកផ្លូវ​ដឹកបញ្ជូនស្បៀងចូលទៅកាន់តំបន់ហ្កាហ្សា​។ សហភាពអឺរ៉ុប​កំពុងពិនិត្យ​មើលផងដែរ ទាក់ទិននឹងការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅ​​ក្នុង​​កិច្ចព្រមព្រៀងរវាងអឺរ៉ុបនិងអ៊ីស្រាអែល។ ប្រតិកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនេះ គឺបន្ទាប់ពី លោកនេតាន់យ៉ាហ៊ូ ​បានប្រកាសកាលពីថ្ងៃចន្ទ បើកប្រតិបត្តិការយោធា ចូលទៅទន្ទ្រានដើម្បីគ្រប់គ្រងតំបន់​ហ្កាហ្សាទាំងស្រុង។


កងទ័ព​អ៊ីស្រាអែលនឹងសំរុកចូល​ទន្ទ្រាន ដើម្បី​កាន់កាប់គ្រប់គ្រងតំបន់​ហ្កាហ្សាទាំងស្រុង ហើយកម្ទេច​ក្រុម​ហាម៉ាសឲ្យវិនាសទាំងស្រុង។ នេះគឺជាការប្រកាស របស់​លោក​នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ទី​១៩ឧសភា​។ ដូចការគ្រោងទុក កងទ័ពអ៊ីស្រាអែល បានបើក​ប្រតិបត្តិការ​ បាញ់​ប្លោងទំលាក់គ្រាប់បែកយ៉ាងដំណំ​។ 

ផ្អែកតាម​ប្រភពពីក្រុម​ប្រជាការពារ​ក្នុងតំបន់ហ្កាហ្សា មានស្លាប់​មនុស្សយ៉ាង​ហោច​៤៤នាក់ គិតពីយប់ថ្ងៃចន្ទ ឈានចូលព្រឹកថ្ងៃអង្គារ​ទី​២០​ឧសភា​។ ប្រភពដដែលអះអាងថា ភាគច្រើន​នៃជនរងគ្រោះស្លាប់និងរបួស គឺសុទ្ធតែជាស្ត្រីនិងកុមារ​។

កាលពីថ្ងៃចន្ទដែរ បន្ទាប់ពីបានរងនៅការដាក់សំពាធការទូតពីបរទេស លោកនេតាន់យ៉ាហ៊ូ បានអនុញ្ញាតឲ្យ​មានការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ ចូលទៅតំបន់​ហ្កាហ្សា តែក្នុងចំនួន​មួយតិចតួចប៉ុណ្ណោះ។ ប៉ុណ្ណឹងហើយ លោករដ្ឋមន្ត្រី​សន្តិសុខផ្ទៃក្នុង​អ៊ីស្រាអែល Itamar Ben Gvir ដែលជាមនុស្ស​ស្តាំជ្រុលនិយម បានរិះគន់​ការសម្រេចរបស់​លោក​នេតាន់​យ៉ាហ៊ូ ថាមិនត្រូវបើក​ផ្លូវ​ឲ្យរថយន្តដឹកស្បៀងចូលទៅ​តំបន់ហ្កាហ្សា​សោះទេ​។


ប្រជាជនប៉ាឡេស្ទីនសែងសពមនុស្សដែលស្លាប់ដោយ​គ្រាប់បែក​របស់អ៊ីស្រាអែល នៅមន្ទីរពេទ្យ Al-Ahli Arab Baptist ទីក្រុងហ្កាហ្សាស៊ីធី ថ្ងៃទី​២០ឧសភា​២០២៥ REUTERS - Dawoud Abu Alkas

