សម្ដេច ហ៊ុន សែន ប្រាប់ទៅភាគីថៃថា «បើយើងល្អ មិនត្រូវខ្លាចតុលាការទេ»

tikchhang

ភ្នំពេញ៖ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនចាំបាច់ប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយជម្លោះឡើយ។ បើភាគីថៃចង់ដោះស្រាយបញ្ចប់បញ្ហានេះ គួរតែដឹកដៃគ្នាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសចេញពីសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី១៦ មិថុនា។

សម្ដេច ហ៊ុន សែន ចាត់ទុកការយកបញ្ហាជម្លោះព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាជម្រើសល្អបំផុត។ អតីតនាយករដ្ឋមន្រ្តី ដែលមានបទពិសោធនដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ជាច្រើនលើកច្រើនសារមកនេះ បានផ្ញើសារផ្ដាំទៅកាន់ភាគីថៃថា កុំខ្លាចតុលាការយុត្តិធម៌អន្តរជាតិ បើសិនជាថៃពិតជាល្អត្រឹមត្រូវមែន។


«បើយើងល្អ មិនត្រូវខ្លាចតុលាការទេ»។ ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រលយសម្តីបែបនេះ ទៅកាន់ភាគីថៃ។ សម្រាប់សម្ដេច ហ៊ុន សែន ការដោះស្រាយដោយសន្តិវិធីតាមផ្លូវទ្វេភាគី និងតុលាការយុត្តិធម៌អន្តរជាតិ ជាជម្រើសត្រឹមត្រូវ។ «នៅពេលតុលាការកាត់ក្តីហើយ យើងទទួលការគោរពសាលដីការតុលាការនេះ ហើយយើងអាចពន្យល់ទៅពលរដ្ឋថា តុលាការសម្រេចក្តីនៅចំណុចនេះ គឺបែបនេះ ដោយវាមិនចាំបាច់មានសង្គ្រាមទេ»។ សម្ដេច បន្ថែមថា ការគេចវេះពីប្រព័ន្ធតុលាការ មានន័យថា ខ្លួនមានពិរុទ្ធភាព ហើយមានតែចោរទេ ដែលខ្លាចតុលាការ។


ទន្ទឹមនេះសម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជា មិនទទួលស្គាល់ផែនទីណា ក្រៅពីផែនទីដែលមានចែងនៅក្នុងអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឡើយ។


កន្លងមក កម្ពុជា-ថៃ ធ្លាប់បានឯកភាពគ្នា ដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទី ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០ ។ ក្នុងអនុស្សរណៈនេះ ភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន។ 


ប៉ុន្តែជាក់ស្ដែង នៅក្នុងការអនុវត្តការងារដោះស្រាយបញ្ហាព្រំដែន នាពេលបច្ចុប្បន្ននេះវិញ ភាគីថៃ បានយកផែនទីគូសវាសដោយឯកតោភាគីដោយខ្លួនឯង យកមកជជែកជាមួយកម្ពុជាទៅវិញ។ ដោយសារទង្វើបែបនេះ ទើបធ្វើឱ្យការដោះស្រាយបញ្ហាព្រំដែនរវាងភាគីទាំងពីរ មិនទាន់ចប់ដាច់ស្រេច។ បើសិនជាថៃនៅតែបន្តអនុវត្តទង្វើបែបនេះ នោះនឹងអាចផ្ទុះអាវុធ ឬឈានទៅដល់សង្គ្រាមជាក់ជាមិនខាន។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។


ដើម្បីកុំឱ្យវិវាទព្រំដែន ក្លាយទៅជាសង្គ្រាមនោះ ប្រធានព្រឹទ្ធសភាកម្ពុជា នៅតែលើកម្ដងហើយម្ដងទៀត ទៅកាន់ភាគីថៃថា បើថៃយល់ថាខ្លួនល្អត្រឹមត្រូវហើយ គួរតែឡើងតុលាការ ICJ។ សម្ដេច បានបន្ថែមថា «យើងកុំខ្លាច បើយើងមានភាពសុចរិតគ្រប់គ្រាន់ អ្នកដែលមិនហ៊ានទៅតុលាការទេ គឺជាអ្នកដែលខ្លាច»។


កាលពីថ្ងៃទី១៥ មិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់លិខិតផ្លូវការ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងមានជម្លោះជាមួយភាគីថៃ។ លិខិតផ្លូវការនេះ នឹងត្រូវប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ តាមរយៈស្ថានឯកអគ្គរដ្ឋទូតកម្ពុជាដែលទទួលខុសត្រូវប្រទេសហូឡង់ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនានេះ៕

Comments