ជប៉ុន ថានៅតែមានបញ្ហាក្នុងការសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកដំណាក់កាលដំបូង

tikchhang

(តូក្យូ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Ryosei Akazawa បាននិយាយថា ជប៉ុនបានយល់ព្រមនឹងសហរដ្ឋអាមេរិក ដើម្បីពន្លឿនការចរចាលើកិច្ចព្រមព្រៀងដំណាក់កាលដំបូង ក្រោមកញ្ចប់វិនិយោគចំនួន ៥៥០ពាន់លានដុល្លារពីជប៉ុន ខណៈដែលនៅមានបញ្ហាមួយចំនួនត្រូវដោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោក Akazawa បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៉ីនតោន យ៉ាងដូច្នេះថា «ដោយសារនៅតែមានចំណុច ដែលជប៉ុន និងសហរដ្ឋអាមេរិក ត្រូវការសម្របសម្រួលបន្ថែមទៀត យើងបានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអភិវឌ្ឍគម្រោងនានា»។

ជប៉ុនស្ថិតក្រោមសម្ពាធ ដើម្បីជំរុញការអនុវត្តកញ្ចប់វិនិយោគ ដែលមានក្នុងកិច្ចព្រមព្រៀងតូក្យូ-វ៉ាស៉ីនតោន ដើម្បីបញ្ចុះអត្រាពន្ធលើការនាំចេញរបស់ជប៉ុន។ នៅពេលត្រូវបានសាកសួរអំពីបញ្ហាដែលត្រូវដោះស្រាយ លោក Akazawa និយាយថា វាត្រូវការពេលវេលាដើម្បីវាយតម្លៃលើរង្វាស់ផ្សេងៗ ដូចជាបញ្ហាអត្រាការប្រាក់ ដែលត្រូវព្យាករណ៍សម្រាប់គម្រោងនីមួយៗ។

តាមលោក Akazawa កិច្ចពិភាក្សាកំពុងត្រូវបានធ្វើឡើង ដោយគិតគូរពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធានាថាវានឹងមានលទ្ធផលផ្លែផ្កា៕

Comments