ហេតុអ្វីលោក ដូណាល់ ត្រាំ ប្ដូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្រ្គាម?

tikchhang

(វ៉ាស៊ីនតោន)៖ តាមរយៈការប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ដារឡើងវិញនូវឈ្មោះសង្រ្គាមដែលធ្លាប់ត្រូវបានប្រើរហូតដល់ចប់ សង្រ្គាមលោកលើកទី២។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីប្ដូរឈ្មោះក្រសួងនេះកាលពីថ្ងៃទី៥ ខែកញ្ញា ជាការបំពេញតាមពាក្យសន្យារយៈពេលជាច្រើនខែរបស់លោក។ លោក ត្រាំបានអះអាងថាឈ្មោះក្រសួងការពារជាតិ មើលទៅមានអត្ថន័យផ្សាភ្ជាប់ទៅនឹងនយោបាយខ្លាំងពេក ហើយឈ្មោះក្រសួងសង្រ្គាមទើបពិរោះស្ដាប់ជាង។ បទបញ្ជាប្រតិបត្តិដែលលោក ត្រាំ បានចុះហត្ថលេខាមិនបានប្ដូរឈ្មោះក្រសួងការពារជាតិជាផ្លូវការទេ ប៉ុន្តែអនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ប្រើប្រាស់ឈ្មោះជារដ្ឋមន្ត្រីសង្រ្គាមជាតំណែងទី២ និងក្រសួងសង្រ្គាមដែលជាឈ្មោះទី២របស់ក្រសួងការពារជាតិ ក្នុងការទំនាក់ទំនងផ្លូវការរបស់សេតវិមាន និងសេចក្ដីថ្លែងការណ៍សាធារណៈ ព្រមទាំងពីធីផ្លូវការ។ ដ្បិតការប្ដូរឈ្មោះក្រសួងជាអចិន្ត្រៃយ៍តម្រូវឱ្យសភាអនុម័តច្បាប់ថ្មីជាមុនសិន។

* ប្រវត្តិក្រសួងសង្រ្គាមរបស់សហរដ្ឋអាមេរិក

លោក George Washington បានបង្កើតក្រសួងសង្រ្គាមនៅខែសីហា ឆ្នាំ១៧៨៩ ប៉ុន្មានខែក្រោយរដ្ឋធម្មនុញ្ញត្រូវបានផ្ដល់សច្ចាប័ន ហើយរូបលោកក្លាយជាប្រធានាធិបតីដំបូងគេរបស់សហរដ្ឋអាមេរិក។ ក្រសួងសង្រ្គាមអាមេរិកនៅពេលនោះមានតួនាទីគ្រប់គ្រងកងកម្លាំងយោធាថ្មីរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីសង្រ្គាមដំបូងគេបំផុតនៅពេលនោះ គឺលោក Henry Knox ដែលធ្លាប់បានកាន់តំណែងជា មេបញ្ជាការម្នាក់អំឡុងសង្រ្គាមបដិវត្តន៍ (Revolutionary War)។ ឈ្មោះក្រសួងសង្រ្គាមនេះត្រូវបានសហរដ្ឋអាមេរិកប្រើអស់រយៈពេល១៥០ឆ្នាំ ហើយដែលអំឡុងពេលនោះសហរដ្ឋអាមេរិកធ្វើសង្រ្គាម ប្រឆាំងចក្រភពអង់គ្លេស អេស្ប៉ាញ ម៉ិកស៊ិក និងហ្វីលីពីន ព្រមទាំងសង្រ្គាមស៊ីវិល និងសង្រ្គាមប្រឆាំងជនជាតិដើមអាមេរិក។ ក្រោយមកទៀត សហរដ្ឋអាមេរិកបានប្រឡូកចូលក្នុងសង្រ្គាមលោកលើកទី១ ក្នុងឆ្នាំ១៩១៧ និងសង្រ្គាមលោកលើកទី២ ក្រោយការវាយប្រហាររបស់ជប៉ុនលើមូលដ្ឋានទ័ពអាមេរិក​នៅ Pearl Harbor ក្នុងឆ្នាំ១៩៤១។ នៅពេលលោក ត្រាំ បានលើកឡើងពីគំនិតចង់ផ្លាស់ប្ដូរឈ្មោះ ក្រសួងការពារជាតិសព្វថ្ងៃទៅជាក្រសួងសង្រ្គាមកាលពីខែសីហាក៏កន្លងទៅ លោកផ្ទាល់បាននិយាយថាការប្ដូរឈ្មោះនេះជាចងចាំមួយដល់ជ័យជម្នះរបស់យោធាអាមេរិក ជាពិសេសក្នុងសង្រ្គាមលោកលើកទី១ និងលោកលើកទី២។

