ប្រទេសរ៉ូម៉ានី អះអាងពីការបំពានដែនអាកាស ដោយដ្រូនរបស់រុស្ស៊ី

tikchhang

(ប៊ុយការ៉េស)៖ រ៉ូម៉ានី បានបញ្ចេញយន្តហោះចម្បាំងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅពេលដែលមានយន្តហោះដ្រូនបំពានចូលដែនអាកាសរបស់ខ្លួន អំឡុងការវាយប្រហារតាមផ្លូវអាកសរបស់រុស្ស៊ីលេីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន នៅជិតព្រំដែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Ionut Mosteanu និយាយថា ពីឡុតយន្តហោះ F-16 បានហោះទៅកៀកដើម្បីត្រៀមបាញ់ទម្លាក់ដ្រូន ខណៈដែលវាហោះចូលមកក្នុងរយៈកម្ពស់ទាបបំផុត មុនពេលចេញពីដែនអាកាសរបស់ខ្លួនឆ្ពោះទៅកាន់អ៊ុយក្រែន។

ក្រសួងការពារជាតិរ៉ូម៉ានី បានឱ្យដឹងថា ខ្លួនបានប្រេីប្រាស់យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង និងក្រោយមកប្រេីយន្តហោះចម្បាំង Euro ពីរគ្រឿងទៀតដែលជាផ្នែកមួយនៃបេសកកម្មប៉ូលិសដែនអាកាសអាល្លឺម៉ង់នៅក្នុងប្រទេសរូម៉ានី ហើយបានប្រាប់ដល់ពលរដ្ឋនៅភាគអាគ្នេយ៍ស្រុក Tulcea ក្បែរទន្លេ Danube និងជាប់ជាមួយព្រំដែនអ៊ុយក្រែន ឱ្យការពារខ្លួន។

ក្រសួងការពារជាតិបានឱ្យដឹងបន្ថែមថា ដ្រូនទាំងនោះត្រូវបានរកឃើញនៅក្នុងដែនអាកាសជាតិ ហេីយពួកគេបានតាមដានរហូតដល់វាបាត់ពីសញ្ញាលេីរ៉ាដាចម្ងាយ ២០គីឡូម៉ែត្រភាគនិរតីនៃភូមិ Chilia Veche។

គួរបញ្ជាក់ថា រ៉ូម៉ានី ដែលជាប្រទេសសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូផងនោះ មានព្រំដែនប្រវែង ៦៥០គីឡូម៉ែត្រជាមួយអ៊ុយក្រែន។ បំណែកដ្រូនរបស់រុស្ស៉ីបានធ្លាក់មកលើទឹកដីរបស់ខ្លួនម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីបេីកការឈ្លានពានលើអ៊ុយក្រែន៕

Comments