(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអញ្ជើញទៅដល់សេតវិមាន នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មុនពេលបើកកិច្ចចរចាកំពូលដ៏តានតឹង និងមានសារៈសំខាន់បំផុតរវាងមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ជំនួបកំពូលនេះ ធ្វើឡើងត្រឹមតែ ៤ខែប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ ទៅកាន់រដ្ឋធានីប៉េកាំង ដោយរបៀបវារៈចម្បងផ្តោតលើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យាជឿនលឿន បញ្ហាកោះតៃវ៉ាន់ និងវិបត្តិសង្គ្រាមនៅប្រទេសអ៉ីរ៉ង់។ ការមកដល់របស់លោក ស៉ី បានបើកទំព័រនៃពិធីបដិសណ្ឋារកិច្ចផ្លូវការនៅសេតវិមាន ដែលរួមមានការថ្លែងសុន្ទរកថាដោយមេដឹកនាំទាំងពីរ និងការបង្ហាញកិត្តិយសរបស់កងទ័ព មុនពេលឈានចូលដល់តុចរចាទ្វេភាគី។
ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះត្រូវបានគ្របដណ្តប់ដោយភាពចម្រូងចម្រាសរវាងសេតវិមាន និងស្ថាប័នសារព័ត៌មាន បន្ទាប់ពីអ្នកកាសែតមកពីស្ថាប័នធំៗ រួមមាន CNN, MS Now និង Politico ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងសេតវិមានកាលពីព្រឹកមិញនេះ បើទោះបីជាចៅក្រមតុលាការទើបតែបានសម្រេចកាលពីយប់មិញថា បម្រាមរបស់រដ្ឋបាលលោក ត្រាំ គឺផ្ទុយពីរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិសេរីភាពសារព័ត៌មានក៏ដោយ។ ស្ថាប័នព័ត៌មានទាំងបី បានដាក់ពាក្យស្នើសុំសវនាការបន្ទាន់នៅចំពោះមុខតុលាការ ដើម្បីទាមទារសិទ្ធិចូលយកព័ត៌មានឡើងវិញ។
គួរបញ្ជាក់ថា ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៉ី ជីនពីង ត្រូវបានពិភពលោកទាំងមូលតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរជិតដល់ថ្ងៃផុតកំណត់ ហើយទីផ្សារសកលលោកកំពុងរង់ចាំមើលថាតើមេដឹកនាំទាំងពីរអាចឈានដល់ការព្រមព្រៀងលើវិស័យពន្ធគយ និងកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយបានដែរឬទេ៕