* ហេតុអ្វីក្រសួងសង្រ្គាមប្ដូរទៅជាក្រសួងការពារជាតិ?

តាមវិទ្យាស្ថាន Truman Library Institute អតីតប្រធានាធិបតីអាមេរិក លោក Harry S.Truman បានប្ដូរឈ្មោះក្រសួងសង្រ្គាមទៅជាក្រសួងការពារជាតិអាមេរិកនៅក្រោមច្បាប់សន្តិសុខជាតិ (National Security Act) ដែលលោកបានចុះហត្ថលេខាក្នុងឆ្នាំ១៩៤៧ ជាពេលដែលសហរដ្ឋអាមេរិកគឺជាមហាអំណាចពិភពលោកតែមួយគត់ដែលមានអាវុធនុយក្លេអ៊ែរ ហើយសង្រ្គាមត្រជាក់ចាប់ផ្តើម ផ្ទុះឡើង។ ច្បាប់នេះបានរួមបញ្ចូលគ្នារវាងកងទ័ពជើងទឹក និងក្រសួងសង្រ្គាម ហើយបង្កើតកងកម្លាំងទ័ពអាកាសឯករាជ្យថ្មីមួយដែលគេស្គាល់ជាទូទៅថា «ស្ថាប័នយោធាជាតិ» (National Military Establishment) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីការពារជាតិស៊ីវិលម្នាក់ដែលកំពុងគ្រប់គ្រងលើនាយសេនាធិការចម្រុះកងទ័ពអាមេរិកផងដែរ។ រដ្ឋមន្ត្រីដំបូងគេនៃក្រសួងការពារជាតិគឺលោក James Forrestal ដែលបានកាន់តំណែង២ឆ្នាំមុននឹងលាលែងពីតំណែង។

២ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៤៩ សភាទាំង២របស់សហរដ្ឋអាមេរិកបានធ្វើវិសោធនកម្មច្បាប់សន្តិសុខជាតិ ហើយស្ថាប័នយោធាជាតិ (National Military Establishment) ត្រូវបានប្ដូរឈ្មោះ ផ្លូវការទៅជា «ក្រសួងការពារជាតិ» តែម្ដង។ ចាប់តាំងពីពេលនោះមក ក្រសួងការពារជាតិអាមេរិកបានទទួលបន្ទុកលើការធ្វើសង្រ្គាមនៅកូរ៉េ វៀតណាម អាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។ លោក Richard H. Kohn ជាសាស្ត្រាចារ្យម្នាក់ជំនាញខាងប្រវិត្តសាស្ត្រយោធាម្នាក់មកពីសាកលវិទ្យាល័យ North Carolina បាននិយាយថាការប្ដូរឈ្មោះក្រសួងសង្រ្គាមទៅជាក្រសួងការពារជាតិក្នុងឆ្នាំ១៩៤៩ បានឆ្លុះបញ្ចាំង ពីការពង្រីកភារកិច្ចរបស់ក្រសួងការពារជាតិដែលក្នុងនោះរួមមានកិច្ចការធ្វើសង្រ្គាម គោលនយោបាយការបរទេស ចារកម្ម និងសន្តិសុខជាតិ។ ដោយឡែក ក្នុងយុគសម័យរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ពេលនោះ ការប្ដូរមកឈ្មោះក្រសួងការពារជាតិក៏បានឆ្លុះបញ្ចាំងផងដែរពីការផ្ដោតលើការបញ្ចៀសសង្រ្គាម។ «ការសម្រេចចិត្តប្ដូរឈ្មោះក្រសួងសង្រ្គាមទៅជាក្រសួងការពារជាតិមិនមែនសំដៅតែលើនយោបាយ ប៉ុណ្ណោះទេ តែវាគឺជាការបញ្ជូនសារមួយទៅកាន់សត្រូវរបស់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូលថាសហរដ្ឋអាមេរិកមិនមែនគិតតែដើរធ្វើសង្រ្គាមនោះទេ តែគឺដើម្បីការពារសហរដ្ឋអាមេរិក។ ប៉ុន្តែបើចាំបាច់ ត្រូវតែធ្វើសង្រ្គាមដោយចៀសមិនរួច សហរដ្ឋអាមេរិកមានកងទ័ព៤ផ្នែកធំៗ»។

