(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានព្រមានថា ជំហានរបស់សភាអ៉ីស្រាអែលឆ្ពោះទៅរកការកាត់បញ្ចូលទឹកដីនៅតំបន់ West Bank អាចគំរាមកំហែងដល់ផែនការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនៅហ្កាហ្សា ដែលរហូតមកដល់ពេលនេះ ទើបតែសម្រេចបាននូវបទឈប់បាញ់ដ៏ផុយស្រួយមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក រ៉ូប៊ីអូ បានបញ្ជាក់ថា ទង្វើនេះ «អាចគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាព»។ ដំណើរទស្សនកិច្ចរបស់លោក គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងការរក្សាឱ្យបាននូវបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
បទឈប់បាញ់នេះត្រូវបានរង្គោះរង្គើដោយការប៉ះទង្គិចជាបន្តបន្ទាប់ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក។ នៅយប់ចុងក្រោយនេះ ប្រជាជនបានរាយការណ៍ពីការបាញ់ប្រហារ និងការបាញ់ផ្លោងឥតឈប់ឈរនៅភាគខាងកើតតំបន់ ខាន់ យូនីស (Khan Younis)។
គួរបញ្ជាក់ថា សមាជិកនៃក្រុមចម្រុះរបស់លោក Netanyahu បានអំពាវនាវច្រើនឆ្នាំមកហើយ ឱ្យអ៊ីស្រាអែល បញ្ចូលជាផ្លូវការនូវផ្នែកខ្លះនៃតំបន់ West Bank ដោយនិយាយថា វាជាទឹកដីដែលមានទំនាក់ទំនងនឹងប្រវត្តិសាស្ត្រ។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា លោក រ៉ូប៊ីអូ កំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីគាំទ្រការអនុវត្តផែនការ ២០ចំណុចរបស់លោក ត្រាំ។ ផែនការនេះមានគោលបំណងបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការកសាងឡើងវិញ ព្រមទាំងអភិបាលកិច្ចប្រកបដោយស្ថិរភាព និងជំហានដែលអាចទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន៕


