សាលាក្រុង នឹងផ្អាកចរាចរណ៍ពីគល់ស្ពានព្រែកព្នៅ

tikchhang

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍ចាប់ពីចំណុចគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ ដើម្បីរៀបចំព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ នេះបើយោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២ ខែមិថុនា ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមិថុនា ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅដោយរលូន អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។ នៅពេលផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕

Comments