តើចិនទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ ហើយឬ?

tikchhang

(វ៉ាស៊ីនតោន)៖ ជាលើកដំបូងបំផុត សេចក្ដីថ្លែងការណ៍ផ្លូវការក្រោយកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលធ្វើឡើង កាលពីដើមខែកញ្ញាកន្លងទៅ មិនបានលើកឡើងពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះទេ។ ក្រុមអ្នកវិភាគយល់ថាការមិនលើកឡើងពីការរំសាយអាវុធនុយក្លេអ៊ែរនេះអាចជា សញ្ញាបង្ហាញថាលោក គីម ជុងអ៊ុន ទទួលបាននូវអ្វីដែលលោកចង់បានជាយូរណាស់មកហើយ នោះគឺ៖ «ការទទួលស្គាល់ដោយស្ងៀមស្ងាត់របស់ចិនថាកូរ៉េខាងជើង ជាមហាអំណាចនុយក្លេអ៊ែរ។ «ចិននឹងមិនទទួលស្គាល់ជាផ្លូវការថាកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរនោះទេ ប៉ុន្តែកិច្ចប្រជុំចុងក្រោយបំផុត (រវាងលោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន) បានបង្ហាញថាប៉េកាំងក៏លែងចាប់អារម្មណ៍ចំពោះការរំសាយអាវុធនុយក្លេអ៊ែរផងដែរ ហើយនេះជាភាពរីកចម្រើនមួយយ៉ាងធំនៃយុទ្ធសាស្ត្ររបស់លោក គីម ជុងអ៊ុន ដែលចង់ឱ្យគេ ទទួលស្គាល់ថាការទទួលស្គាល់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកជារឿងមួយចៀសមិនរួច»។ នេះជាការយល់ឃើញរបស់លោក Lee Byong Chul ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានសម្រាប់ ការសិក្សាពីតំបន់ចុងបូព៌ា មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល។

* ការទទួលស្គាល់យ៉ាងស្ងៀមស្ងាត់

លោក Tong Zhao ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Carnegie Endowment for International Peace បាននិយាយថា «ដោយឥលូវ គោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានលុបចេញពីសេចក្ដីថ្លែងការណ៍ផ្លូវការរវាងលោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន ការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយយូរអង្វែងរបស់ចិនត្រូវបានបញ្ជាក់ ពោលគឺ ចិនដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងបានបោះបង់ចោលការស្វែងរកការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។ ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី៨ ខែកញ្ញា បានចុះត្រួតពិនិត្យការធ្វើតេស្ដម៉ាស៊ីនកម្រិតខ្ពស់ថ្មីមួយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍ថានឹងត្រូវបានប្រើដើម្បីជំរុញកម្លាំងរបស់ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី Hwasong-20។

ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាផ្នែកមួយនៃដង្ហើមសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចប្រឹងប្រែងជាសកលដើម្បីគ្រប់គ្រងមហិច្ឆតានុយក្លេអ៊ែររបស់ព្យុងយ៉ាង ដោយមានពេលខ្លះប៉េកាំងត្រូវធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិកទៀតផង។ មិនតែប៉ុណ្ណោះ ចិនក៏បានដើរតួនាទីចម្បងក្នុងការបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់ទៅរកតុចរចា ក៏ដូចជាបោះឆ្នោតគាំទ្រដំណោះស្រាយដាក់ទណ្ឌកម្មរបស់ UN ប្រឆាំងកូរ៉េខាងជើងផងដែរ។ ក៏ប៉ុន្តែ ក្នុងបរិបទដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ប្រែជាតានតឹង ទីក្រុងប៉េកាំង បានកាត់បន្ថយការគាំទ្ររបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការគ្រប់គ្រងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈរុស្ស៉ីដែលធ្លាប់ចូលរួមក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ និងគាំទ្រការដាក់ទណ្ឌកម្ម UN ប្រឆាំងកូរ៉េខាងជើង ក៏បានផ្លាស់ប្ដូរជំហរដែរ ចាប់តាំងពីលោក ពូទីនបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។

