ក្រៅពីស្លាប់១០៩នាក់ ចំនួនអ្នកបាត់ខ្លួនកើនលើស១៨០នាក់ បន្ទាប់ពីរដ្ឋ Texas របស់អាមេរិក

tikchhang

(តិចសាស់)៖ បន្ទាប់ពីរដ្ឋ Texas របស់សហរដ្ឋអាមេរិក បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ មនុស្សយ៉ាងហោច១០៩នាក់ បានស្លាប់ ក្នុងនោះជាច្រើននាក់គឺជាកុមារ ហើយទន្ទឹមគ្នា មនុស្សកើនដល់ជាង១៨០នាក់ផ្សេងទៀត ក៏នៅបន្តបាត់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥។

អភិបាលរដ្ឋ Texas លោក Gregg Abbott បានបង្ហាញតួលេខឱ្យឃើញថា អាជ្ញាធរកំពុងបន្តតាមស្វែងរក មនុស្សជាង១៨០នាក់ ដែលនៅមិនទាន់ត្រូវបានដឹងថា មានវាសនាទៅជាយ៉ាងណា បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តអាមេរិក បានកើតឡើងកាលពី៥ថ្ងៃមុន។

គួរបញ្ជាក់ថា ភាគច្រើននៃអ្នកបាត់បង់ជីវិត និងការផ្តោតប្រតិបត្តិការរុករកជនរងគ្រោះបន្ថែម គឺស្ថិតនៅតំបន់ Kerr County និងក្រុង Kerrville ដែលជាក្រុងមួយមានមនុស្សរស់នៅប្រមាណ ២៥ ០០០នាក់ ហើយប្រែក្លាយជាតំបន់គ្រោះមហន្តរាយ នៅពេលភ្លៀងធ្លាក់ខ្លាំងជាងការព្យាករ បានវាយប្រហារតំបន់នោះ កាលពីយប់រំលងអធ្រាត្រថ្ងៃសុក្រសប្តាហ៍មុន ហើយបណ្តាលឱ្យ​ជន់លិចទន្លេ Guadalupe យ៉ាងឆាប់រហ័ស។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ សាកសពជនរងគ្រោះសរុប៩៤នាក់ ក្នុងនោះ១ភាគ៣ ជាកុមារ ត្រូវបានរកឃើញនៅតំបន់ Kerr County៕

Comments