* តើលោក ត្រាំ មានអំណាចប្ដូរឈ្មោះក្រសួងឬ?

នៅមុនការប្រកាសរបស់សេតវិមានរបស់លោក ត្រាំ លោក Jamal Greene ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Columbia Law School បាននិយាយថាវាមិនប្រាកដនោះទេថាប្រធានាធិបតី អាចប្ដូរឈ្មោះក្រសួងដោយឯកតោភាគី។ ពីព្រោះថាច្បាប់តាក់តែងដោយសភាទាំង២របស់សហរដ្ឋអាមេរិកបានបង្កើតក្រសួងការពារជាតិ និងតំណែងជារដ្ឋមន្ត្រីការពារជាតិ ដូច្នេះវាមិនច្បាស់នោះទេថាតើការប្ដូរ ឈ្មោះក្រសួងរបស់លោក ត្រាំអាចចូលជាធរមានភ្លាមៗឬក៏យ៉ាងណា? ក្នុងការកត់សម្គាល់របស់លោកកាលពីខែសីហាអំំពីការប្ដូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្រ្គាម លោក ត្រាំ បាននិយាយថា លោកផ្ទាល់ជឿថាសភានឹងអនុម័តយល់ព្រមលើការប្ដូរឈ្មោះក្រសួងការពារជាតិ។ ជាការពិតណាស់ ប្រធានាធិបតីអាមេរិកមានអំណាចពិសេសចេញបញ្ជាឱ្យផ្លាស់ប្ដូរឈ្មោះទីតាំងភូមិសាស្ត្រដែលត្រូវបានក្នុង សហរដ្ឋអាមេរិក។ កាលពីខែមករា លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយបង្គាប់រដ្ឋាភិបាលសហព័ន្ធប្ដូរឈ្មោះ «ឈូងសមុទ្រម៉ិកស៉ិក» ទៅជា «ឈូងសមុទ្រអាមេរិក» ដោយនិយាយដូចគ្នាថា ឈ្មោះនេះពិរោះស្ដាប់។ ក្រុមអ្នកជំនាញយល់ថាការផ្លាស់ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិកបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យពិបាកក្នុងការជំទាស់ ពីព្រោះបើពួកគេជំទាស់វាហាក់ដូចជា ពួកគេមិនស្នេហាជាតិទាល់តែសោះ។

គួរបញ្ជាក់ថាតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ឈ្មោះក្រសួងសង្រ្គាមគឺសមស្របនឹងស្ថានការណ៍ពិភពលោកសព្វថ្ងៃ ក៏ដូចជាបញ្ជាក់ពីការការពារ សន្តិភាពតាមរយៈអំណាច បង្ហាញសមត្ថភាព និងឆន្ទៈរបស់សហរដ្ឋអាមេរិកដើម្បីប្រយុទ្ធ និងឈ្នះក្នុងសង្រ្គាម មិនមែនត្រូវតែផ្ដោតទៅលើការការពារ ខ្លួនតែប៉ុណ្ណោះទេ៕

Comments