ក្នុងឆ្នាំ២០២២ ចិន និងរុស្ស៉ី បានរួមដៃគ្នាបោះឆ្នោតវេតូប្រឆាំងដំណោះស្រាយមួយដឹកនាំដោយសហរដ្ឋអាមេរិកនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដាក់ទណ្ឌកម្មបន្ថែមលើ កូរ៉េខាងជើង ជុំវិញការធ្វើតេស្ដមីស៊ីល។ លើកចុងក្រោយបំផុតដែលចិនបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺនៅអំឡុងកិច្ចប្រជុំ ត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤។ នៅពេលនោះ កូរ៉េខាងជើងខឹងជាខ្លាំង និងបានថ្កោលទោសយ៉ាងខ្លាំងលើសេចក្ដីប្រកាសរួមនេះដោយចាត់ទុកថាជា ទង្វើបង្កហេតុនយោបាយ និងបំពានលើអធិបតេយ្យរបស់ខ្លួន។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានចាប់ផ្ដើមចៀសវាងការលើកឡើងពីគោលដៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបរ៉េក្នុងសេចក្ដីថ្លែងការណ៍ ឬឯកសារផ្លូវការរបស់ខ្លួន។ នេះបើតាម ការកត់សម្គាល់របស់លោក Tong Zhao។ ព្រមពេលជាមួយគ្នា ការកើនឡើងទំនាក់ទំនងយោធារបស់រុស្ស៉ីជាមួយកូរ៉េខាងជើង គួបផ្សំការសម្រេចបានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក បានបង្កើនការព្រួយបារម្ភថាជាថ្នូរទៅនឹងការផ្ដល់អាវុធ និងកងទ័ពពីកូរ៉េខាងជើងជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមអ៊ុយក្រែន លោក ពូទីន ប្រហែលជាកំពុងជួយទីក្រុងព្យុងយ៉ាង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល និងប្រព័ន្ធអាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ជាសាធារណៈ ក្រុមមន្ត្រីរុស្ស៉ីបានគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយបើកចំហ។ តួយ៉ាង កាលពីខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergey Lavrov បានប្រកាសថាទីក្រុងមូស្គូបានចាត់ទុកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជា «បញ្ហាដែលបានដោះស្រាយរួចហើយ» ដោយនិយាយថារុស្ស៉ីយល់ស្របថាការពឹងផ្អែករបស់ព្យុងយ៉ាងលើអាវុធនុយក្លេអ៊ែរគឺជាមូលដ្ឋាននៃការការពារប្រទេសរបស់ខ្លួន។ ក្រោយមកទៀត នៅខែកក្កដា ឆ្នាំដដែល លោក Lavrov បានបញ្ជាក់កាន់តែច្បាស់ថែមទៀតថាដោយនិយាយថារុស្ស៉ីគោរពមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ខណ​ៈចិនមិនបានធ្វើដូចរុស្ស៉ី តែការបោះបង់ចោលយ៉ាងស្ងៀមស្ងាត់នូវការកត់សម្គាល់ពីគោលដៅរំសាយអាវុធនុយក្លេអ៊ែរ ជាការផ្លាស់ប្ដូរដ៏សំខាន់មួយដែលអាចបើកផ្លូវឆ្ពោះទៅរកទំនាក់ទំនង ជិតសិ្នទ្ធរវាងចិន និងកូរ៉េខាងជើង ឬក៏ជំរុញសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយរុស្ស៉ី។ នេះបើតាមលោក Zhao។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Wu Qiang ជាអ្នកវិភាគនយោបាយឯករាជ្យម្នាក់ក្នុងទីក្រុងប៉េកាំង បាននិយាយថាការទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ អាចជាផ្នែកមួយចក្ខុវិស័យរបស់លោក ស៊ី ជីនពីង និងលោក ពូទីន ចំពោះសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយដែលលែងគ្រប់គ្រងផ្ដាច់មុខដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

តាមលោក Zhao ការទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរយ៉ាងស្ងៀមស្ងាត់របស់ចិន ក៏ប្រហែលជាអាចត្រូវបានជំរុញផងដែរដោយការបញ្ជូនសារពីក្រុមមន្ត្រីអាមេរិកមួយចំនួន នៃរដ្ឋបាលលោក ត្រាំ ដែលបានបង្ហាញការគាំទ្រដល់ការអនុញ្ញាតឱ្យមានការរីកសាយនុយក្លេអ៊ែរនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក។ ជាឧទាហរណ៍ដូចជា AUKUS ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ចិនបានចាត់ទុកថា AUKUS ជាការបោះជំហានមួយឆ្ពោះទៅរកការផ្ទេរសម្ភារៈអាវុធនុយក្លេអ៊ែរ។ ដូច្នេះ ដោយបកស្រាយថាសកម្មភាពទាំងនេះជាភស្តុតាងបង្ហាញថាទីក្រុងវ៉ាស៊ីនតោន កំពុងដើរចេញកាន់តែឆ្ងាយពីគោលការណ៍មិនរីកសាយនុយក្លេអ៊ែរ ចិនប្រហែលជាមានអារម្មណ៍ថាវាជារឿងត្រឹមត្រូវ ដែលខ្លួនត្រូវផ្ដោតលើប្រយោជន៍ភូមិសាស្ត្រនយោបាយ ជាជាងបទដ្ឋានមិនរីកសាយនុយក្លេអ៊ែររបស់សកលលោក៕

Comments