(ហ្សាការតា)៖ មន្ត្រីឥណ្ឌូណេស៊ីបានលើកឡើងថា ហេតុការណ៍ផ្ទុះជាច្រើនលើកនៅវិហារឥស្លាមមួយក្នុងរាជធានីហ្សាការតា ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសអំឡុងពេលថ្វាយបង្គំថ្ងៃសុក្រ អាចជាការវាយប្រហារ ខណៈសិស្សសាលាអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនសង្ស័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នគរបាលបានបញ្ជាក់ថាមនុស្សចំនួន ៥៥នាក់ កំពុងស្ថិតនៅមន្ទីរពេទ្យដោយរងរបួសចាប់ពីស្រាលរហូតដល់ធ្ងន់ធ្ងរ រួមទាំងការរលាកផងដែរ បន្ទាប់ពីហេតុការណ៍ផ្ទុះនៅវិហារឥស្លាមនៅខាងក្នុងបរិវេណសាលាមួយកន្លែងនៅក្នុងតំបន់ Kelapa Gading។ អគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី លោក Listyo Sigit Prabowo បានឱ្យដឹងថា ជនសង្ស័យគឺជាសិស្សសាលាម្នាក់នៅសាលានៅជាប់គ្នានោះ ហើយការស៊ើបអង្កេតកំពុងបន្តធ្វើទៅលើប្រវត្តិ និងមូលហេតុរបស់ជនសង្ស័យ។
សាក្សីម្នាក់ដែលកំពុងធ្វើការនៅអាហារដ្ឋានរបស់សាលា បានរៀបរាប់ថា «ពួកយើងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសំឡេងនោះ វាខ្លាំងសម្បើមណាស់...យើងមិនអាចដកដង្ហើមបាន ហើយពួកយើងបានរត់ចេញមកក្រៅ»។
គួរបញ្ជាក់ថាឥណ្ឌូណេស៊ីមានប្រវត្តិវាយប្រហារលើព្រះវិហារ និងគោលដៅរបស់បស្ចិមលោក ប៉ុន្តែមិនមែនលើវិហារឥស្លាមនោះទេ។ សកម្មភាពរបស់ក្រុមជ្រុលនិយមត្រូវបានបង្ក្រាបស្ទើរតែទាំងស្រុងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យហេតុការណ៍នេះក្លាយជារឿងដ៏គួរភ្ញាក់ផ្អើលមួយ។ នគរបាលប្រដាប់អាវុធបានបិទហ៊ុមព័ទ្ធបរិវេណនោះ ខណៈក្រុមនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រកំពុងត្រួតពិនិត្យភស្តុតាងនៅកន្លែងកើតហេតុ៕