ដោយ​ឡែក អង្គការសហប្រជាជាតិ ព្រមទាំងអង្គការមនុស្សធម៌នានា បាន​លើកឡើងថា ស្បៀង​អាហារដែលអ៊ីស្រាអែលអនុញ្ញាត​ឲ្យដឹកចូលកាលពីថ្ងៃចន្ទ ភាគច្រើនសុទ្ធតែជាចំណី​អាហារសម្រាប់កុមារ​ ពោលគឺតិចតួចខ្លាំងណាស់ មិនគ្រប់គ្រាន់ទេ។ អង្គការ​សុខភាពពិភពលោក​វិញ បាន​លើកឡើងថា អ៊ីស្រាអែលបិទខ្ទប់ស្បៀងអាហាររាប់សិន​តោននៅ​ព្រំដែន មិន​ឲ្យចូលប្រមាណជិត​៣ខែមកហើយ​​ ខណៈ​មនុស្ស​២លាននាក់ កំពុង​ប្រឈមនឹងការដាច់ពោះស្លាប់​នៅតំបន់ហ្កាហ្សា។ នៅព្រឹកថ្ងៃអង្គារនេះ ដោយរងសំពាធខ្លាំង​ពីសហគមន៍អន្តរជាតិ អ៊ីស្រាអែល​បានបើកផ្លូវ​​ឲ្យ​រថយន្តកាមីញ៉ុងដឹកស្បៀងរបស់​អង្គការសហប្រជាជាតិ​ ចំនួន​១០០​រថយន្តចូលទៅតំបន់​ហ្កាហ្សា​។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ដែលបន្តផ្តាច់ជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន​ ព្រមទាំងការរាំងខ្ទប់មិន​ឲ្យ​អង្គការមនុស្សធម៌ដឹកស្បៀងចូល បានបង្កឲ្យ​មានការរិះគន់បរិហារជាខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ។ មតិខ្លះបាន​លើកឡើងថា អ៊ីស្រាអែលកំពុងតែធ្វើអំពើប្រល័យពូជសាសន៍។

នៅព្រឹកថ្ងៃអង្គារ លោកម៉ាក្រុង​ប្រធានាធិបតី​បារាំង លោក​គារ ស្តាមឺរ នាយករដ្ឋមន្ត្រីអង់គ្លេស និង​លោក​​ម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា បានរួមគ្នាចេញលិខិតមួយថ្កោល​ទោសអ៊ីស្រាអែល និងអះអាងថាប្រទេសទាំង​៣នឹងមិនធ្មេចភ្នែក​ឈរមើលទង្វើ​ដ៏អាក្រក់របស់អ៊ីស្រាអែល ដោយ​មិនធ្វើអ្វីសោះនោះឡើយ​។ ចំណែក​កាតាដែលជាប្រទេសសម្របសម្រួល​ការចរចា​ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសវិញ បាន​ប្រតិកម្មនៅព្រឹកថ្ងៃអង្គារទី​២០ឧសភាថា​ ប្រតិបត្តិការយោធាចូលទន្ទ្រាន​គ្រប់គ្រងតំបន់​ហ្កាហ្សា វាគឺជាការបំផ្លាញចោលនូវក្តីសង្ឃឹមសន្តិភាព​។


ប្រជាជនប៉ាឡេស្ទីន​រងចាំទទួលចំណែក​អាហារបរិភោគ។ ហ្កាហ្សា ថ្ងៃទី​១៩​ឧសភា​២០២៥ REUTERS - Mahmoud Issa

ដោយឡែក នៅក្នុងក្របខណ្ឌសហភាពអឺរ៉ុបវិញ លោក​រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noël Barrot ថ្លែងតាមវិទ្យុ​បារាំង France Inter ថាបារាំង​រួម​ជាមួយ​ហូឡង់ បានស្នើទៅកាន់គណៈកម្មការអឺរ៉ុប ឲ្យ​ពិនិត្យ​មើលទាក់ទិននឹង​ការគោរពកិច្ច​ព្រមព្រៀង​សមាគមរវាងអឺរ៉ុបនិងអ៊ីស្រាអែល​។ ផ្អែកតាម​លោករដ្ឋ​មន្ត្រីបារាំង គឺអ៊ីស្រាអែលកំពុងតែបំពាននឹងមាត្រា២ ​នៃ​កិច្ចព្រមព្រៀងនេះ ដែលចែងថា ភាគីទាំង២​មានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស​។ 

លោកJean-Noël Barrot អះអាងទៀតថា បារាំង​ប្តេជ្ញាចិត្តហើយ នឹងរៀបចំយន្តការឈានទៅប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ ព្រោះថាគេមិនអាច​ផ្ទេរមរតក​នៃអំពើហិង្សា ការស្អប់គុំគួនចងពារ​ ទៅ​ឲ្យ​កុមារប៉ាឡេស្ទីន​ជំនាន់​ក្រោយ​បានទេ​។ លោក​បន្ថែមថា បារាំងនឹង​ប្រឹងប្រែង​រកដំណោះស្រាយការទូត ប្រកាសរដ្ឋប៉ាឡេស្ទីន​ ព្រោះវាជាអត្ថប្រយោជន៍​រួមសម្រាប់ប្រជាជនប៉ាឡេស្ទីនផង និងសម្រាប់​សន្តិសុខអ៊ីស្រាអែល​ទៅថ្ងៃអនាគតផង៕

Comments