ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសើរទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីចិន។ ប៉ុន្តែលោក ត្រាំ ក៏បានត្អូញត្អែរថាពិបាកឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយលោក ស៊ី ជិនភីង។
«ខ្ញុំចូលចិត្តប្រធានាធិបតី ស៊ី របស់ចិនខ្លាំងណាស់ ហើយតែងតែមានឆន្ទៈ ប៉ុន្តែគាត់គឺជាបុរសតឹងតែង និងពិបាកសម្រេចកិច្ចព្រមព្រៀងជាមួយជាទីបំផុត»។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ Truth Social នៅថ្ងៃទី ៤ ខែមិថុនា។
ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានអះអាងថា មេដឹកនាំអាម៉េរិក និងចិនអាចនិយាយគ្នាតាមទូរស័ព្ទក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធគយ និងបញ្ហាពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការហៅទូរស័ព្ទរវាងលោកប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ស៊ី អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី ៣ ខែមិថុនាថា ទីក្រុងប៉េកាំង«មិនមានព័ត៌មានដើម្បីផ្តល់ឱ្យទេ»។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅប្រទេសចិន លោក David Perdue នៅថ្ងៃទី ៣ ខែមិថុនាថា «វិធានការអវិជ្ជមានជាច្រើន» ថ្មីៗរបស់រដ្ឋបាល ត្រាំ គឺផ្អែកលើ «លេសគ្មានមូលដ្ឋាន» ហើយបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន។ លោក វ៉ាង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ធ្វើការរួមគ្នាដើម្បីដាក់ទំនាក់ទំនងទ្វេភាគីឡើងវិញនៅលើ«ផ្លូវដ៏ត្រឹមត្រូវ»។
បើតាមក្រសួងការបរទេសចិន ឯកអគ្គរដ្ឋទូត Perdue បានសង្កត់ធ្ងន់អំឡុងកិច្ចប្រជុំថា លោកប្រធានាធិបតី ត្រាំ មានការគោរពយ៉ាងខ្លាំងចំពោះលោក ស៊ី ។
មេដឹកនាំអាម៉េរិក និងចិន មិនបាននិយាយគ្នាតាមទូរស័ព្ទទេ ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចជាថ្មី បើទោះបីជាប្រធានាធិបតីរូបនេះបានលើកឡើងម្តងហើយម្តងទៀតថា លោកនឹងនិយាយជាមួយលោក ស៊ី ឆាប់ៗ។ ប្រធានាធិបតីអាម៉េរិកបានលាតត្រដាងថា ប្រធានាធិបតីចិនបានទូរស័ព្ទទៅលោកកាលពីខែមេសា ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធថា មិនមានព្រឹត្តិការណ៍បែបនេះកើតឡើងទេ។
ភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបានបន្តកើនឡើងចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង។ កាលពីខែមេសា អាម៉េរិកបានដាក់ពន្ធនាំចូលសរុបចំនួន ១៤៥ភាគរយលើទំនិញរបស់ចិន។ ទីក្រុងប៉េកាំងបានសងសឹកជាមួយនឹងពន្ធ ១២៥ភាគរយ។
បន្ទាប់ពីចរចា ២ ថ្ងៃនៅស្វ៊ីសកាលពីដើមខែឧសភា មន្ត្រីនៃប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយពន្ធនាំចូលរយៈពេល ៩០ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការចរចាបន្ថែមទៀត។
យ៉ាងណាមិញ លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់អាម៉េរិកផ្សេងទៀតកាលពីសប្តាហ៍មុន បានចោទប្រកាន់ ចិនថាបានរំលោភលើកិច្ចព្រមព្រៀងក្នុងការពន្យារពេលពន្ធ។ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយហៅការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនថា«គ្មានមូលដ្ឋានច្បាស់លាស់»៕


